កីឡា

វឌ្ឍនាកា-ឧត្តម និងសុខផេង ជួយឲ្យកម្ពុជាស្គាល់ ឈ្នះដំបូង ក្រោមការដឹកនាំរបស់ Honda

ភ្នំពេញ៖ ទីបំផុតក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា បានស្គាល់ជ័យជម្នះ លើកដំបូង ក្រោមការដឹកនាំ របស់លោក Keisuke Honda ហើយ បន្ទាប់ពីបានលត់ក្រុមឡាវ ៣-១ នៅលើទីលានពហុកីឡដ្ឋាន ជាតិ ក្នុងពូលA នៃពានរង្វាន់ AFF Suzuki Cup 2018 ខណៈគ្រាប់បាល់ជ័យជម្នះ សុទ្ធតែធ្វើសម្រេចដោយកីឡាករ ជួរមុខរបស់កម្ពុជា រួមមាន ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង ។

ការប្រកួតដឹកនាំផ្ទាល់ ដោយកីឡាករលំដាប់ អន្ដរជាតិលោក Honda នេះ ក្រុមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អ បើធៀបនឹងប្រកួតមុនៗ ដោយបានដាក់សម្ពាធ លើគូប្រជែងជាខ្លាំង ។ តង់ទី១ កម្ពុជាបានបំប៉ោងសំណាញ់ទីឡាវ ២គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ ចាន់ វឌ្ឍនាកា ១គ្រាប់ និង ប្រាក់ មុន្នីឧត្តម ១គ្រាប់ ។ តង់ទី២ ក្រុមភ្ញៀវឡាវ វាយបកបាន ១គ្រាប់វិញ នៅនាទី៧៦ តែភ្លាមៗ ត្រូវបានកីឡាករ កែវ សុខផេង បន្ថែម ១គ្រាប់ទៀត នៅនាទី៧៧ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត ។

ការរកបាន ៣ពិន្ទុដំបូងនេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា រក្សាចំណាត់ថ្នាក់លេខ៤ ក្នុងពូលបណ្ដោះអាសន្ន ជាមួយលទ្ធផល ៣ប្រកួតឈ្នះ១ និងចាញ់២ តែលទ្ធផលនេះ បានធ្វើឲ្យកម្ពុជា របូតឱកាសប្រជែងកៅអីវគ្គបន្ដទៅហើយ បន្ទាប់ពីវៀតណាម និងមីយ៉ាន់ម៉ា ប្រកួតស្មើគ្នា ០-០ កាលពីល្ងាចមិញ ដែលធ្វើឲ្យក្រុមទាំងពីរ ឈរលំដាប់កំពូលតារាងមាន ៧ពិន្ទុស្មើគ្នា ។ រីឯប្រកួតបង្គ្រប់កិច្ចចុងក្រោយរបស់កម្ពុជា គឺត្រូវជួបវៀតណាម នាថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

គួរបញ្ជាក់ថា នេះគឺជាជ័យជម្នះលើកដំបូងហើយ ក្រោយលោក Keisuke Honda មកដឹកនាំក្រុមគោព្រៃកម្ពុជា ក្នុងនាមអ្នកចាត់ការទូទៅ ក្នុងចំណោមការប្រកួតមិត្តភាព និងប្រកួតផ្លូវការសរុបចំនួន ៦ប្រកួតឈ្នះ១ ស្មើ១ និងចាញ់ ៤ប្រកួត ។ ប៉ុន្ដែប្រកួតបង្គ្រប់កិច្ចចុងក្រោយ លោកទំនងមិនបានដឹកនាំក្រុមគោព្រៃកម្ពុជានោះទេ ដោយសារលោកត្រូវត្រឡប់ទៅជួយក្រុម Melbourne Victory FC វិញ ខណៈក្លឹបកំពុងឈរលេខរៀងទី៤ នៃលីគកំពូលអូស្ដ្រាលីនេះ ត្រូវជួបប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៥ ជាមួយក្រុមខ្លាំង SYDNEY FC នាថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ ៕

Facebook Comments

To Top