ជីវប្រវត្តិឥស្សរជន

រលកក្រោយ ជូនដំណើររលកមុន តែទឹកសមុទ្រ នៅតែប្រៃ

ភ្នំពេញ៖ រលកក្រោយច្រានរលកមុខ តែទឹកសមុទ្រនៅតែប្រៃ ជាពាក្យពេជ្រមួយ ក្របដោយអត្ថន័យខ្ពង់ខ្ពស់ សម្រាប់ជាការដាស់តឿន និងក្រើនរំលឹក ដល់ប្រជាខ្មែរប្រុសស្រី​ ដែលជាទំពាងស្នងឫស្សី តទៅថ្ងៃអនាគត។ មរណភាពរបស់លោក​​ព្រឹទ្ធាចារ្យ​ភិរម្យ​វោហារ​ ប្រាជ្ញ ​ឈួន នៃចាប៊ី ដងវែងខ្មែរដ៏អស្ចារ្យម្នាក់ ប៉ុន្តែអ្វីដែលសំខាន់និងគេបានកត់សម្គាល់នោះ កុលបុត្រ​កុលធីតាខ្មែរ រាប់សិបនាក់ ក៏បានបង្ហាញស្នាដៃរបស់ខ្លួនផងដែរ នៅចំពោះមុខសពលោក ព្រឹទ្ធចារ្យ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក​ ខៀវ កាញ៉ារីទ្ធ ដែលបានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ និងផ្តល់ភ្លើងដល់សព លោក​​ព្រឹទ្ធាចារ្យ​ភិរម្យ​វោហារ​ ប្រាជ្ញ ​ឈួន ក៏បានរំលេចនូវរូបភាព ជាច្រើនសន្លឹក តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នូវយុវជន យុវនារីខ្មែរ​ ក្នុងសម្លៀកកាន់ទុក្ខ បានកាន់ចាប៊ីដងវែងម្នាក់១ និងបានសម្តែងការប្រគុំនៅចំពោះមុខវិញ្ញាណក្ខន្ធ ប្រកបដោយកាយវិការគោរពលាជាចុងក្រោយ ​ជូនដំណើរលោកព្រឹទ្ធាចារ្យផងដែរ។

ឃ្លាមួយដែលលោករដ្ឋមន្រ្តី បានសរសេរថា គឺពិតជាចាក់ដោត អារម្មណ៍ស្មារតីកុលបុត្រកុល​ធីតា ក្នុងការបន្តពូនជ្រុំថែរក្សា​ និងអភិវឌ្ឍន៍វិស័យសិល្បៈ (ចាប៉ីដងវែង) ឲ្យកាន់តែមានភាពរស់រវើកថែមមួយកម្រិតទៀត។ លោក​បានសរសេរថា “រលក​ក្រោយ​ជូន​ដំណើរ​រលក​មុន​ តែ​ទឹក​សមុទ្ទ​នៅ​តែ​ប្រៃ​”។

ក្នុងឆាកជីវិតរបស់លោក ព្រឹទ្ធចារ្យ បានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុ សិល្បៈចាប៉ីដងវែង ព្រមទាំងបានជួយរួមចំណែកយ៉ាងសំខាន់ និងមិនអាចកាត់ថ្លៃបាន ក្នុងបណ្តុះបណ្តាលកុលបុត្រ កុលធីតាខ្មែរ ជំនាន់ក្រោយ ឲ្យមានចំណេះដឹង និងជំនាញពិតប្រាកដ។

តាមរយៈអត្ថបទនេះផងដែរ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមគោរពចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារសព លោកព្រឹទ្ធាចារ្យ​ភិរម្យ​វោហារ​ ប្រាជ្ញ ​ឈួន និងសូមបួងវុត្ថស័ក្តសិទ្ធក្នុង នាំយកវិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យ ទៅកាន់ឋានសុគតិភព កុំបីឃ្លាងឃា្លតឡើយ៕

ដោយៈ សយ​ សុធីតា

Facebook Comments

To Top