ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៖ វិមានឈ្នះ ឈ្នះនឹងក្លាយជាសារៈមន្ទីរ ដ៏សំខាន់សម្រាប់ ប្រទេសកម្ពុជា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់សំណង់វិមានឈ្នះ ឈ្នះ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបទេស នៃក្រសួងការពារជាតិបានថ្លែងឲ្យដឹងថា វិមានឈ្នះឈ្នះគឺនឹងក្លាយជាសារៈមន្ទីរដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជាខណៈវិមាននេះបង្កប់ដោយអត្ថន័យជ្រាលជ្រៅក្នុងដំណើរស្វែងរកសន្តិភាពយ៉ាងលំបាករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះនៅពីមុខវិមានឈ្នះ ឈ្នះ នាយឧត្តមសេនីយ៍ ណឹមសុវត្ថិបានបញ្ជាក់ថាវិមានឈ្នះឈ្នះនេះគឺបានបង្កប់ដោយ អត្ថន័យធំធេងរបស់សម្តេចតេជោ ហ៊ុន សែនជាពិសេសចាប់តាំងពីសម្តេចបានដាក់ចេញនូវគោល នយោបាយឈ្នះឈ្នះឆ្នាំ១៩៩៨មកហើយវិមាននេះនឹងក្លាយទៅជាសម្បត្តិ សាធារណៈដើម្បីឲ្យក្មេងៗជំនាន់ក្រោយបន្តថែរក្សានិងយល់ដឹងបន្ថែមទៀតនូវប្រវត្តិសាស្រ្តប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិបានបញ្ជាក់ទៀតថា រូបចម្លាក់ ដែលឆ្លាក់ជុំវិញវិមាននេះមានដូចជាសត្វដំរី នាគ ហង្ស គ្រុឌ តោ និងសត្វជាច្រើនទៀតរាប់រយផ្ទាំងគឺសុទ្ធតែឆ្លាក់មានស្លាប តំណាងឲ្យសត្វទេពដូចរូបចម្លាក់នៅព័ទ្ធជុំវិញប្រសាទសំបូរព្រៃគុកផងដែរ។

ជាមួយគ្នានោះនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានបញ្ជាក់ថា រូបចម្លាក់ដែលឆ្លាក់ព័ទ្ធជុំវិញវិមានឈ្នះ ឈ្នះគឺភាគច្រើននិយាយអំពីប្រវត្តិសាស្រ្តកម្ពុជាក្នុងអំឡុងទសវត្សរ៍៨០និង៩០ជា ពិសេសគឺនិយាយអំពីដំណើររបស់សមមិត្តហ៊ុន សែននិងយុទ្ធ មិត្តផ្សេងទៀតដែលបានចាប់ផ្តើមធ្វើដំណើទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើរសុំកម្លាំងភាគីវៀតណាម ជួយរំដោះ ប្រទេស កម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតតែម្តង។

សូមរំលឹកថា វិមានឈ្នះឈ្នះ បានចាប់ផ្តើមសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើផ្ទៃដី ទំហំ៨ហិកតា ស្ថិតសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានឈ្នះឈ្នះ នេះ ជានិមិត្តរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមកនិងដើម្បីរំលឹកដល់គុណូបការៈរបស់ បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) នៃគោលនយោបាយឈ្នះ ឈ្នះ នៅថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ យ៉ាងគគ្រឹកគគ្រេងមិនធ្លាប់មានពីមុនមក៕

ដោយ៖ នឿត សម្ផស្ស

 

Facebook Comments

To Top