កីឡា

ស្វែងយល់ពី ប្រវត្តិព្រះរាជពិធី បុណ្យអុំទូករបស់ខ្មែរ

ភ្នំពេញ ៖ នៅថ្ងៃទី២១-២៣ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្ពុជារៀបចំព្រះរាជពិធីបុណ្យអុំទូក ។ បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយ ក្នុងចំណោមពិធីបុណ្យជាតិធំៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ឆិកា ដែលជាខែចេញវស្សា នៃរដូវរកត្រី ពិធីបុណ្យអុំទូកត្រូវគេជឿថា ត្រូវបានគេប្រារព្ធ ធ្វើតាំងពីសម័យបុរាណកាលមក ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ក្នុងឆ្នាំ (១១៧៧ នៃ គ.ស) ដល់ឆ្នាំ (១១៨១ នៃ គ.ស) ដើម្បីរម្លឹកដល់គំរូវីរភាព ដ៏អង់អាចក្លាហាន របស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ (ពួកចាមជ្វា) ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប ។

ព្រះរាជពិធីបុណ្យអុំទូក មានរយៈពេល ៣ថ្ងៃ ដោយថ្ងៃទី១ ជាថ្ងៃបើកកិច្ចប្រណាំងទូក ព្រះរាជាត្រូវរៀបចំព្រះទីនាំងទូកសត្វមករ២ទន្ទឹមគ្នា ធ្វើជាទីព្រ័ត ដែលកម្ពុជា បានប្រារព្ធធ្វើក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ១៩១៤ ។ នៅក្នុងតឹកតាងនៃចម្លាក់ទូកក្នុង ប្រាសាទបន្ទាយឆ្មារ និង ប្រាសាទបាយ័ន ត្រូវបានគេជឿថា ស្ថាបត្យកម្មខ្មែរបានប្រើសប្រាស់ការរចនាម៉ូដទូកជាច្រើនប្រភេទដូចជា ទូក សត្វមករ ទូកនាគក្បាល៥ ទូកគ្រុឌ ទូកនាគក្បាលមួយ ទូករាជហង្ស ទូកក្បាលដំរី ទូកក្រពើ ទូកហនុមានជិះយក្ស ទូកសុវណ្ណមច្ឆា …។

នាពេលចូលដល់ពេលល្ងាច គេមានការលយប្រទីបនៅម៉ោង៧ ដើម្បីបួងសួងសុំសេចក្ដីសុខពីព្រះម៉ែគង្គារ ដែលមានឈ្មោះថា នាងគង្ហីង ព្រះធរណី ដែលកវីខ្មែរផ្សារភ្ជាប់ ទៅនិងរឿងព្រេងនិទានរឿងនាងរំសាយសក់ ដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការនេសាទត្រី ដែលជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។

នៅពេលយប់ តាមក្រសួងនីមួយៗ មានបណ្ដែតប្រទីបលម្អទៅដោយភ្លើងចម្រុះពណ៌គួរជាទីគយគន់ និងបាញ់កាំជ្រួច អបអរភាពរុងរឿងសំបូរស្បាយរបស់ជាតិ ។

ចំណែកថ្ងៃទី២ នៃពិធីអកអំបុក និងសំពះព្រះខែត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើង ដើម្បីរម្លឹកដល់ ព្រះឥន្ទ្រាធិរាជ ដែលក្រឡាខ្លួនជាសត្វទន្សាយ ហើយបានលះ បង់អាយុសង្ខារក្នុងការបំពេញ សេចក្ដីស្រែកឃ្លានរបស់បុរសព្រាហ្មណ៍ ដែលសន្យាជាមួយព្រះឥន្ទក្នុងពេល ដែលព្រះឥន្ទសាកល្បងភាពសាច្ចៈរបស់បុរសព្រាហ្មណ៍ ដែលសន្យាថាខ្លួនមិនបរបាញ់សម្លាប់សត្វនៅថ្ងៃសីលឡើយ ។

បុរសព្រាហ្មណ៍បានអស់កម្លាំង បានសំរាកបង្កាត់ភ្លើងនៅក្រោមគុម្ពដើមឬស្សីមួយ បុរសព្រាហ្មណ៍បាននិយាយក្នុងចិត្តថា “ជីវិតខ្ញុំនឹងក្ស័យ ជាមិនខានធ្វើម្ដេចនឹងបានអាហារបរិភោគ” ពេលនោះដោយភាពរំជួលចិត្តរបស់ ព្រះឥន្ទ្រាធិរាជ ដោយឃើញបុរស្សព្រាហ្មណ៍ នោះទ្រាំអត់អាហារជិតស្លាប់ ព្រះឥន្ទ្រាធិរាជ ក៏ក្រឡាខ្លួនជាសត្វទន្សាយ ហើយលោតចូលក្នុង ភ្លើងឲ្យបានជាអាហារបរិភោគ ដល់បុរសព្រាហ្មណ៍នោះមួយរំពេច ។

ក្រោយពេលបុរសព្រាហ្មណ៍ បរិភោគរួច មានភាពតូចចិត្តអណិតដល់សត្វទន្សាយយ៉ាងខ្លាំង បានបួងសួងព្រះវិស្ណុះសុំឲ្យរូបទន្សាយ បានឌិតជាប់ក្នុងដួងព្រះច័ន្ទ។ ព្រះវិស្ណុះ បានប្រមើមើលឃើញការដាក់អាយុសង្ខាររបស់ព្រះឥន្ទ និងការបួងសួងរបស់បុរសព្រាហ្មណ៍ ទ្រង់បានយកថ្មកែវម្នាងសិលា ពីឋានសួគ៌គូសរូបទន្សាយ នៅក្នុងរង្វង់ព្រះចន្ទអមជាមួយនិងគុម្ពដើមឬស្សី ចាប់តាំងពីនោះរហូតមក ហើយមនុស្សគ្រប់រូបឃើញរូបទន្សាយច្បាស់នៅថ្ងៃ១៥កើត ។

បន្ទាប់មកបុរសព្រាហ្មណ៍ តែងរៀបចំសែនព្រេនដួងព្រះខែ ដើម្បីឧទ្ទិសភក្ដីភាពមានចំពោះទន្សាយនោះ ។ ចំណែកអ្នកស្រុកតែងរៀបចំ ប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកដល់ព្រះឥន្ទ នៅតាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូង ផ្លែឈើផ្លែឈើជារៀងរាល់ឆ្នាំក្រុងនិងខេត្តបានចូលរួមនៅក្នុងមហោស្រពនេះ ប៉ុន្តែការប្រារព្ធពិធីដ៏ធំបំផុតធ្វើឡើង នៅរាជធានីភ្នំពេញដោយមានការប្រណាំងទូកតាមបណ្តោយផ្លូវស៊ីសុវត្ថិ។

សម្រាប់ថ្ងៃទី៣ កម្មករមកពីគ្រប់ខេត្តចូលរួមជាមួយអ្នករស់ នៅទីក្រុង ដើម្បីអបអរដោយយប់និងថ្ងៃ ហើយរំលឹកដល់ចុងបញ្ចប់នៃរដូវកាលវស្សា របស់ប្រទេសនេះ ក៏ដូចជាការផ្ទុយស្រឡះនៃលំហូរនៃទន្លេសាប រួមបញ្ចូលទាំងការប្រណាំងទូក និង ការប្រគំតន្ត្រី និង ការទាក់ទាញជាច្រើនលាននាក់ជារៀងរាល់ឆ្នាំ ៕

អត្ថបទដកស្រង់ពីឯកសារស្រាវជ្រាវ

Facebook Comments

To Top