នយោបាយ

ស្ថានភាពនយោបាយធូរវិញហើយក្រោយ រដ្ឋសភាធ្វើវិសោធនកម្ម បើកផ្លូវឲ្យអតីតអ្នកនយោបាយ CNRP​ ១១៨រូប មានសិទ្ធិធ្វើនយោបាយឡើងវិញ

ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថានភាពនយោបាយបានធូរស្រាលវិញហើយ បន្ទាប់ពីរដ្ឋសភានៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ននេះ បានប្រកាសជាសាធារណៈថាធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ ដើម្បីបើកផ្លូវផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់សម្បទាដល់អ្នកនយោបាយ១១៨រូប របស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលតុលាការហាមឃាត់ ធ្វើនយោបាយរយៈពេល៥ឆ្នាំ ឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីតំណាងរាស្ត្រ ហត្ថលេខីចំនួន៨៧រូប បានផ្តួចផ្តើមធ្វើសេចក្តីច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ។

នេះពិតជាដំណឹងភ្ញាក់បំផុត និងជាដំណឹងដ៏ល្អសម្រាប់ក្រុមអតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង១១៨រូប ក្នុងការបើកផ្លូវឲ្យពួកគេធ្វើនយោបាយឡើងវិញា ក្រោយអាក់ខានជាង១ឆ្នាំ មកនេះ ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារលោក កឹម សុខា បានជាប់ពាក់ព័ន្ធអំពើក្បត់ជាតិ ដែលមានបរទេសនៅពីក្រោយខ្នង។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទី៣ ធ្នូនេះ បានឲ្យដឹងថា តំណាងរាស្ត្រហត្ថលេខីចំនួន​៨៧រូប បានផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្ម មាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយទៅមាត្រា៤៥​ថ្មី(ស្ទួនមួយ)។ មាត្រា៤៥ថ្មី(ស្ទួនមួយ) មានខ្លឹមសារយ៉ាងដូច្នេះថា បុគ្គលដែលត្រូវតុលាការសម្រេចហាមឃាត់ការធ្វើ សកម្មភាពនយោបាយមិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្ស ណាមួយបានឡើយ។ បុគ្គលដែលបានតុលាការសម្រេចហាមឃាត់ធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់បន្ទាប់ពីផុត រយៈពេល​នៃការហាមឃាត់ដែលកំណត់ដោយសាលដីការរបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហា​ក្សត្រ តាមដំណើរបស់ នាយករដ្ឋមន្ត្រីតាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ប្រភពបន្តថា ដូចសេចក្តីថ្លែងហេតុនៃសេចក្តីស្នើច្បាប់នេះ បញ្ជាក់ស្រាប់ វិសោធនកម្មខាងលើ មានគោលដៅសំខាន់ៗគឺ បញ្ជាក់​ឲ្យច្បាប់តាមផ្លូវច្បាប់អំពីករណីបុគ្គល ដែលត្រូវបាន តុលាការ ហាមឃាត់ការធ្វើសកម្មភាពនយោបាយ ។ បើកលទ្ធភាពឲ្យបុគ្គលប្រភេទខាងលើកអាចទទួលបាននីតិសម្បទាឡើងវិញតាមច្បាប់នេះ។ វិសោធកម្មច្បាប់នេះ ក៏មានគោល បំណងពង្រឹងលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស នីតិរដ្ឋ ព្រមទាំងលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិផងដែរ។

បន្ទាប់ពីជូនដំណឹង លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានរៀបចំសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី៣ ធ្នូ ។ ក្នុងសន្និសីទនោះ លោកបានថ្លែងថា សេចក្តីវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយមាត្រា៤៥ថ្មី(ស្ទួយមួយ) ជាវិសោធនកម្មច្បាប់ដែលមានការប្រញាប់ ហើយគណៈអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិភាក្សាក្នុងពេលឆាប់ៗនេះដើម្បីដាក់ចូល សម័យប្រជុំរដ្ឋសភាពេញអង្គអនុម័តផងដែរ។ប៉ុន្តែបើកសម័យប្រជុំនៅពេលណានោះ លោកមិនទាន់បានបញ្ជាក់ពីពេលវេលានៅឡើយទេ។

អ្នកនាំពាក្យរដ្ឋសភាបានឲ្យដឹងទៀតថា សេចក្តីវិសោធនកម្មច្បាប់នេះក៏មានការជាប់ ពាក់ព័ន្ធនឹងការមន្ត្រីអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលហាមឃាត់ មិនឲ្យធ្វើនយោបាយផងដែរ ។

លោកបញ្ជាក់ថា “អីចឹងច្បាប់នេះ ធ្វើវិសោធនកម្មគិតគូរដល់ដែលត្រូវបានតុលាការហាមឃាត់ធ្វើនយោបាយមិនឲ្យធ្វើសកម្មភាពនយោបាយរបស់តុលាការកំពូល ។ យើងគិតគូរយ៉ាងម៉េច គឺថាធ្វើឲ្យច្បាប់ពាក់ព័ន្ធនឹងឥឡូយើងធ្វើហើយ ។ អ្នកដែលច្បាប់ហាមឃាត់គឺអាចទទួលបាននីតិសម្បទា អាចទទួលបានសិទ្ធិធ្វើនយោបាយវិញ បន្ទាប់ពីមានសំណើរពីនាយករដ្ឋមន្ត្រីស្នើព្រះមហាក្សត្រតាមដំណើររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ”។

លោកបន្ថែមថា វិសោធនកម្មច្បាប់នេះ ក៏ដោយសារតែពេលកន្លងមកច្បាប់មិនបានគិតគូរដល់អ្នកដែលត្រូវតុលាការហាមឃាត់នោះទេ ប៉ុន្តែពេលនេះការធ្វើវិសោធនកម្មច្បាប់នេះ គឺបានគិតគូដល់អ្នកត្រូវតុលាការកំពូលហាមឃាត់ផងដែរ។

លោកបានទទួលស្គាល់ថា “កន្លងមកច្បាប់ក៏មានចន្លោះប្រហោងបន្តិចដែរ ដោយពុំបានគិតគូរដល់ពួកគាត់ ប៉ុន្តែឥឡូវនេះយើងគិតគូរដល់ពួកគាត់។ អ្នកទាំងនោះមិនត្រូវបាន នាយករដ្ឋមន្រ្តីវាយតម្លៃថា មិនបានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិអ្វីទេ ។ ច្បាប់មាត្រា៤៥ចាស់ មិនគិតគូរគ្រប់ជ្រុងជ្រោយ ។ មាត្រា៤៥ស្ទួន ថ្មី១នេះ គឺបានគិតគូរ ទៅដល់១១៨រូបដែលតុលាការបានហាម ដើម្បីផ្តល់នីតិសម្បទាឡើងវិញ”។

សូមរំលឹកផងដែរថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាព ជាមួយបរទេសតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ។ បទសន្ធិដ្ឋិភាពជាមួយបរទេស ជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង នឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។ លោក កឹម សុខា ត្រូវបានតុលាការដោះលែង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០១៨ ។ ក្នុងនោះអ្នកនយោបាយទាំង១១៨រូបរបស់អតីតបក្សប្រឆាំង បានកាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕

ដោយ៖ ស សំណាង

Facebook Comments

To Top