នយោបាយ

នាយករដ្ឋមន្រ្តី៖ កម្ពុជាមិនចាំបាច់ ត្រូវការវត្តមាន កងទ័ពបរទេស លើទឹកខ្មែរឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏មាន ឥទ្ធិពលបានលើកឡើងថា កម្ពុជាមិនចាំបាច់ត្រូវការវត្តមាន កងទ័ពបរទេសមកលើទឹកដី របស់កម្ពុជាឡើយ ។

នេះជាការឆ្លើយតបទៅទៅ នឹងមតិរបស់អនុប្រធានាធិបតី អាមេរិកលោក Mike Pence ដែលលើកឡើងថា ខ្មែរអនុញ្ញាតឲ្យប្រើប្រាស់ ទឹកធ្វើជាមូលដ្ឋាន យោធារបស់ចិន ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា កម្ពុជាគ្មានកងទ័ពបរទេសទេ ប៉ុន្តែទោះបីជាយ៉ាងណា កម្ពុជាស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ លើការការរៀបចំធ្វើ សមយុទ្ធយោធារួមគ្នា ហើយកម្ពុជាក៏ធ្លាប់បានធ្វើ សមយុទ្ធជាមួយនឹងប្រទេសជាផងដែរ ។ ការធ្វើសមយុទ្ធនេះ ក្នុងគោលបំណងហ្វឹកហាត់ សង្គ្រោះគ្រោះមហន្ដរាយ ប្រឆាំងភេរវកម្ម ហ្វឹកហាត់ដើម្បីជួយ ពលរដ្ឋ ហ្វឹកហាត់យន្ដហោះធ្លាក់ និងបញ្ហាមួយចំនួនទៀត ដែលអាចកើតមានឡើងជាយថាហេតុ។

ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា សព្វថ្ងៃកម្ពុជាគ្មានកងទ័ពបរទេសឡើយ ពិតណាស់កងទ័ពបរទេស ដែលមកកម្ពុជានៅឆ្នាំ១៩៩១ -១៩៩៣ គឺជាប្រតិបត្តិការរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិនៅកម្ពុជា។ ប៉ុន្តែឥឡូវនេះ មានតែកងទ័ពកម្ពុជាបញ្ជូន ទៅក្រៅប្រទេសប៉ុណ្ណោះ។

សម្ដេចក៏បានទទួលស្គាល់ថា កម្ពុជាមានកងទ័ពបរទេស ក៏ប៉ុន្ដែកងទ័ពទាំងនោះគឺជាអនុព័ន្ធ យោធានៅតាមស្ថានទូតនានា ហើយកងទ័ពបរទេស មួយចំនួននៅកម្ពុជា ដើម្បីចូលរួមដោះមីន ដែលភាគច្រើនមកពីប្រទេសឥណ្ឌា បារាំង និងអាមេរិក ជាដើម។

សម្តេចបន្តថា “យើងទាត់ចោលដាច់ខាត នូវការប្រកួតប្រជែងខាងមនោគមន៍វិជ្ជា ដើម្បីបំបែកបំបាក់ខ្មែរ និងសម្លាប់ខ្មែរដូចពីអតីតកាល ហើយទាត់ចោលដាច់ខាត នូវការប្រកួតប្រជែង យកកម្ពុជាធ្វើជាទីលាន សាកល្បងអាវុធរបស់ខ្លួន ឬលក់អាវុធរបស់ខ្លួនមកឲ្យកម្ពុជា”។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ លើកឡើងទៀតថា ក្រោមគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយសម្ដេច អត់ត្រូវការឲ្យបរទេសមកធ្វើ សង្គ្រាមនៅលើទឹកដីកម្ពុជាទេ ដូច្នេះកុំយកកម្ពុជាជាទីលាន សាកល្បងមនោគមន៍វិជ្ជា ឬ អាវុធឡើយ។

នាយករដ្ឋមន្ដ្រី ចាត់ទុកប្រទេសទាំងអស់ នៅលើពិភពលោក គឺជាមិត្តភក្តិដែលត្រូវរួម សហការជាមួយគ្នាដើម្បីអភិវិឌ្ឍន៍។ សម្ដេចចង់ឲ្យមិត្តភក្តិបរទេសទាំងអស់ មកប្រកួតប្រជែងគ្នាទៅលើ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប៉ុណ្ណោះ ៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top