នយោបាយ

រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ៖ ពលរដ្ឋពាក់មួកសុវត្ថិភាព មិនជ្រួតជ្រៀបពីច្បាប់ទេ តែខ្លាចប៉ូលិសច្រើនជាង

ភ្នំពេញ ៖ ដោយសារតែ ប្រជាពលរដ្ឋមួយចំនួន មិនព្រមមួកសុវត្ថិភាព ការពារអាយុជីវិត ទើបបច្ចុប្បន្នក្រុមសមត្ថកិច្ចចំរុះ បានដាក់គោលដៅ ជាច្រើនកន្លែង នៅតាមចំណុចសំខាន់ៗ ដើម្បីស្ទាក់ចាប់ពលរដ្ឋណាដែលមិនពាក់មួកសុវត្ថិ ដែលករណីនេះ ត្រូវបានសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ពលរដ្ឋភាគច្រើន ពាក់មួកសុវត្ថិភាព មិនមែនយល់ដឹងពីច្បាប់នោះទេ ប៉ុន្តែពួកគាត់មានភាព ភ័យខ្លាចប៉ូលីសផាកពិន័យទៅវិញទេ។

សម្តេច ស ខេង បានថ្លែងក្នុងសិក្ខាសាលា ស្តីពីកិច្ចសន្ទនាអន្តរជំនឿ ដើម្បីសុខដុមនីយកម្មសាសនា លើកទី៧ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ថា ការបញ្ច្រៀបឲ្យយល់ ដឹងពីគ្រោះថ្នាក់ចរាចរណ៍អនុវត្តបានល្អហើយ ប៉ុន្តែនៅតែមានមនុស្សចំនួន បន្តការល្មើសច្បាប់ដដែល ។

សម្តេចបញ្ជាក់ថា “គ្រាន់តែពាក់មួក បើប៉ូលិសរឹតបន្តឹងបន្តិចទៅ ដូចជាឃើញព្រោងព្រាត យើងធ្វើដំណើរតាមផ្លូវសឹងតែថា ១០០% ដល់ប៉ូលីសបន្ធូរដៃបន្តិចដដែល ដូច្នេះគាត់មិនទាន់ជ្រួតជ្រាប គាត់គិតថា ខ្លាចប៉ូលីសផាកទៅវិញ គាត់មិនគិតពីរឿងអាយុជីវិតគាត់ណា គាត់គិតខ្លាចគេផាក អស់លុយ ទៅជាចឹងវិញទៅ”។

ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ សម្តេចថា មានរឿងជាច្រើនដែលត្រូវដោះស្រាយ ទាំងការបណ្តុះបណ្តាលឲ្យយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍ និងត្រួតពិនិត្យលើរថយន្តធុនធំ ព្រោះភាគច្រើនអ្នកបើកបរពុំមានប័ណ្ណបើកបរ ដោយពេលបើកម្តងៗបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល៩ខែ ឆ្នាំ២០១៨ មានចំនួន ៣៥៣លើក ស្មើ១៣% កាត់បន្ថយចំនួនអ្នកស្លាប់ចំនួន ៤៤នាក់ ស្មើ៣% និងកាត់បន្ថយអ្នករបួស៧៩៥ ស្មើ១៩% បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៧ ៕

Facebook Comments

To Top