អន្តរជាតិ

តួកគីនិយាយថា នឹងស្វះស្វែងឲ្យមានការ ស៊ើបអង្កេតយូអិន ប្រសិនបើមាន បញ្ហាជាប់គាំង ក្នុងកិច្ចសហការ ជាមួយអារ៉ាប៊ីសាអូឌីត

បរទេស ៖ រដ្ឋមន្ត្រីការបរទេសតួកគី បាននិយាយថា ប្រទេសតួកគីមិនពេញចិត្តទាំងស្រុង ចំពោះកម្រិត នៃសហប្រតិបត្តិការ ដែលខ្លួនកំពុងតែទទួល បានពីអារ៉ាប៊ីសាអូឌីត ជុំវិញករណីឃាតកម្មលើលោក Jamal Khashoggi នោះទេ ហើយប្រហែលជាស្វះស្វែងឲ្យមានការស៊ើបអង្កេតផ្លូវការ ពីអង្គការសហប្រជាជាតិ ប្រសិនបើដំណើរ សហការគ្នារបស់ខ្លួនជាមួយទីក្រុងរីយ៉ាដ ចូលដល់ការជាប់គាំង ។

ថ្លែងប្រាប់អ្នកកាសែត ក្នុងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នោះ លោក Cavusoglu បានប្រាប់ថា តួកគីបានចែករំលែកគ្នា នូវព័ត៌មានដ៏ថ្មីបំផុត ស្តីពីករណីឃាតកម្មលោក Khashoggi ជាមួយសហរដ្ឋអាមេរិក និងបានបញ្ជាក់ពីគោលជំហររបស់ទីក្រុងអង់ការ៉ាថា ការពិតចាំបាច់ត្រូវតែបង្ហាញ ថាអ្នកណាជាអ្នកចេញបញ្ជាឲ្យសម្លាប់អ្នកកាសែតរូបនោះ។

កាសែត រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី២១ ខែវិច្ឆិកានេះថា លោក Cavusoglu បាននិយាយប្រាប់អ្នកកាសែតដូច្នេះថា “សហប្រតិបត្តិការជាមួយប្រទេសអារ៉ាប៊ីសាអូឌីត (ជុំវិញរឿងលោក Khashoggi) នោះ នៅមិនមែនជាកម្រិតមួយដែលតួកគីចង់បាននោះទេ”៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top