ព័ត៌មានជាតិ

ពលរដ្ឋត្រូវប្រយ័ត្នព្រោះកម្ពុជា នឹងទទួលរងខ្យល់ព្យុះទី២៨ និងទី២៩ បង្កឲ្យមានភ្លៀង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋទៅទូទាំងប្រទេសត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ព្រោះកម្ពុជានឹងទទួលរងខ្យល់ព្យុះទី២៨ និងទី២៩ បង្កឲ្យមានភ្លៀងពីតិចទៅច្រើន។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹកនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុ និងបាតុភូតធម្មជាតិ រួចមកឃើញ មានវិសម្ពាធចំនួន២ បានកើតឡើងក្នុងសមូទ្រប៉ាស៊ីហ្វិក ប្រទេសហ្វីលីពីន។ វិសម្ពាធទាំង២នេះ នឹងវិវត្តខ្លួនទៅជាព្យុះទី២៨ និងទី២៩ (មិនទាន់ដឹងឈ្មោះនៅឡើយ)។

ក្នុងចំណោមព្យុះទាំង២នេះ មានព្យុះមួយនឹងធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន ចូលមកសមុទ្រចិនខាងត្បូង រួចហើយបន្តដំណើរមកដល់ឆ្នេរប្រទេសវៀតណាម (ភាគកណ្ដាល ) នៅថ្ងៃទី២៤ វិច្ឆិកា។

លក្ខណៈបែបនេះ នឹងបង្កឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៤-២៦ វិច្ឆិកា តាមបណ្ដារាជធានី-ខេត្ត មួយចំនួននឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងបណ្ដាខេត្តតាមមាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ។ តាមបណ្ដារាជធានី-ខេត្ត មួយចំនួននៅតំបន់វាលទំនាបប៉ែកខាងត្បូង និងភាគខាងកើតជាប់ប្រទេសវៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន បង្កជាទឹកជំនន់រយៈពេលខ្លី នៅតាមតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រអាចនឹងមានភ្លៀង ខ្យល់បក់បោកខ្លាំង ហើយរលកសមុទ្រមានកម្ពស់ខ្ពស់ ។

លិខិតបន្តថា “អាស្រ័យហេតុនេះ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមមាត់សមុទ្រ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលកើតមានជាយថាហេតុ” ៕

ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top