នយោបាយ

សម្តេច ស ខេង ស្វាគមន៍កាសែតខេមបូឌាដេលី វិទ្យុអាស៊ីសេរី និងវីអូអេ ដំណើរការ និងបើកការិយាល័យឡើងវិញ

ភ្នំពេញ៖ បន្ថែមពីលើសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្បុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ បានថ្លែងការស្វាគមន៍ចំពោះវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងអាមេរិក (VOA) ចំពោះចាប់ផ្តើមប្រតិបត្តិការ និងបើកការិយាល័យរបស់ខ្លួនឡើងវិញ ប៉ុន្តែកាសែតខេមបូឌាដេលី (The Cambodia Daily) ត្រូវដោះស្រាយបំណុលពន្ធដារជាមុនសិន ។

វិទ្យុអាស៊ីសេរី វីអូអេ និងខេមបូឌាដេលី បានបិទការិយាល័យរបស់ខ្លួននៅកម្ពុជាជាបន្តបន្ទាប់ ក្នុងពេលដំណាលគ្នា កាលពីចុងឆ្នាំ២០១៧។ សម្រាប់ការស្វាគមន៍របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ថា ព្រឹត្តិប័ត្រព័ត៌មាន ឌឹខេម បូឌាដេលី អាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនឡើងវិញបាន ក្នុងករណីដោះស្រាយបំណុលពន្ធដាររួចរាល់ ចំពោះករណីវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងអាមេរិក ក៏មានសេរីភាពបើកការិយាល័យខ្លួននៅកម្ពុជាឡើងវិញបានដែរ ព្រោះរាជរដ្ឋាភិបាលមិនបានបិទ ការិយាល័យវិទ្យុទាំងពីរឡើយ គឺវិទ្យុទាំងពីរ សម្រេចបិទដោយខ្លួនឯង ។

សម្រាប់ការប្រកាសជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជានេះ គឺជាដំណឹងយ៉ាងល្អបំផុតរបស់ប្រព័ន្ធផ្សព្វផ្សាយទាំង៣ ដែលបានតាំងខ្លួនជាប្រព័ន្ធឯករាជ្យមានឱកាសបើកការិយាល័យរបស់ខ្លួននៅលើទឹកដីកម្ពុជាម្តងទៀតបាន ដើម្បីបម្រើអារម្មណ៍របស់ពលរដ្ឋខ្មែរនៅទូទាំងប្រទេស នៅតាមរលកធាតុអាកាស តាមរយៈការជួលម៉ោងវិទ្យុនៅក្នុងស្រុកផ្សព្វផ្សាយបន្តផ្ទាល់ ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) និងការអនុវត្តបទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨សម្ដេច ស ខេង បានថ្លែងថា កាសែតឌឹខេមបូឌាដេលី បានសម្រេចផ្អាកព្រឹត្តិប័ត្រព័ត៌មានរបស់ខ្លួន ដោយសារមិនបានបង់ពន្ធ ហើយបើកាសែតខេមបូឌាដេលី បង់ពន្ធដារួចរាល់ គឺអាចចាប់ផ្ដើមប្រតិបត្តិការឡើងវិញបាន ។

សម្ដេចបញ្ជាក់ថា “ចំពោះ VOA វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី ក៏គ្មានអ្នកណាបិទគាត់ដែរ គឺគាត់បិទខ្លួនឯង គាត់ចោទចេះតែចោទថា រងសម្ពាធនេះសម្ពាធនោះ តែតាមពិតវាអត់មាន ។ ឥឡូវយើងស្វាគមន៍ដើម្បីវិទ្យុទាំងពីរហ្នឹង មករៀបចំស្នាក់ការរៀបចំមូលដ្ឋាននៅរាជធានីភ្នំពេញ នៅកម្ពុជាឡើងវិញ” ។

សូមបញ្ជាក់ថា វិទ្យុអាស៊ីសេរី បានសម្រេចបិទការិយាល័យរបស់ខ្លួនដោយស្ងាត់ៗ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ។ សម្រាប់កាសែត ឌឹ ខេមបូឌា ដេលី បានឈប់ដំណើរការនៅថ្ងៃទី៤ កញ្ញា បន្ទាប់ពីខ្លួនបានដំណើរការចំនួន២៤ឆ្នាំ និង១៥ថ្ងៃ នៅកម្ពុជា ក្រោយពីមិនមានដំណោះស្រាយស្ដីពីរឿងពន្ធតម្លៃ២៥ពាន់លានរៀល ឬជាង ៦លានដុល្លារ។

មុនការបិទការិយាល័យទាំងនោះ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានផ្ញើលិខិត២ដាច់ ដោយឡែកពីគ្នាទៅស្ថានីយវិទ្យុសំបុកឃ្មុំ FM 105MHz និងស្ថានីយ៍វិទ្យុមជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជា 102MHz ដោយបង្គាប់ឲ្យបញ្ឈប់ការចាក់ផ្សាយនូវព័ត៌មានវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) តទៅទៀត ៕

ដោយ៖ ខា ដា

Facebook Comments

To Top