ព័ត៌មានជាតិ

សម្តេច ហេង សំរិន៖ ចលនា២ធ្នូ មិនត្រឹមតែបង្ហាញពីការលះបង់ ពលីកម្ម តស៊ូ ស្នេហាជាតិទេ តែជាកញ្ចក់ ជាមេរៀន សម្រាប់កម្ពុជា កុំឲ្យធ្លាក់ក្នុងសង្រ្គាមទៀត

ភ្នំពេញ៖ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានប្រារព្ធខួបលើកទី៤០ យ៉ាងឱឡារិក នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានស្ថាបនិករណសិរ្ស ដោយមានប្រជាពលរដ្ឋ សិស្សា នុសិស្ស មន្រ្តីរាជការ និងកងកម្លំាងប្រដាប់អាវុធ ចូលរួមប្រមាណ៣ម៉ឺន នាក់។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋសភា។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានកកើតឡើងដោយកម្លំាងមហាសាមគ្គីប្រជាជនទំាងមូល ដែលមានសម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន និងវីរៈស្នេហាជាតិផ្សេងទៀត ជាថ្នាក់ដឹកនាំ។ រណសិរ្ស២ធ្នូបានជួយរំដោះប្រជាជននិងប្រ ទេសកម្ពុជា ចេញពីរណ្តៅមរណៈនៃរបបប៉ុលពត នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ ពិធីប្រារព្ធខួប៤០ឆ្នាំ ថ្ងៃបង្កើតរណ សិស្ស បានរៀបចំធ្វើឡើងនៅលើ ទឹក ដី ប្រវត្តិសាស្រ្ត ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កន្លែងដែលរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានកកើតឡើងកាល ពី៤០ឆ្នាំមុន។

សម្តេច ហេង សំរិន បានមានប្រ សាសន៍ថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០នេះគឺក្នុងស្មារតីរំលឹកការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានិងវីរកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុប្រយុទ្ធផ្តួលរំលំរបបប្រល័យ ពូជសាសន៍ប៉ុលពត។

សម្តេចបានរំលឹកថា អ្នកសេ្នហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការកាប់សម្លាប់នៃរបបប៉ុលពត បានក្រោកឈរតស៊ូប្រកបដោយ វីរភាពអង់អាចក្លាហាន ប្រឆាំងនឹងរបបខ្មែរក្រហម ហើយបានរួមគ្នាបង្កើត «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» នៅថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨។

ដោយទទួលបានការជួយឧបត្ថម្ភទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាមផង ចលនាតស៊ូ២ធ្នូ បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១ ៩៧៩។

សម្តេចបានមានប្រសាសន៍បន្តថា “ប្រវត្តិសាស្ត្រ មិនមែនជាការនិពន្ធទេ ប៉ុន្តែគឺជាអ្វីៗ ដែលមានពិត និងមិនអាចប្រកែកបានឡើយ”។ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ប្រជាពលរដ្ឋសប្បាយរីករាយចំពោះ ការរស់រានមានជីវិតឡើងវិញ ប៉ុន្តែកម្ពុជាត្រូវប្រឈមនឹងឧបសគ្គ ផលលំបាករាប់ម៉ឺនជំពូក។ “យើងបានកសាងអភិវឌ្ឍន៍កម្ពុជាពីបាតដៃទទេ។ ដៃម្ខាងកសាងជាតិ ដៃម្ខាងការពារកុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។ កម្ពុជាដ៏ក្រីក្របំផុត ថែមទំាងត្រូវទទួលរងនូវការហ៊ុមព័ទ្ធទាំងខាងនយោបាយនិងសេដ្ឋកិច្ចយ៉ាង អយុត្តិធម៌ថែមទៀតពីសំណាក់ប្រទេសមួយចំនួនដែលបានរួមគ្នាប៉ុនប៉ងកម្ចាត់សាធារណរដ្ឋប្រជាមានិតកម្ពុជា ទៀត “។

សម្តេចសង្កត់ធ្ងន់ថា “ទំរាំមានថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងអស់ពីកម្លំាងកាយចិត្តក្នុងបុព្វហេតុជាតិនិងប្រជាជន។ យើងបានយកអាយុជីវិតប្តូរនឹងសេចក្តីសុខរបស់ប្រជាជននិងការរីកចម្រើនប្រទេសជាតិ”។

ទោះយ៉ាងណា សម្តេចហេង សំរិន បានលើកឡើងបន្ថែមថា ឆ្លងកាត់ រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ក្រោម ការដឹកនាំដ៏ត្រឹម ត្រូវនិងចក្ខុវិស័យវែងឆ្ងាយ របស់គណបក្សប្រជាជនកម្ពុជាជាពិសេសនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ កម្ពុជាបានស្មើមុខមាត់ស្មើមាត់ជាមួយពិភពលោក។អន្តរជាតិបានបង្កើនចំណងសាមគ្គីភាពមិត្តភាព សហប្រតិបត្តិការជាមួយ កម្ពុជាកាន់តែល្អប្រសើរឡើង។

ប្រធានស្ថាបនិករណសិរ្ស២ធ្នូ បានលើកឡើងថា កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាង ស្វាហាប់លើមាគ៌ា សុខសន្តិភាពស្ថិរ ភាពនយោបាយដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ក្នុងការសម្រេច បាននូវកំណើនសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូរ របស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ កម្ពុជាកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច គឺពីប្រទេសពឹងផ្អែកលើវិស័យកសិកម្មតាមបែបយថាផល ទៅជាកសិឧ ស្សាហកម្ម ឧស្សាហកម្ម និងសេវាកម្ម។កម្ពុជាបានប្រែក្លាយពីប្រទេសមានចំណូលទាបទៅជាប្រទេស ដែលមានចំណូលមធ្យម កម្រិតទាប ហើយកំពុងបន្តធ្វើដំណើរឆ្ពោះទៅជាប្រទេសមាន ចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០។

សម្តេចបានបន្ថែមថា ស្មារតី២ធ្នូ ក៏ដូចជា ស្មារតី៧មករាដែរ តែងបានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជនគ្រប់រូបនិងបានប្រែក្លាយទៅជាកម្លាំង យ៉ាងធំធេងក្នុងការបង្កើតឡើង នូវសមទ្ធិផល ធំៗនៃសង្គមជាតិ។ ក្រោមពន្លឺសុខសន្តិភាព សេរីភាព និង ក្នុងជំហរក្តាប់ជាប់នូវជោគវាសនារបស់ខ្លួន កម្ពុជាជឿជាក់ថា នឹងគ្មានការកើតឡើងជាថ្មី ទៀតនូវ សោកនាកម្មដូចក្នុងអតីតកាលឡើយ។

សម្តេច ហេង សំរិន បានលើកឡើងថា “យើងទាំងអស់គ្នាចងចាំជានិច្ចថា ថ្ងៃទី២ ធ្នូ ១៩៧៨មិនត្រឹមតែជាថ្ងៃដែលកម្ពុជាបោះជំហានចេញពីភាពហិនហោចខ្លោចផ្សានោះទេ និងមិនត្រឹមតែបាន បង្ហាញពីស្មារតីលះបង់ និងការរួបរួមកម្លាំងអ្នកតស៊ូស្នេហា ជាតិប៉ុណ្ណោះទេ ប៉ុន្តែ ២ ធ្នូ ១៩៧៨ ក៏បានក្លាយទៅ ជាកញ្ចក់ប្រវត្តិសាស្រ្តដ៏សំខាន់ផងដែរ សម្រាប់កម្ពុជា យកធ្វើជាមេរៀន ក្នុងការដឹកនាំប្រទេសជាតិកុំឲ្យភ្លាំងភ្លាត់ធ្លាក់ក្នុងអន្លង់ប្រវត្តិសាស្រ្តនៃនរកអវចីជាថ្មីទៀត។

សូមជម្រាបថាការប្រារព្ធខួបអនុស្សាវរីយ៍៤០ឆ្នាំថ្ងៃបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានរៀបចំឡើងក្រោមបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាលជាទីបំផុត រវាងយុវជនស្នេហាជាតិសម័យមុននិងយុវជនសម័យបច្ចុប្បន្ន។ ជាផ្នែកមួយចូលរួមអបអរសាទរថ្ងៃបង្កើតរណសិរ្ស២ធ្នូនេះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោកហ៊ុន ម៉ានី ជាប្រធាន បានរៀបចំព្រឹត្តិការណ៍ដើរ “៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្រ្ត”។ ជាព្រឹត្តិការណ៍ ដែលយុវជនជាង៨០០នាក់ ធ្វើសកម្មភាពដើរដោយថ្មើរជើងរយៈពេល ២ថ្ងៃ ដោយដើរកាត់ទឹក ឆ្លងព្រៃ ទំាងយប់ទំាងថ្ងៃ ដើម្បីស្វែងយល់ពីដំណើរតស៊ូរបស់យុវជនសម័យមុន។ ព្រឹត្តិការណ៍នេះបានធ្វើពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ដោយចុងបញ្ចប់ជួបជុំគ្នានៅវិមានអនុស្សាវរីយ៍២ធ្នូ តែម្តង ។

នៅក្នុងឱកាសខួបលើកទី៤០ឆ្នាំនេះ សម្តេចប្រធានស្ថានិករណសិរ្ស២ធ្នូ ក្រៅពីបានលើកឡើងពីប្រវត្តិអតីតកាល ការលះបង់របស់វីរៈ ជន ស្នេហាជាតិ សម្តេចក៏មិនភ្លេចលើកឡើង ពីការជួយគំាទ្រដល់កម្ពុជាពីបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិនោះដែរ។

សម្តេច បានគូសបញ្ជាក់ថា “ក្នុងនាមរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខ្ញុំសូមសម្តែងការគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អ្នកផ្តល់ជំនួយទាំងឡាយដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងស្មោះសរចំពោះបុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជា តាំងពីក្នុង ដំណាក់ កាលរំដោះ រហូតមកដល់បច្ចុប្បន្ននេះ។ យើងខ្ញុំសង្ឃឹមជឿជាក់ថា សហគមន៍អន្តរជាតិ នឹងបន្ត ផ្តល់វិភាគទានដ៏ថ្លៃថ្លាថ្មីៗថែមទៀត ដើម្បីរួមចំណែកពង្រឹងបុព្វហេតុ សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពនៅកម្ពុជា”។

ជាអ្នកដែលបានបូជាជីវិតនិងពេលវេលាដើម្បីជាតិ សម្តេចប្រធានរដ្ឋសភា មិនចង់ឃើញប្រទេសជាតិមានសង្រ្គាមទៀតទេដូច្នេះសម្តេចសូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនកម្ពុជាទំាងអស់ ចងចាំថា សន្តិភាព គឺជាកត្តាមូលដ្ឋានគ្រឹះ ដើម្បីធានាដល់ដំណើររីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធានាការអភិវឌ្ឍ ប្រកបដោយចីរភាព សមធម៌ និងធានានូវជីវភាពរស់នៅដ៏សុខសាន្ត ប្រកបដោយកិត្តិយសរបស់ប្រជាជនយើង។ បើយើងបាត់បង់សន្តិភាពនោះយើងនឹងត្រូវបាត់បង់ អ្វីៗទាំងអស់។ ម្យ៉ាងទៀត ទម្រាំប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍដែលកើតមានដូចពេលនេះ គឺ យើងបានឆ្លងកាត់អស់រាប់សតវត្សរ៍ នូវរឿងរ៉ាវមហាទុក្ខសោកវេទនាជាទីបំផុត។

សម្តេច ហេង សំរិន នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពីទឹកដីប្រវត្តិសាស្រ្ត ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះក៏បានបញ្ជាក់ថា“ ក្នុងន័យនេះ បើទោះបីត្រូវលះបង់ក្នុងតម្លៃ ណាក៏ដោយគឺយើងមិនអាចទុកឱកាសឱ្យក្រុមប្រតិកិរិយាបំផ្លិចបំផ្លាញសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមកបានឡើយ។ហេតុនេះចូរយើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាពជាតិយើង” ៕

Facebook Comments

To Top