ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដល់ទី ក្រុងហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ​ ឆ្នាំ២០១៨​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ កម្ពុជាទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៦ដល់ថ្ងៃទី៨ ខែធ្នូឆ្នាំ២០១៨។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងហាណូយ សម្ដេចតេជោត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតពីលោក Phung Xuan Nha រដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក ប្រាក់ ងួនហុង ឯក អគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ សង្គម និយមវៀតណាម ព្រមទាំងវត្តមានឥស្សរជន ជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម និងឥស្សរជនការទូតរបស់ ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គម និយមវៀតណាម ជាច្រើនរូប។

សម្ដេចតេជោ​បាន បញ្ជាក់​ថាអំឡុងពេលទស្សនកិច្ច នៅប្រទេសវៀតណាមនោះខ្ញុំនឹងជួបជាមួយលោក ង្វៀន ហ្វ៊ូជុង ប្រធានរដ្ឋវៀតណាម និងលោកស្រី ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភាវៀតណាម។ ជាមួយគ្នានោះខ្ញុំនឹងជួបពិភាក្សាទ្វេភាគី លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម ដើម្បីពង្រឹងនូវចំណងទំនាក់ទំនងមិត្តភាព និងពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។ក្រៅពីនេះ ក៏នឹងអញ្ជើញចូលរួមកម្មវិធីកិច្ចសន្ទនាធុរកិច្ច ជាន់ខ្ពស់រវាងកម្ពុជា-វៀតណាម និងទទួលជំនួបសម្តែងការគួរសមរបស់សមាគម មិត្តភាពកម្ពុជា-វៀតណាមផងដែរ ។

សម្ដេចតេជោ​ក៏បានជូនពរ បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួប តែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕ ដោយ:បាន​ ធារ៉ូ

Facebook Comments

To Top