នយោបាយ

អចិន្ត្រៃយ៍សភា សម្រេចប្រគល់សេចក្តី ស្នើវិសោធន៍កម្មច្បាប់គណបក្ស ទៅគណៈកម្មការជំនាញសិក្សា

ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្តី ស្នើវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ ទៅគណៈកម្មការទី៦ និងទី៤ នៃរដ្ឋសភាដើម្បីសិក្សារួចហើយ ដាក់មកគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវិញ ។

លោក ឈាង វុន ប្រធានគណៈទី៥ និងជាអ្នកនាំពាក្យនៃរដ្ឋសភា បានឲ្យដឹងក្រោយប្រជុំ អចិន្ត្រៃយ៍នាព្រឹកថ្ងៃទី៥ ធ្នូថា អចិន្ត្រៃយ៍បានប្រគល់ សេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយ មាត្រា៤៥ថ្មី(ស្ទូន) ទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា (គ៦) ដោយសហការជាមួយ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខ រងារសាធារណៈ នៃរដ្ឋសភា(គ៤) ធ្វើការពិនិត្យ និងសិក្សា ហើយធ្វើរបាយណ៍មក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

លោកបន្តថា ច្បាប់ស្តីពីគណបក្សនយោបាយ បានធ្វើវិសោធនកម្មច្រើនលើកមកហើយ ។ ការធ្វើមាត្រា៤៥ ថ្មី(ស្ទួន) ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត និងដើម្បីលើកទឹកចិត្តដល់អ្នកជាប់ពិរុទ្ធ បើសិនតុលាការកំពូលបាន សម្រេចកាត់សេចក្តីអ្នកនយោបាយ កំពូលរបស់គណបក្ស នយោបាយណាក៏ដោយ ឬតាមការប្តឹងរបស់ក្រសួងមហាផ្ទៃ ឬតាមការប្តឹងគណបក្ស នយោបាយផ្សេងៗទៀតក៏បាន ។

លោកបញ្ជាក់ថា “នៅពេលតុលាការកំពូល កាត់សេចក្តីឲ្យជាប់ពិរុទ្ធ យើងចាំបាច់លើកទឹកចិត្តដល់គាត់ នៅពេលខិតខំប្រឹងប្រែងកែខ្លួន។ អ្នកនៅតែខូចខិលមិនកែប្រែខ្លួន ក៏យើងមិនបានលើកលែងឲ្យដែរ។ អីញ្ចឹងកន្លងមកនេះ យើងដឹងថា អ្នកនយោបាយមួយចំនួន ដែលហាមឃាត់មិនឲ្យ ធ្វើនយោបាយរយៈពេល៥ឆ្នាំ ក៏ចូលផ្លូវហ្នឹងដែរ ព្រោះថាមានអ្នកអនុវត្តច្បាប់ និងអ្នកនៅតែបន្តធ្វើសកម្មភាព ប្រឆាំងនឹងការសម្រេច របស់តុលាការកំពូល អីញ្ចឹងលើកទឹកចិត្តចំពោះអ្នក អនុវត្តសាលក្រមរបស់តុលាការ” ។

អ្នកនាំពាក្យរដ្ឋសភាបន្ថែមថា “មួយឆ្នាំទៅមួយឆ្នាំ និងពីមួយថ្ងៃទៅមួយថ្ងៃ មានការប្រែប្រួលអីញ្ចឹង យើងត្រូវកែសម្រួលដើម្បី ឲ្យស្របតាមតម្រូវការ អីញ្ចឹងយើងបានជូនទៅគណៈកម្មការទី៦ និងគណៈកម្មការទី៤ ពិនិត្យ និងសិក្សាសំពោះសំណើ របស់ម្ចាស់ហត្ថលេខី ជាង៨០នាក់នេះ ធ្វើវិសោនធកម្មច្បាប់នេះ”។

សម្រាប់ការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយនេះដែរត្រូវបាន លោកឈាង វុន បានអះអាងថា ក៏បានចូលរួមចំណែកក្នុងការ កែសម្រួលសភាពការណ៍ នៅក្នុងសង្គមមួយផ្នែក ទោះបីជាមិនបានទាំងមូលក៏ដោយ ។

លោកថា “យើងធ្វើការបង្រួបបង្រួមជាតិ ទាំងមូលមិនបានទាំងអស់ទេ បានមួយចំនួនក៏បានដែរ! ឲ្យតែបាន ក៏វាធូរស្រាលសភាពការណ៍ សង្គមនៅកម្ពុជាយើងដែរ ។ អ្វី ដែលយើងចង់បាននោះ គឺចង់បានទាំងអស់ យើងមិនចង់ផាត់ ប្រជាពលរដ្ឋណាមួយទេ ក្នុងន័យនយោបាយ យើងចង់ឲ្យមានការចូលរួម ចំណែកទាំងអស់គ្នា” ៕

ដោយ ស សំណាង

Facebook Comments

To Top