អន្តរជាតិ

កូរ៉េខាងជើង បំផ្ទុះកម្ទេច ប៉ុស្តិ៍យាមចំនួន១០ នៅតំបន់សគ្មានទ័ព

បរទេស៖ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានបំផ្ទុះកម្ទេចប៉ុស្តិ៍យាមចំនួន១០ នៅក្នុងតំបន់ សគ្មានយោធា កាលពីថ្ងៃអង្គារ ប៉ុន្តែបានបន្សល់ទុកប៉ុស្តិ៍ការពារមួយ ស្របពេលដែលប្រទេស កូរ៉េទាំងពីរ វិវត្តឆ្ពោះទៅរក ការធ្វើកិច្ចព្រមព្រៀង រវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតី កូរ៉េខាងត្បូង លោក មូន ជេអ៊ីន។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI បានឲ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានប្រើប្រាស់គ្រឿងផ្ទុះ បំផ្ទុះកម្ទេចប៉ុស្តិ៍ការពារចំនួន១០ ក្នុងរយៈត្រឹមតែ៤នាទី។

គួរបញ្ជាក់ថា ការកម្ទេចប៉ុស្តិ៍ យាមទាំងនេះ គឺជាផ្នែកនៃកិច្ចព្រមព្រៀងមួយ ចុះហត្ថលេខាដោយលោក គីម ជុងអ៊ុន និងលោក មូន ជេអ៊ីន កាលពីខែកញ្ញា ហើយជាផ្នែកនៃការប្តេជ្ញា រួមឆ្ពោះទៅ រកសន្តិភាពនោះ មេដឹកនាំកូរ៉េទាំងពីរ បានព្រមព្រៀងគ្នាដកប៉ុស្តិ៍យាម ដែលស្ថិតនៅ ក្នុងរយៈចម្ងាយ១.០០០យ៉ាដ ពីតំបន់ សគ្មានទ័ព សរុបទាំងអស់មានប៉ុស្តិ៍ យាមចំនួន២២៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top