ព័ត៌មានជាតិ

ទស្សនៈនិងមតិ៖ ពលរដ្ឋខ្មែរ គួរ មានផែនការ ទេសចរណ៍ ទុកជាមុន និងប្រើប្រាស់ បណ្តាញសង្គម ឲ្យមានប្រសិទ្ធភាពជាងមុន!!! (មានវីដេអូ)

ភ្នំពេញ៖ ពេលនេះ មិនដូចពេលមុន ពេលមុន មិនដូចពេលនេះ” គឺជាប្រធានបទមួយថ្មី ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សូមលើកយកមកធ្វើជា ចំណាប់អារម្មណ៍ សម្រាប់មិត្តអ្នកអាន ជាទស្សនទាន និងការពិចារណា។

អស់រយៈពេល ជាង៣០ ឆ្នាំហើយ ដែលប្រទេសកម្ពុជា បានប្រកាន់យករបបសេដ្ឋកិច្ចទីផ្សារសេរី “Free Market economy” ពោលតាំងពី ចុងទសវត្សរ៍ ឆ្នាំ៨០ មកម្ល៉េះ។

ជាមួយគ្នានេះ អ្នកប្រើប្រាស់អ៊ីនធើណែត មានចំនួន ១២លាននាក់ គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០១៨នេះ។ នេះបើ តាមការលើក ឡើងរបស់លោក អឹុម វុត្ថា អ្នកនាំពាក្យ និយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានប្រាប់កាសែត ខ្មែរថែមស៍ កាលពីពេលកន្លងទៅថា គ្រាន់តែអ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក មានរហូតដល់ទៅ ៦,៨លាននាក់ ហើយចំនួននេះ គ្របដណ្តប់ដល់ទៅ ៦៩ភាគរយ នៃគណនីដែលប្រើប្រាស់ បណ្តាញសង្គមសរុប នៅក្នុងប្រទេស កម្ពុជា។

តាមរយៈតួលេខនេះ​ យើងអាចសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ មានការយល់ដឹងគួរសម ទៅការប្រើប្រាស់ បណ្តាញសង្គម ប៉ុន្តែនៅត្រង់ថា តើគាត់ប្រើប្រាស់វា ដើម្បីការកម្សាន្ត​ រឺក៏ដើម្បីបង្កើនចំណេះដឹង រឺដើម្បីអ្វី តែប៉ុណ្ណោះ។

អ្នកជំនាញទេសចរ ដ៏មានបទពិសោធន៍ បានលើកឡើងនូវការទស្សនៈទានខ្លះៗ ដើម្បីបងប្អូនខ្មែរយើង យកទៅពិចារណា និងចាប់ផ្តើមធ្វើ សម្រាប់ជាប្រយោជន៍រស់នៅ ក្នុងជីវភាពរបស់គាត់ តាមលទ្ធភាព ដែលអាចធ្វើទៅបាន។ អ្នកជំនាញការីទេសចរទាំងនោះ បានអំពាវនាវឲ្យពលរដ្ឋខ្មែរ ចេះប្រើប្រាស់បណ្តាញសង្គម ដើម្បីជាប្រយោជន៍ សម្រាប់ការស្នាក់នៅសណ្ឋាគារ រឺផ្ទះសំណាក់ ព្រមទាំងម្ហូបអាហារ ជាមួយនឹងតម្លៃសមរម្យ អាចទទួលយកបាន។

លោក ហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា “សូមបងប្អូនប្រជាពលរដ្ឋ ស្វែងស្រាវជ្រាវ រឺទំនាក់ទំនងទៅកាន់ ក្រុមហ៊ុនរឺ ទីភ្នាក់ងារទេសចរណ៍ ដែលជាការីទេសចរណ៍ ដើម្បីឲ្យស្រាវជ្រាវ ជូនបងប្អូនវិញ”។

បន្ថែមលើសពីនេះ លោក ហូ វណ្ឌី ដែលជាម្ចាស់ទីភ្នាក់ងារទេសចរណ៍ World Express Tour& Travel បានបង្ហើបផងដែរថា “ធ្វើអ្វី (ដំណើរកម្សាន្ត) សូមឲ្យមានផែនការ។ កន្លែងហ្នឹងហើយដែរ ដែលគាត់មិន ខាតបង់ទាំង ពេលវេលា និងមិនខាតបង់ចិត្ត”។ “បើអ្វីអត់មានផែនការ គឺទី១ខាតពេលវេលា ទី២គាត់ទៅហើយ គាត់រកទិញអត់បាន ហើយគាត់ទៅចោទគេថា កំពង់សោម (ក្រុងព្រះសីហនុ) អត់មានកន្លែងគេង អាហ្នឹងក៏អត់កើតដែរ។ មិនថាតែនៅកំពង់សោមទេ កន្លែងផ្សេងៗ ក៏ដូចគ្នាដែរ”។

ដោយបន្ទរតាមទស្សនៈខាងលើ អ្នកស្រី Jenny Sok អ្នកចាត់ការទូទៅក្រុមហ៊ុនសណ្ឋាគារ និងភោជនីយដ្ឋាន Silk Group ក៏បានផ្តល់ជាទស្សនៈទានល្អៗ ដើម្បីជាប្រយោជន៍ដល់អ្នកប្រើប្រាស់ ជាជនរួមជាតិខ្មែរ ផងដែរថា ៖សូមបងប្អូនយើងមុននឹងធ្វើដំណើរកម្សាន្តទៅខេត្តណា នីមួយៗ នៅពេលបុណ្យទាន រឺវិស្សមកាលណាមួយ ដូចជាឆ្លងឆ្នាំជាដើម ជាពិសេសhigh season (ខែដើរលេង) គាត់គួរតែតេកក់បន្ទប់មុន វាប្រសើរជាងមកដល់ last minute(នាទីចុងក្រោយ)”។

ដោយមានបទពិសោធន៍ លើកិច្ចសណ្ឋាគារ អស់រយៈកាល​ ជាង១០ឆ្នាំផងនោះ អ្នកស្រី Jenny Sok បន្តថា ប្រសិនបើប្រជាពលរដ្ឋខ្មែរ អាចធ្វើដូច្នោះ បានកាន់តែប្រសើរ ទាំងខ្លួនគាត់ផ្ទាល់ និងសណ្ឋាគារផងដែរ។ “មកដល់ដឹងតែមានបន្ទប់គេង នៅសណ្ឋាគារតែម្តង ដោយមិនចាំបាច់ជិះឆ្វែលរកសណ្ឋាគារនោះទេ ហើយនៅរដូវបុណ្យទាន​បន្ទប់អូតែល​ មិនងាយរកទេ!”។

ដោយលើកឧទាហរណ៍ជាក់ស្តែង នៅខេត្តព្រះសីហនុ អ្នកចាត់ការរូបនេះ ស្នើសុំនិងសូមចិត្ត ប្រជាពលរដ្ឋពលរដ្ឋ ខ្មែរ ឲ្យចេះចាប់ផ្តើមស្វែងយល់ ការកក់បន្ទប់ (booking) តាមអ៊ីនធឺណែត ជាមុន ដែលអាចស្វែងរកតម្លៃមួយសមរម្យ។ “តាមធម្មតា កាលបើយើង កក់មុន គឺតម្លៃធូថ្លៃជាង យើងទៅដល់ទិញបន្ទប់តែម្តង ប្រាកដណាស់ គឺតម្លៃច្បាស់ជាខុសគ្នា​”។

តាមធម្មតាម្ចាស់សណ្ឋាគារ បានរកដៃគូ ជាទីភ្នាក់ងារទេសចរណ៍ រឺការីទេសចរណ៍ និងonline (លក់បន្ទប់ សណ្ឋាគារ រឺផ្ទះសំណាក់ ) រឺកញ្ចប់ទស្សនកិច្ច (tour pakage) ដើម្បីលក់ដុំ។ ដូច្នេះ សូមបងប្អូនយើង ចេះប្រើប្រាស់ឧបករណ៍ទូរស័ព្ទឆ្លាតវៃ (smart phones) រឺឧបករណ៍ឆ្លាតវៃដទៃទៀត (tabets) និងកុំព្យូទ័រ ទៅរករបស់របរដែលមាន តម្លៃសមរម្យ ជាជាងការប្រើប្រាស់ណាមួយ ដែលអត់ប្រយោជន៍ និងខាតពេលវេលា។

សូមបងប្អូន ចងចាំ តាមទស្សនៈទីផ្សារ​ ដែលគេតែងតែនិយាយថា “តម្រូវការខ្ពស់ ការផ្គត់ផ្គង់តិច នាំឲ្យតម្លៃខ្ពស់”។

យើងសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ នឹងបន្តបើកគំនិតនិងទស្សនៈ ឲ្យទូលាយ ដើម្បីទទួលយកនូវអ្វី ដែលកំពុងកើតមាន នៅក្នុងយុគសម័យ សាកលភាវូបនីកម្ម​ ឲ្យបានកាត់តែច្រើនថែមទៀត។ ដើរមិនទាន់តែត្រូវតែដើរឲ្យទាន់ ដើរមិន ទាន់ត្រូវតែរត់ឲ្យទាន់៕

ដោយៈ សយ សុភា

ភោជនីយដ្ឋាន Art Shadow នៅខេត្តសៀមរាប

សណ្ឋាគារ Model Angkor Resort នៅខេត្តសៀមរាប

ទីភ្នាក់ងារទេសចរណ៍ World Express Tour & Travel

ឈ្មោះwebsites ល្បីៗនៅលើពិភពលោក មានទទួលបម្រើខាងវិស័យទេសចរណ៍ សណ្ឋាគារ ផ្សេងៗ។

Facebook Comments

To Top