ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បកស្រាយថា សណ្ឋាគារនៅកំពង់សោមឡើងថ្លៃ ដោយសារសណ្ឋាគារមានតិច

ភ្នំពេញ៖រហូតមកថ្ងៃនេះ នៅតែមានប្រជាពលរដ្ឋមួយចំនួន បានបង្ហោះសារនៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក បង្ហាញការសោកស្ដាយយ៉ាងខ្លាំង ចំពោះសណ្ឋាគារ និងផ្ទះសំណាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានតម្លៃថ្លៃមិនអាចទទួលយកបាន ប៉ុន្តែរដុ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានធ្វើការបកស្រាយថា ការឡើងថ្លៃដោយសារតែសណ្ឋាគារនៅព្រះសីហនុ មានចំនួនតិច ហើយនៅឆ្នាំ២០១៩ខាងមុខ ដើម្បីបំពេញតម្រូវការពលរដ្ឋទៅលេង នឹងបន្តការសាងសង់បន្ថែមទៀត ជាលក្ខណៈផ្កាយ៤ ផ្កាយ៥ផងដែរ។

ថ្លែងក្រោយបញ្ចប់សិក្ខាសាលា បូកសរុបការងារប្រឡងប្រណាំង រមណីយដ្ឋានទេសចរណ៍គំរូលើកទី២ និងការប្រឡង ប្រណាំង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១ ឆ្នាំ២០១៨ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ថោង ខុន បានថ្លែងថា ជាធម្មតាអ្វីដែលមិនអាចឆ្លើយតប ទៅនឹងតម្រូវការបាន ឬសំណូមពរបានគឺមានតម្លៃថ្លៃហើយ ។

លោកបន្តថា “ប៉ុន្តែយើងគិតឃើញថា អ្វីៗកំពុងតែដំណើរការទៅមុខ ទៅខាងមុខហ្នឹងគឺវាមិនថ្លៃពេកទេ ព្រោះឥឡូវហ្នឹង ដូចដែលខ្ញុំបានប្រាប់ បាត់១៤០០បន្ទប់ គឺដោយសារតែគេប្លុកអាហ្នឹង យកទៅជួលភ្ញៀវរបស់គេដាច់ដោយឡែក ។ ចឹងយើងខិតខំធ្វើសណ្ឋាគារ ឲ្យបានច្រើនថែមទៀត នៅពេលដែលមានសណ្ឋាគារច្រើន ទៅតម្លៃវាអត់សូវមានបញ្ហា ដូចនៅសៀមរាប មិនដែលចោទជាបញ្ហាទេ ដោយសារអីដោយសារ សណ្ឋាគារនៅសៀមរាបមានសណ្ឋាគារច្រើន”។

លោកបន្តថា “ដូច្នេះនៅក្រុងកំពង់សោម មានភ្ញៀវកាន់តែច្រើន ទើបសណ្ឋាគាររត់មិនទាន់ ហើយកាលណាការផ្គត់ផ្គង់ និងតម្រូវការមិនមានការស៊ីសង្វាក់គ្នា ក៏អាចទៅដល់ការឡើងថ្លៃបានដែរ” ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីបានលើកសរសើរថា ក្រុងព្រះសីហនុកំពុងស្ថិត នៅក្នុងដំណើរការអភិវឌ្ឍយ៉ាងល្អ ដោយបានផ្តល់ចំណូលដល់ពលរដ្ឋ។ ក្នុងនោះសណ្ឋាគារមាន៨៨កន្លែង គិតជាបន្ទប់មាន១៤០០បន្ទប់ ត្រូវបានជួលឲ្យគេហើយ ដើម្បីដាក់ភ្ញៀវអន្តរជាតិជាពិសេស គឺជនជាតិចិន។

លោកថា ដោយឡែកមានពលរដ្ឋខ្មែរបានរអ៊ូរទាំថា ខ្វះសណ្ឋាគារនិងផ្ទះសំណាក់ ក្នុងការស្នាក់ជាដើមនោះ មិនមែនជាបញ្ហាចោទទេ ព្រោះមានសណ្ឋាគារនិងផ្ទះសំណាក់ថ្មីៗ បានសាងសង់ឡើងជាបន្តបន្ទាប់ ដែលនឹងចេញជារូបរាងនៅឆ្នាំ២០១៩ ខាងមុខជាង២ពាន់បន្ទប់ទៀត។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍សង្កត់ធ្ងន់ថា ក្រសួងបាននិងកំពុង ជំរុញការវិនិយោគឲ្យបានតែច្រើនបន្ថែមទៀត ហើយកាលណាមានការវិនិយោគកាន់តែច្រើន គឺធ្វើកម្ពុជាមានការចំណេញជាច្រើនរួមមាន ៖ ចំណេញការងារឲ្យពលរដ្ឋខ្មែរ ចំណេញបានទទួលចំណូលចូលរដ្ឋ និងចំណេញបច្ចេកទេសជាដើម។

ក្នុងឱកាសនោះដែរ លោកក៏បានលើកឡើង ទាក់ទងស្លាកយីហោរបស់ជនបរទេស នៅក្រុងកំពង់សោមថា ប៉ុន្មានថ្ងៃមកនេះ មានព័ត៌មានផ្សព្វផ្សាយផុសផុលថា អំពីផ្លាកសញ្ញា ឬយីហោ នៅតាមហាងនានា ដែលលើកឡើងខុសពីប្រក្រតី។ ប៉ុន្តែក្រសួងក៏បានណែនាំ ឲ្យសរសេរអក្សជាចាំបាច់ គឺជាអក្សរខ្មែរនៅពីលើ និងអក្សរអង់គ្លេសនៅពីក្រោម ដោយអក្សរអង់គ្លេស ត្រូវតូចជាងអក្សរខ្មែរ។

សូមបញ្ជាក់ថា ៩ខែ ឆ្នាំ២០១៨ ខេត្តព្រះសីហនុទទួល បានភ្ញៀវទេសចរចំនួន១,៦០០០០០ (មួយលានប្រាំមួយសែន) ភ្ញៀវទេសចរជាតិមានចំនួន ១,១០០០០០ (មួយលានមួយសែន) កើនឡើង១២ភាគរយ សម្រាប់ភ្ញៀវទេសចរអន្តរជាតិវិញ មានចំនួនជិត៥០ម៉ឺននាក់ កើនឡើង១៩ភាគរយ៕ ដោយ៖ធី លីថូ

Facebook Comments

To Top