នយោបាយ

ក្រសួងមហាផ្ទៃ នឹងពិនិត្យផ្តល់នីតិសម្បទា ឲ្យអតីតមន្រ្តីបក្សប្រឆាំង ដែលតុលាការហាមឃាត់

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងពិនិត្យសិក្សាស្នើសុំ ផ្តល់នីតិសម្បទាដល់ អតីតអ្នកនយោបាយប្រឆាំង(CNRP) ដែលតុលាការកំពូលហាមឃាត់ អាចឲ្យធ្វើនយោបាយវិញ នៅពេលសេចក្តីស្នើសុំវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយចូលជាស្ថាពរ។

ឆ្លើយតបសំណួរថា តើក្រសួងមហាផ្ទៃ នឹងពិនិត្យលើការដកបម្រាម ហាមឃាត់ធ្វើសកម្មភាពនយោបាយ លើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ រួមទាំងមន្ត្រីមួយចំនួន ដែលបានអនុវត្តសាដីការបស់តុលាការ កំពូលនៅពាក់កណ្តាលខែធ្នូ ខាងមុខនេះ បន្ទាប់ពីរដ្ឋសភា អនុម័តវិសោធនកម្មលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពី គណបក្សនយោបាយជាស្ថាពរ ?

សម្តេច ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោយសិក្ខាសាលា ស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីពង្រឹង សុខដុមនីយកម្មសាសនាលើកទី៧ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ បានតបថា “ក្រសួងនឹងពិនិត្យសិក្សា លើការដកបម្រាម លើអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន១១៨រូប ក្រោយច្បាប់ចូលជាធរមាន”។

សម្តេចក៏បានលើកឡើងថា ក្នុងច្បាប់នោះ គេបានដាក់ថា តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយករដ្ឋមន្ត្រី លើកសំណើទៅព្រះមហាក្សត្រ។

សម្តេចក្រឡាហោមបន្ថែមថា “អីចឹង ខ្ញុំយល់ថា អ្នកណាដែលបានគោរពសាលក្រម គិតដល់អ្នកគោរពសាលក្រម មុនអាទិភាព គឺអ្នកដែលគោរពសាលក្រមមុន” ។

ក្រោមសំណួរពីអ្នកសារព័ត៌មានថា តើការដកបម្រាមនេះ អាចមាន លោក កឹម សុខា ដែរឬទេ? សម្តេច ស ខេង បានឆ្លើយថា “បើយល់ថា អ្នកណាគោរពសាលក្រម យើង យល់បានហើយ ខ្ញុំមិននិយាយទេ”។

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានធ្វើការវិភាគថា លោក កឹម សុខា អាចនឹងដោះលែង នៅមុនបុណ្យចូលឆ្នាំខ្មែរ ពោលក្នុងអំឡុងខែមេសា ឆ្នាំ២០១៨ខាងមុខ ក្នុងនោះលោកក៏បានអះអាងថា ប្រហែលតែជាមានក្រុមលោក កឹម សុខាទេ ដែលអាចមានសិទ្ធិធ្វើនយោបាយឡើងវិញបាន ក្រោយការធ្វើច្បាប់វិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់គណបក្សនយោបាយ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋសភាកម្ពុជា បានប្រកាសជាសាធារណៈ ពីការធ្វើវិសោធនកម្មច្បាប់ គណបក្សនយោបាយ ដើម្បីបើកផ្លូវផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់សម្បទាដល់អ្នកនយោបាយ១១៨រូប របស់អតីតគណបក្សសង្គ្រោះជាតិ ដែលតុលាការហាមឃាត់ ធ្វើនយោបាយរយៈពេល៥ឆ្នាំ ឲ្យមានសិទ្ធិធ្វើ នយោបាយឡើងវិញ បន្ទាប់ពីតំណាង រាស្ត្រហត្ថលេខី ចំនួន៨៧រូប បានផ្តួចផ្តើមធ្វើសេចក្តីច្បាប់ ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ។

នៅព្រឹកថ្ងៃទី៥ ធ្នូ គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាបានបើកកិច្ចប្រជុំ លើវិសោធនកម្មនេះផងដែរ៕
ដោយ ៖ស សំណាង

Facebook Comments

To Top