ព័ត៌មានជាតិ

ឆ្នាំ២០១៨ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលអំណោយឈាមជាង ៨ម៉ឺនប្លោក ខណៈ១ថ្ងៃ ត្រូវការ២០០ប្លោក

ភ្នំពេញ៖ក្នុងរយៈពេល១២ខែ ឆ្នាំ២០១៨ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានទទួលអំណោយឈាម ចំនួន៨៣៩៨៤ប្លោក កើនឡើងលើសពី១០% បើធៀបនឹងឆ្នាំ២០១៧ ខណៈក្នុងមួយថ្ងៃៗ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ត្រូវការឈាម២០០ប្លោក ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ។

លោក អ៊ូរ សុខលាង មន្ត្រីអប់រំផ្សព្វផ្សាយ រកអ្នកបរិច្ចាគឈាម នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងក្នុងពិធីទឹកចិត្ត មនុស្សធម៌ រួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស សហការដោយមន្ទីរពេទ្យជោរៃភ្នំពេញ នាព្រឹកថ្ងៃទី៦ ធ្នូនេះថា បញ្ហាឈាមមិនមែនជាបញ្ហា របស់ក្រសួងសុខាភិបាល ឬមជ្ឈមណ្ឌលជាតិផ្ដល់ឈាមតែមួយទេ គឺជាបញ្ហាទាំងអស់គ្នា ដូច្នេះពលរដ្ឋ ជាពិសេសមន្ត្រីក្រសួងស្ថាប័នទាំង ចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ។

លោកបញ្ជាក់ថា “លើបញ្ហាឈាមបច្ចុប្បន្ន តម្រូវការឈាមគឺមានច្រើន ដោយក្នុងមួយថ្ងៃត្រូវការឈាម២០០ប្លោក ។ ទោះបីជាក្រុមចល័តរបស់ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ធ្វើការប្រមូលឈាមយ៉ាងណា ក៏នៅតែមិនគ្រប់គ្រាន់” ។

លោកបន្ថែមថា បច្ចុប្បន្នទោះបីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រកឈាមមិនបានគ្រប់ ១០០% ក្នុងការជួយសង្គ្រោះក៏ដោយ ក៏គ្រួសារអ្នកជំងឺដែលត្រូវការឈាម បានចូលរួមផ្ដល់ឈាមយ៉ាងច្រើន ដូច្នេះហើយបញ្ហាចោទប្រកាន់ថា មានការលក់ដូរឈាមលែងមានទៀតហើយ ។ លោកថា ក្នុងមួយឆ្នាំមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមរៀបចំយុទ្ធនាការធំ២ គឺនៅថ្ងៃទី១៤ កុម្ភៈ និងថ្ងៃទី១៤ មិថុនា ។

ក្នុងឱកាសនោះដែរ លោក ផាន់ សុខា នាយកហិរញ្ញវត្ថុ នៃមន្ទីរពេទ្យជោរៃភ្នំពេញ បានមានប្រសាសន៍ថា ក្នុងមួយឆ្នាំ មន្ទីរពេទ្យជោរៃភ្នំពេញ រៀបចំកម្មវិធីបរិច្ចាគឈាម២ដង ។ នេះជាលើកទី៥ ហើយដែលមន្ទីរពេទ្យជោរៃ បានធ្វើកម្មវិធីបរិច្ចាគឈាម ដោយលើកទី១ មានអ្នកចូលរួម ៦០នាក់ លើកទី២ មាន ៧០នាក់ លើកទី៣ មាន៨០នាក់ និងលើកទី៤ មានជាង១០០នាក់ ។ អ្នកចូលរួមបរិច្ចាកឈាមនេះ មានថ្នាក់ដឹកនាំ បុគ្គលិកមន្ទីរពេទ្យជោរៃ សណ្ឋាគារសុខាភ្នំពេញ និងសូគីមិច ។

លោកក៏បានអំពាវនាវ ឲ្យពលរដ្ឋស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ព្រោះឈាមមួយប្លោក អាចជួយសង្គ្រោះអ្នកជំងឺ និងអ្នករងគ្រោះបានម្នាក់ ។ ការបរិច្ចាគឈាមនេះ គឺពុំមានផលប៉ះពាល់ដល់រាងកាយ និងសុខភាពទេ តែផ្ទុយទៅវិញ គឺជួយឲ្យមានសុខភាពល្អ ។

បើតាមលោក ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ឆ្នាំ២០១៧ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលអំណោយឈាមចំនួន ៧៦៥១១ប្លោក នៅទូទាំងប្រទេស ។ ដោយឡែកឆ្នាំ២០១៨នេះ អំណោយឈាមដែលទទួល និងផ្គត់ផ្គង់ឲ្យអ្នកជំងឺ ចំនួន៨៣៩៨៤ប្លោក នៅទូទាំងប្រទេស ក្នុងនោះ មជ្ឈមណ្ឌលជាតិភ្នំពេញ មានរហូតដល់៥៨៣៧៩ប្លោក ៕
ដោយ ៖ខា ដា

Facebook Comments

To Top