នយោបាយ

កម្ពុជា-ឡាវ កំពុងធ្វើលិខិត ទៅប្រធានាធិបតីបារាំង ក្នុងការផ្ដល់ផែនទី បញ្ចប់បញ្ហាព្រំដែន

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីសូលីត យល់ព្រមជាមួយគ្នាប្រគល់ ភារៈកិច្ចឲ្យប្រមុខការទូតទាំងពីរ ធ្វើកិច្ចការងារទៅលើបែបបទបច្ចេកទេស ដើម្បីផ្ញើទៅ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ក្នុងការផ្ដល់ផែនទីបោនខ្នាត១លើ១០០ពាន់ មកផែនទីខ្នាត១លើ៥០ពាន់ ដើម្បីវាស់វែងព្រំដែន ឈានទៅបញ្ចប់បញ្ហាជម្លោះព្រំដែន រវាងប្រទេសទាំងពីរ នាពេលឆាប់ៗខាងមុខនេះ តាមអ្វីដែលជាគោលបំណង របស់ថ្នាក់កំពូលប្រទេសទាំងពីរចង់បាន ដើម្បីបំពេញតម្រូវការផ្នែកសន្តិសុខ ដល់ពលរដ្ឋនៅតាមបណ្តោយព្រំដែន។

បើតាមសម្តេចតេជោអះអាង ភាគីទាំងកំពុងរៀបចំ សំណុំឯកសារពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី៥-៦ធ្នូ ។

ក្រោយពីទៅដល់ទឹកដីឡាវភ្លាម នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោមការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីភាគីឡាវនោះ នាយករដ្ឋមន្រ្តីទាំងពីរ ក៏បានធ្វើជាអធិបតីភាព ចុះហត្ថលេខាលើទិញអគ្គិសនី យកមកផ្គត់ផ្គង់នៅកម្ពុជា។ ភាគីទាំងពីរក៏បានឯកភាពគ្នា តភ្ជាប់ស្ពានជាមួយគ្នាផងដែរ។

បន្ទាប់បញ្ចប់ពិធីចុះហត្ថលេខា នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ដោយប្ដេជ្ញាបន្ដពង្រឹង និងពង្រីកចំណងមិត្តភាព នៃប្រទេសទាំងពីរ ។ ក្នុងនោះ កម្ពុជា-ឡាវ បានឯកភាពគ្នាដាក់តំបន់ព្រំដែន រវាងប្រទេសទាំងពីរ នៅចំណុចតំបន់អូរតាង៉ាវជាតំបន់ មិនទាន់ដោះស្រាយរួចរាល់ អមដោយលក្ខខណ្ឌ៣យ៉ាង គឺទី១.ពុំមានកងទ័ព , ទី២.មិនមានប្រជាជន ធ្វើអាជីវកម្មអ្វីទាំងអស់ និងទី៣.ត្រូវធ្វើល្បាតរួមគ្នា ដើម្បីទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន ក្រុមចោរ និងក្រុមបំផ្លាញព្រៃឈើ។

សម្ដេចបន្ដថា នាយករដ្ឋមន្ដ្រីកម្ពុជា-ឡាវ បានប្រគល់ភារៈកិច្ច ឲ្យរដ្ឋមន្ដ្រីការបរទេសទាំងពីរ ធ្វើកិច្ចការងារទាំងនេះបន្ដទៀត គឺទី១- ធ្វើបែបបទយ៉ាងណា ដើម្បីឲ្យបារាំងផ្ទេរផែនទីខ្នាត ១លើ១០០ពាន់ មកផែនទីខ្នាត១លើ៥០ពាន់ និងទី២-បន្ដស្នើសុំឲ្យបារាំងជួយផ្ដល់ឯកសារនានា ពាក់ព័ន្ធជាមួយបញ្ហាព្រំដែនកម្ពុជា-ឡាវ ។

សម្ដេចតេជោមានប្រសាសន៍ថា “នាយករដ្ឋមន្ដ្រីទាំងពីរបាន (កម្ពុជា-ឡាវ) រកការព្រមជាមួយគ្នា ហើយប្រគល់ភារៈកិច្ច ឲ្យរដ្ឋមន្ដ្រីការរបទេសទាំងពីរ ធ្វើកិច្ចការចាប់ពេលនេះ រហូតដល់ថ្ងៃស្អែក ទៅលើបែបបទបច្ចេសទេស ដើម្បីផ្ញើជូនភាគីបារាំង។ នាយករដ្ឋមន្ដ្រីទាំងពីរ ធ្លាប់បានធ្វើលិខិតរួមគ្នា ទៅសុំប្រធានាធិបតីបារាំង ដើម្បីស្នើឲ្យជួយផ្ទេរផែនទី ពីផែនទីបោនខ្នាត១លើ១០០ពាន់ មកផែនទីខ្នាត១លើ៥០ពាន់ ។ នៅក្នុងលិខិតនោះដែរ ក៏មានការស្នើសុំ ឲ្យជួយផ្ដល់ឯកសារលើផែនទី ការដោះស្រាយផែនទី រវាងកម្ពុជាជាមួយឡាវ”។

នាយករដ្ឋមន្រ្តីបន្ថែមថា “ខ្ញុំជាមួយ លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ ក៏បានឯកភាពថា គួរបញ្ចប់បញ្ហាព្រំដែន នៅក្នុងដំណាក់កាលរបស់យើងនេះ ឲ្យបានឆាប់ ដែលយើងឲ្យភារកិច្ចនេះ ឲ្យអ្នកពាក់ព័ន្ធនានា ពិសេសគណៈកម្មាធិការព្រំដែនប្រទេសទាំងពីរ”។

នាយករដ្ឋមន្ដ្រីនៃប្រទេសទាំងពីរ ក៏អំពាវនាវដល់ប្រធានាធិបតីបារាំង បញ្ជូនឯកសារណា ដែលផ្ដល់ផលប្រយោជន៍លើការដោះស្រាយ ក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរលើបញ្ហាព្រំដែន។

ចំណែកនាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីសូលីត បានឯកភាពគ្នា ដើម្បីដោះស្រាយបញ្ហាព្រំដែន រួមមាន៖ទី១- មិនឲ្យមានកងកម្លាំងកងព័ទ្ធទាំងពីរ , ទី២-មិនឲ្យប្រជាជនប្រកបអាជីវកម្មផ្សេងៗ និងទី៣-ប្រសិនបើមានការត្រួតពិនិត្យ ត្រូវមានការត្រួតពិនិត្យរួមគ្នា ទាំងផ្លូវទឹក-ផ្លូវគោក-ផ្លូវអាកាស។

សូមរំលឹកថា បញ្ហាវិវាទព្រំដែនកម្ពុជា-ឡាវ បានឡើងកម្ដៅកាលពីខែសីហា ឆ្នាំ២០១៧ ដោយសារកងទ័ពឡាវ បានចូលមកឈរជើង នៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានឯកភាពគ្នាសរសេរលិខិត ទៅកាន់ប្រធានាធិបតីបារាំង ដើម្បីស្នើសុំបញ្ជូន អ្នកជំនាញការព្រំដែនបារាំង មកជួយវាស់វែង និងដោះស្រាយបញ្ហាជម្លោះ នៅតាមព្រំដែននេះផងដែរ។

ក្នុងនោះសន្និសីទនោះ សម្ដេចតេជោ បានថ្លែងថា បានចុះហត្ថលេខាទិញ អគ្គិសនីពីប្រទេសឡាវ ដើម្បីយកមកបំពេញ សេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែន ។ សម្ដេចតេជោថា ក្រៅពីការចុះហត្ថលេខាទិញអគ្គិសនី កម្ពុជា-ឡាវ ក៏បានឯកភាពតភ្ជាប់ស្ពានឆ្លងកាត់ទន្លេល្ពៅ ស្ថិតស្រុកឆែប ខេត្តព្រះវិហារ ទៅកាន់ខេត្តចម្ប៉ាសាក់ ។

សម្ដេចតេជោគូសបញ្ជាក់ថា “ប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន គួរតែត្រូវបានសប្បាយរីករាយ ដោយមិញនេះ មានការចុះហត្ថលេខាទិញអគ្គិសនីពីឡាវ ទៅផ្គត់ផ្គង់នៅកម្ពុជា អាចជាផ្នែកដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យពាណិជ្ជកម្ម អគ្គិសនីដែលទិញចេញ ពីឡាវទៅផ្គត់ផ្គង់នៅកម្ពុជា” ៕
ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top