នយោបាយ

ប្រធានព្រឹទ្ធសភា ស្នើទូតខ្មែរ ប្រចាំពីរប្រទេសពន្យល់ សភាពការណ៍ ពិតនៅកម្ពុជា

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានស្នើដល់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ដែលត្រូវបំពេញការងារ នៅប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល បង្ហាញអំពីសភាពការណ៍ពិតនៅកម្ពុជាដល់ថ្នាក់ដឹកនាំទាំងពីរប្រទេស ដើម្បីទាក់ទាញឲ្យគាំទ្រកម្ពុជា ទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច។

ក្នុងឱកាសជួបសម្តែងការគួរសម និងទទួលអនុសាសន៍មុនពេលបំពេញបេសកកម្មការទូតនៅអេហ្ស៊ីប និងអ៊ីស្រាអែល នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ប្រធានព្រឹទ្ធសភា បានអបអរសាទរ ចំពោះលោក ឃួន ផុនរតនៈដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល។

សម្តេចបានផ្តាំផ្ញើ លោកត្រូវយកចិត្តទុកដាក់ ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឲ្យបានល្អ ដើម្បីផលប្រយោជន៍ទៅវិញ ទៅមករវាងកម្ពុជាជាមួយអេហ្ស៊ីប និងអ៊ីស្រាអែល ។

សម្តេចបញ្ជាក់ថា “ដើម្បីសម្រេចបំណងនេះ ត្រូវយកចិត្តទុកដាក់ទំនាក់ទំនងល្អជា មួយបណ្តាស្ថាប័ន និងជាមួយប្រជាជន នៃប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែលឲ្យបានល្អប្រសើរ។ បន្ថែមលើនេះ ត្រូវឲ្យគេយល់អំពីសភាពការណ៍ពិតនៅប្រទេសកម្ពុជា ដើម្បីទាក់ទាញឲ្យគេគាំទ្រ ប្រទេសកម្ពុជា ទាំងខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច”។

សម្តេច សាយ ឈុំ បន្តថា ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័ស ចំពោះសភាពការណ៍នយោបាយ ក្រៅប្រទេសពាក់ព័ន្ធកម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញអ្នកវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជាឲ្យកាន់តែច្រើន។

ជំនួបនោះ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី ប្រចាំនៅអេហ្ស៊ីប និងអ៊ីស្រាអែល បានប្តេជ្ញា នៅចំពោះមុខប្រធានព្រឹទ្ធសភាថា នឹងខិតខំបំពេញភារកិច្ចជាតំណាងឲ្យកម្ពុជា នៅលើឆាកអន្តរជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកបានសន្យាថា នឹងខិតខំអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រធានព្រឹទ្ធសភា និងខិតខំថែរក្សាផ្សព្វផ្សាយ នូវកិត្យានុភាពប្រទេស ជាតិ ពង្រឹងពង្រីកទំនាក់ទំនង សហប្រតិបត្តិការជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេសផ្សេងៗទៀត ដើម្បីខិតខំទាក់ទាញអ្នកវិនិយោគិន និងអ្នកទេសចរឲ្យមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត៕

ដោយ ស សំណាង

Facebook Comments

To Top