នយោបាយ

នាយករដ្ឋមន្ត្រី ប្រាប់បក្សនយោបាយនានា កុំឲ្យញុះញង់ពលរដ្ឋ ឲ្យទៅចាប់ដី និងតាំងលំនៅឋាន នៅតំបន់បេតិកភ័ណ្ឌ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់ទៅបណ្ដាបក្ស នយោបាយទាំងអស់ នៅកម្ពុជា មិនត្រូវញុះញង់ឲ្យប្រជាពលរដ្ឋ ទៅចាប់ដីនិងតាំងលំនៅ ឋាននៅក្នុងតំបន់ បេតិកភ័ណ្ឌដើម្បីគ្រាន់តែ កេងចំណេញនយោបាយនោះទេ ខណៈកម្ពុជាមានប្រាង្គប្រាសាទច្រើន ណាស់ដែលត្រៀមបម្រុងដាក់ ចូលបណ្ដើរៗទៅក្នុងបញ្ជី បេតិកភ័ណ្ឌពិភពលោក ។

ក្នុងឱកាសអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC-Angkor) នាព្រឹកថ្ងៃទី៤ ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានអំពាវនាវ ដល់បណ្ដាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអន្តរជាតិ ជួយបន្តគាំទ្រទាំងបច្ចេកទេស ហិរញ្ញវត្ថុ និងធនធានមនុស្ស ដើម្បីសម្រេចបានវឌ្ឍនភាពសង្គម សេដ្ឋកិច្ច ការការពារ និងអភិវឌ្ឍន៍សម្បត្តិបេតិកភ័ណ្ឌ ទាំងរូបី និងអរូបី ។

សម្ដេចបន្តថា ប្រសិនបើគ្មានដំណោះស្រាយ ក្រោយឆ្នាំ១៩៨៥ នៅពេលដែលសម្ដេចក្លាយជា នាយករដ្ឋមន្ត្រី ហើយធ្វើការសម្រេចចិត្តដ៏លំបាកមួយ ក៏អង្គរវត្តមិនគ្រប់លក្ខណៈសម្បត្តិ ក្លាយជាបេតិកភ័ណ្ឌពិភពលោកនោះទេ ។ សម្ដេចថា កាលពីទសវត្សរ៍ឆ្នាំ៦០ មានសណ្ឋាគារ ពីរ នៅទល់មុខទ្វារចូល ប្រាសាទអង្គរវត្តតែម្ដង ។

សម្ដេចបន្តទៀតថា បន្ទាប់ពីការរំដោះប្រទេស នៅខេត្តសៀមរាបនេះ អនុញ្ញាតឲ្យប្រជាពលរដ្ឋ បានតាំងទីលំនៅ នៅមុខអង្គរវត្តតែម្ដង ហើយក៏មានការប៉ុនប៉ង ស្ដារសណ្ឋាគារចាស់ៗ ដែលនៅសល់គ្រឹះខ្លះ នៅមុខអង្គរវត្ត ។ សម្ដេចថា ពេលនោះសម្ដេចមិនត្រឹមតែ មិនយល់ស្របជាមួយការស្ដារបែបនេះទេ សម្ដេចថែមទាំងស្នើសុំ ឲ្យមានការផ្លាស់ប្ដូរទីលំនៅពលរដ្ឋ ចាកចេញពីតំបន់នោះ ហើយយកដីទាំងនោះដាំដើមឈើ ។

សម្ដេចបន្ថែមថា ត្រូវចងចាំថា សៀមរាប ក្រោយដាក់បញ្ចូលអង្គរវត្ត ជាសម្បត្តិបេតិកភ័ណ្ឌ ពិភពលោក នៅចុងឆ្នាំ១៩៩២ ប៉ុន្តែសៀមរាប នៅក្នុងខែមីនា ឆ្នាំ១៩៩៣ ខ្មែរក្រហមនៅវាយ ចូលក្រុងនៅឡើយទេ ។ សម្ដេចថា ពេលនោះសៀមរាបគ្មានមនុស្សនៅទេ ដោយយើងចាប់ផ្ដើម ពីសណ្ឋាគារចាស់ៗ តែពីរប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះយើងមាន សណ្ឋាគាររហូតដល់ជាង ១០០សណ្ឋាគារ ហើយបច្ចុប្បន្ននេះភ្ញៀវទេសចរ មកកាន់ប្រទេសកម្ពុជាមានការកើនឡើង ឥតឈប់ឈរដោយរយៈពេល ៩ខែដើមឆ្នាំ ២០១៨ នេះភ្ញៀវទេសចរបានដែលមក ទស្សនារមណីយដ្ឋានអង្គរមានប្រមាណ ១លានប្រាំសែនប្រាំពីរម៉ឺននាក់ និងមានការកើនឡើងជាងឆ្នាំ២០១៧។

សម្ដេចតេជោ ថ្លែងថា ប្រទេសកម្ពុជាកំសត់ណាស់ នៅគ្រប់ទីក្រុងទាំងអស់ គ្មានមនុស្សនៅទេ ទាំងទីក្រុងភ្នំពេញ និងសៀមរាប សូម្បីតែអង្គរវត្ត និងប្រាង្គប្រាសាទនានា ត្រូវជាប់ទៅក្នុងទណ្ឌកម្មនយោបាយ អន្តរជាតិនិងការហ៊ុមព័ទ្ធពីខាងក្រៅ ដោយសារតែនៅ អង្គរការសហប្រជាជាតិ នៅតែទទួលស្គាល់ពួកប៉ុលពត ឲ្យកាន់កាប់អាសនៈ នៅទីនោះ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបញ្ជាក់ថា “ខ្ញុំលើកឡើងចំណុចនេះ ដើម្បីជាបទពិសោធន៍ ហើយក៏សារនយោបាយ ជូនបណ្ដាបក្សនយោបាយ ទាំងអស់នៅកម្ពុជា សូមកុំឲ្យមានការញុះញង់ ប្រជាពលរដ្ឋទៅកាន់កាប់ តំបន់បេតិកភ័ណ្ឌ មិនគ្រាន់តែតំបន់បេតិកភ័ណ្ឌ ដែលបានចុះទៅក្នុងបញ្ជីបេតិកភ័ណ្ឌ ពិភពលោកប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងមាន ប្រាង្គប្រាសាទច្រើនណាស់ នៅក្នុងប្រទេសកម្ពុជា ដែលត្រៀមបម្រុងដាក់ចូលបណ្ដើរៗ ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក” ។

សម្ដេចតេជោគូសបញ្ជាក់ថា យើងអត់ជម្រើសទេ ពេលខ្លះយើងក្លាយទៅជា រាជរដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស ក្នុងការតាំងលំនៅដ្ឋាន ។ សម្ដេចថា មុនដាក់ចូលអ្វីមួយជា សម្បត្តិបេតិកភ័ណ្ឌ ពិភពលោក ច្បាស់ណាស់ត្រូវមានលក្ខខណ្ឌតម្រូវ ថាត្រូវធ្វើយ៉ាងម៉េច ដូចជាករណីតំបន់អង្គរ ហាមសាងសង់នៅសំណង់ខ្ពស់ និងហាមចំណុចនេះ ចំណុចនោះ ។

សម្ដេចមានប្រសាសន៍ថា នៅកម្ពុជាអភ័ព្វត្រង់ថា ពេលណាជិតបោះឆ្នោត និងក្នុងយុទ្ធនាការបោះឆ្នោត គេតែងតែប្រើមនុស្ស ដើម្បីទៅរំលោភយកដី នៅតំបន់ជុំវិញប្រាង្គប្រាសាទតែងម្ដង ។ សម្ដេចថា បើសិនយើងគោរពសិទ្ធិតាំងទីលំនៅ របស់ពលរដ្ឋទៅកាន់កាប់ដីកន្លែងនោះ ប្រាសាទនឹងបាត់បង់លក្ខណៈសម្បត្តិ លែងក្លាយទៅជាបេតិកភ័ណ្ឌ ពិភពលោកទៀតហើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះសម្ដេចបន្តថា ដើម្បីរក្សាបាននូវលក្ខណៈសម្បត្តិ ជាបេតិកភ័ណ្ឌពិភពលោក គ្មានជម្រើសណាផ្សេងក្រៅពី ទៅរុះរើផ្ទះសំបែង ហើយឲ្យប្រជាពលរដ្ឋ ចាកចេញត្រឡប់ទៅវិញ ត្រង់ចំណុចនេះហើយ ដែលគេជេររាជរដ្ឋាភិបាល របស់សម្ដេចថា ផ្ដាច់ការ រំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិលំនៅដ្ឋាន ។

សម្ដេចបន្តទៀតថា នៅឯព្រះវិហារ ប្រជាពលរដ្ឋបានទៅតាំងទីលំនៅ នៅលើកសិណប្រាសាទតែម្ដង ដោយបញ្ហានេះយើងបានដោះដូរ ដីឲ្យប្រជាពលរដ្ឋ ទៅកន្លែងផ្សេង ដើម្បីយកកន្លែងនេះជួសជុល កសិណឡើងវិញ បើមិនដូច្នេះ ប្រាសាទព្រះវិហារក៏បាត់បង់ លក្ខណៈសម្បត្តិជាបេតិកភ័ណ្ឌ ពិភពលោកផងដែរ ។

សម្ដេចតេជោសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងកាន់តែយល់ ហើយមិនមកបំពានដីធ្លី នៅតំបន់ដែលមានប្រាង្គប្រាសាទ ដើម្បីរក្សាបាននូវសម្បត្តិបេតិកភ័ណ្ឌ សម្រាប់ប្រទេសកម្ពុជា ដែលដូនតារបស់យើងកាលពីរាប់ពាន់ រាប់រយឆ្នាំមុន បានកសាងទុកឲ្យ កូនចៅជំនាន់ក្រោយថែរក្សា ការពារ ។

សម្ដេចប្រមុខរាជរដ្ឋាភិបាលបានចាត់ទុក ជាបេតិកភណ្ឌវប្បធម៌គឺជាព្រលឹងជាតិ ជាទ្រព្យមិនអាចកាត់ថ្លៃ បាននោះទេព្រោះវាជាប្រភព មិនចេះរីងស្ងួតក្នុងរកប្រាក់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព ហើយជាគោលដៅ និងទស្សនទានអភិវឌ្ឍន៍ ដើម្បីអភិរក្សសម្បត្តិវប្បធម៌ជាតិ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវដល់ប្រទេសដែល ជាមិត្តល្អសូមបន្តជួយ គាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ រួមទាំងធនធានមនុស្សជាបន្តទៀត។ សូមឲ្យឱ្យក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការឱ្យ បានល្អដើម្បីភាពជោគជ័យ ក្នុងការការពារវប្បធម៌មនុស្សជាតិ ឲ្យបានគង់វង្ស ៕

ដោយ៖ ខា ដា

Facebook Comments

To Top