ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងថ្វាយគ្រឿងសក្ការបូជា នៅចេតិយ លោកបេអាត រិចឈ្នឺរ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា និងព្រះវររាជមាតាជាតិខ្មែរ ហ្លួងម៉ែ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨បានយាងថ្វាយគ្រឿងសក្ការបូជា នៅចេតិយ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) នៅក្នុងបរិវេណ មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ។

អដ្ឋិធាតុលោកវេជ្ជបណ្ឌិត បេអាត រិចណឺ បានដឹកពីប្រទេសស្វីស មកដល់ខេត្តសៀមរាប កាលពីម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការសូត្រមន្ត គោពវិញ្ញាណក្ខន្ធផងដែរ និងមានការហែចេញ ពីព្រលានយន្តហោះ ទៅកាន់បណ្តាផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប មុនឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាប ទីដែលត្រូវតម្កល់ធាតុរបស់លោក ។

សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត រិចឆ្នឺរ កើតនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៤៧ ហើយបានទទួលអនិច្ចកម្ម នៅវេលាម៉ោង២និង៤៥នាទីព្រឹក នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងទីក្រុងហ្យុយរិក ប្រទេសស្វីស ក្នុងជន្មាយុ៧១ឆ្នាំ។ ការទទួលមរណភាពរបស់លោកនេះ បានធ្វើឲ្យពលរដ្ឋខ្មែរ ទូទាំងប្រទេសសោកស្តាយជាពន់ពេក ចំពោះការបាត់បង់រូបលោក ។ លោក បេអាត រិចឈ្នឺរ ត្រូវបានពលរដ្ឋខ្មែរដាក់រហស្សនាមថា ជាពេទ្យទេវត្តា ដោយសារលោកជាស្ថាបនិកមូលនិធិគន្ធបុបា្ផ ដែលបានកសាង និងដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ជាង២០ឆ្នាំនៅកម្ពុជា៕

Facebook Comments

To Top