នយោបាយ

នាយករដ្ឋមន្រ្តីកម្ពុជាសង្ឃឹមថា នឹងបញ្ចប់ពាក្យចចាមអារ៉ាមដ៏អាក្រក់ថា កម្ពុជាអនុញ្ញាត ឲ្យមានមូលដ្ឋានទ័ពបរទេស

ភ្នំពេញ៖ ក្រោយពីប្រព័ន្ធផ្សព្វផ្សាយបរទេស ផ្សាយអំពីកម្ពុជានឹងអនុញ្ញាត ឲ្យមានការបោះមូលដ្ឋាន យោធាបរទេស នៅខេត្តកោះកុង ក្នុងទឹកដីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងប្រាប់ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ្វុកថា កម្ពុជាមិនអនុញ្ញាត ឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីខ្មែរ ហើយសម្តេចសង្ឃឹមថា ព័ត៌មានដ៏អាក្រក់ ដែលបានជះឥទ្ធិពលមកកម្ពុជា នឹងបញ្ចប់ទៅវិញក្នុងពេលឆាប់ៗនេះ។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចតេជោ បានមានប្រសាសន៍ថា ក្នុងរយៈពេលប្រមាណជាង១ខែនេះ មានការឃោសនាជាច្រើន អំពីការត្រៀមរៀបចំ ដើម្បីកសាងមូលដ្ឋានយោធាបរទេសនៅកម្ពុជា ប៉ុន្តែសម្ដេចបានប្រាប់ទៅ នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូវៀតណាមថា ព័ត៌មានទាំងនេះ គឺមិនពិត ហើយជាការកុហក និងបំផ្លិចបំផ្លាញ ។

សម្ដេចតេជោបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ជូន នៅទីនេះបន្ថែមថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋាន កងទ័ពបរទេសនៅកម្ពុជានោះទេ ហើយក៏មិនអនុញ្ញាត ឲ្យកងទ័ពកម្ពុជាចេញទៅក្រៅប្រទេស ក្រៅក្របខណ្ ឌអង្គការសហប្រជាជាតិដែរ ។ ចំណុចនេះវាមិនមែន គ្រាន់តែជាបញ្ហាដាច់ដោយឡែក របស់កម្ពុជាទេ តែវាអាច នឹងក្លាយទៅជាកង្វល់ នៃបណ្ដាប្រទេសជិតខាង រួមទាំងប្រទេសក្នុងតំបន់ផងដែរ ប្រសិនបើការឃោសនានេះ វានឹងបន្តតទៅទៀត ហើយខ្ញុំសង្ឃឹមថា នឹងបញ្ចប់នូវពាក្យចរចាមអារ៉ាម ដ៏អាក្រក់មួយនេះសម្រាប់កម្ពុជា” ។

សូមរំលឹកថា កាលពីថ្មីៗនេះ មានព័ត៌មានបរទេសឈ្មោះ Asia Times បានផ្សព្វផ្សាយ មុនកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣ នៅប្រទេសសិង្ហបុរី កាលពីដើមខែវិច្ឆិកាថា “អនុប្រធានាធិបតីអាមេរិក លោក Mike Pence នឹងលើកឡើង អំពីបញ្ហាមូលដ្ឋាន កងទ័ពជើងទឹកចិន ដែលកំពុងរីកចម្រើននៅកម្ពុជា នៅឯកិច្ចប្រជុំកំពូលស្ថិត នៅសិង្ហបុរី សម្រាប់កិច្ចប្រជុំកំពូល នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ដែលអាចដាក់ រាជធានីភ្នំពេញជាបេះដូងកម្ពុជា នៃការកើនឡើង នៃភាពតានតឹង រវាងមហាអំណាចពិភពលោក” ។

សារព័ត៌មានខាងលើបន្តថា ប្រទេសដទៃមានបំណង ប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានយោធាសំចតនាវាចម្បាំង ហើយកម្ពុជាកំពុងស្ថិតនៅចំណុចកណ្ដាល នៃសង្គ្រាមត្រជាក់ រវាងចិន-អាមេរិក ៕ ដោយ៖ ខា ដា

Facebook Comments

To Top