ព័ត៌មានជាតិ

កម្ពុជានឹងធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំសភា តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី២៧ នៃវេទិកា សភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅខេត្តសៀមរាប នាខែមករា ខាងមុខនេះ ដោយផ្តោតលើប្រធានបទ “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព” ។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋានរដ្ឋសភា បានថ្លែងក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំ និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ថា មកដល់ពេលនេះ ក្រុមការងារដែលទទួលសុខត្រូវ តាមផ្នែកបានរៀបចំកិច្ច របស់ខ្លួនរួចអស់ហើយ ។ កិច្ចប្រជុំ នឹងមានប្រទេសចូលរួម១៧ ហើយប្រទេស៩ បានបញ្ជាក់ពីបេក្ខភាពចូលរួម ដែលមានប្រតិភូសមាសភាព៩០រូប និងប្រទេស៨ទៀត កំពុងរៀបចំបញ្ជូន សមាសភាពមកសភាកម្ពុជា ។

លោកលើកឡើងថា អ្នកជំនាញជប៉ុន ក៏បានស្នើឲ្យកម្ពុជា ដែលជាម្ចាស់ជ្រើសរើស សមាជិកជំនួស សមាជិកគណៈកម្មការប្រតិបត្តិការ នូវក្រុមសមាជិកគណៈកម្មការប្រតិបត្តិសភា តំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំនួន៤ផងដែរ។

ជាមួយគ្នានោះ លោក ឡេង ប៉េងឡុង បានឲ្យដឹងទៀតថា ប្រទេសដែលធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសភាតំបន់អាស៊ី បន្ទាប់ពីកម្ពុជា គឺប្រទេសអូស្ត្រាលី។

លោក ស្រី ឃួន សុដារី អនុប្រធានទី២រដ្ឋសភា បានឲ្យដឹងដែរថា ចំណុចសំខាន់ចំនួន៣ ក្នុងកិច្ចប្រជុំនាពេលខាងមុខ គឺ១.កិច្ចការងាររបស់ស្ត្រី ២.កិច្ចការងាររួមនៃកិច្ចប្រជុំរបស់ APPF និង៣.កិច្ចការងាររបស់ACC ជាមួយAPPF។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក មានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ១៩៩៣។ សភាកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។

កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នឹងចាប់ផ្តើមពីថ្ងៃទី១៤-១៧ មករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា សៀមរាប៕
ដោយ៖ ស សំណាង

Facebook Comments

To Top