នយោបាយ

មេធាវី៖សំណុំរឿងមេសហជីព ៦រូប នឹងប្រកាសនៅថ្ងៃ១១ ធ្នូ លោកសង្ឃឹមថា តុលាការនឹងទម្លាក់បទចោទប្រកាន់

ភ្នំពេញ៖ មេធាវីការពារក្តីឲ្យមេដឹកនាំ សហជីពទាំង ៦រូប បានថ្លែងថា សំណុំរឿងពាក់ព័ន្ធបណ្តឹង នានានៅតុលាការ នឹងប្រកាសសាលក្រមនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ហើយលោកបានបង្ហាញក្តីសង្ឃឹមថា តុលាការនឹងទំលាក់បទ ចោទប្រកាន់ទាំងអស់ ។

លោកមេធាវីដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ដើមអម្ពិលថា នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនាមជាមេធាវីការពារក្តី លោកបានទៅឆ្លើយបំភ្លឺជំនួស កូនក្តីរបស់លោក ចាប់ពីម៉ោង៩-១១ព្រឹក ដោយក្នុងសវនាការនោះ បានសួរអំពីករណីកើត នូវបាតុកម្មចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៤។

ក្នុងអំឡុងមហាបាតុកម្ម ដែលដឹកនាំដោយ អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ក្រោយការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣ ដោយសារពេលនោះអតីត មេបក្សប្រឆាំងមិនយល់ព្រមទៅ នឹងលទ្ធផលបោះឆ្នោត ក៏នាំឲ្យមានការតវ៉ាស្ទើរ តែនៅទូទាំងប្រទេស ប៉ុន្តែទីតាំងកើតហេតុខ្លាំងជាងគេ គឺនៅចំណុចផ្លូវវ៉េងស្រេង។ ពេលនោះបានធ្វើឲ្យមានអ្នកស្លាប់ ៤នាក់ និងរងរបួសជាច្រើននាក់ផ្សេងទៀត។

មេធាវីបានបង្ហាញការ ជឿជាក់យ៉ាងមុតមាំថា តុលាការនឹងផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ ព្រោះពួកគាត់មិនបានប្រព្រឹត្ត និងជាប់ពាក់ព័ន្ធទៅនឹង បាតុកម្មកើតឡើងកាលពី អំឡុងចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ទេ។

លោកបន្តថា “ម្យ៉ាងទៀតតាមប្រសាសន៍ របស់សម្តេចតេជោថា ឲ្យបញ្ចប់រឿងហ្នឹង ហើយដើម្បីកុំឲ្យវែងឆ្ងាយ តុលាការនឹងពិចារណាឲ្យពួកគាត់ រួចផុតពីការចោទប្រកាន់”។

មេសហជីពទាំង៦នាក់នោះរួមមាន៖ លោក អាត់ ធន , លោក ជា មុន្នី , លោក រ៉ុង ឈុន , លោក ប៉ាវ ស៊ីណា , លោកស្រី ម៉ម ញឹម និងលោកស្រីយ៉ាង សុភ័ណ្ឌ។

សូមបញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យភាគីពាក់ព័ន្ធ ពិនិត្យសំណុំរឿងមេសហជីព ដើម្បីបញ្ចប់បញ្ហាជាប់បណ្តឹង នៅតុលាការឲ្យបាន មុនឆ្នាំ២០១៨។

ក្នុងពិធីសំណេះសំណាល ជាមួយកម្មករ កាលពីថ្ងៃទី២៨ វិច្ឆិកា សម្ដេចតេជោ បានថ្លែងថា មេសហជីពខ្លះកំពុងធ្វើការៗ តែបែរទៅជានៅក្រោមឥទ្ធិពល នៃពាក្យបណ្ដឹងនេះជារឿងមិនល្អទេ ចំពោះលំហរសេរីភាព នៃការធ្វើការរបស់សហជីព ក្នុងពេលដែលពួកគាត់មិនទាន់ ទទួលបានសិទ្ធិពេញលេញនៅឡើយ ដូច្នេះក្រសួងការងារ ត្រូវសហការ ជាមួយក្រសួងយុត្តិធម៌ ដោះស្រាយបញ្ហានេះ ៕

Facebook Comments

To Top