នយោបាយ

អាមេរិក បារម្ភខ្លាច មានមូលដ្ឋាន យោធាបរទេស នៅកម្ពុជា ខណៈរដ្ឋមន្ត្រីការបរទេសខ្មែរថា ជាពាក្យ ចចាមអារាម

ភ្នំពេញ៖ លោក John Sullivan អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានលើកឡើងថា អាមេរិកនៅមានការបារម្ភចំពោះបញ្ហាខ្លះទៀត ពាក់ព័ន្ធនឹងសិទ្ធិនយោបាយ សង្គមស៊ីវិល និងសារព័ត៌មាន ជាពិសេសលោកថា បើមានមូលដ្ឋានកងទ័ពជើងទឹក បរទេស នៅតំបន់ឆ្នេរសមុទ្រកម្ពុជាមែននោះ នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ទំនាក់ទំនងទ្វេភាគី ខណៈរដ្ឋមន្ត្រីការបរទេសខ្មែរ បានបញ្ជាក់ថា គ្រាន់តែជាពាក្យចចាម អារាមតែប៉ុណ្ណោះ ។ នេះយោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ ។

ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ កាលពីថ្ងៃទី១៥ វិច្ឆិកា ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅសិង្ហបុរី លោក John Sullivan អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានមានប្រសាសន៍ថា ការលើកស្ទួយទំនាក់ទំនងទ្វេភាគី គឺជាអាទិភាពមួយរបស់សហរដ្ឋអាមេរិក ហើយស្វាគមន៍ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្ដើមឡើងវិញនូ វកម្មវិធីស្វែងរកអដ្ឋិធាតុទាហាន បាត់ខ្លួនអាមេរិកក្នុងសម័យសង្គ្រាមនៅកម្ពុជា ក៏ដូចជាការរីកចម្រើនជឿនលឿន លើបញ្ហាមួយចំនួនដូចជា ការដាក់លោក កឹមសុខា ឲ្យស្ថិតនៅក្នុងការឃុំឃាំង ក្រៅពន្ធនាគារជាដើម ។

លោកថា អាមេរិកនៅមានការបារម្ភចំពោះបញ្ហាខ្លះទៀត ពាក់ព័ន្ធនឹងសិទ្ធិនយោបាយ សង្គមស៊ីវិល និងសារព័ត៌មាន ។

លោកបញ្ជាក់ថា “បញ្ហាជាកង្វល់ធំបំផុតនៅពេលនេះ គឺពាក់ព័ន្ធនឹងព័ត៌មាន ដែលបានលើកឡើងថា នឹងមានមូលដ្ឋានយោធា បរទេសនៅកម្ពុជា ។ បើមានរឿងបែបនេះ កើតឡើងមែននោះវានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនងទ្វេភាគី” ។

លោកអនុរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា អាមេរិកបានរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាតាមរយៈ ការផ្តល់ការអនុគ្រោះពន្ធ GSP និងជួយដល់ផ្នែកសកម្មភាពមីន ដោយគាំទ្រដល់គោលដៅ ធ្វើឱ្យកម្ពុជាអស់មាននៅឆ្នាំ២០២៥ ។ លោកថា ទំនាក់ទំនងយើងមានសក្ដានុពលដ៏ធំធេងណាស់ ហើយចង់ឃើញទំនាក់ទំនងនេះ រីកស្គុះស្គាយតទៅមុខទៀត ។

ជាការឆ្លើយតបឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ឆ្លងកាត់ជំនួបជាមួយ ថ្នាក់ដឹកនាំអាមេរិកជាច្រើន មានការឯកភាពគ្នាមួយ ដែលចង់រក្សាឲ្យបាននូវ បណ្ដាញទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការ លើវិស័យនានាផ្ដល់ដោយ ផ្ដោតលើផលប្រយោជន៍រួម ។
លោកបន្តថា ទំហំពាណិជ្ជកម្មបន្តរីកចម្រើន ហើយសូមអរគុណចំពោះ ការផ្តល់ភាពអនុគ្រោះថ្មីៗសម្រាប់ការនាំចេញ ទៅកាន់អាមេរិកនូវសម្ភារៈ ធ្វើដំណើរដែលឆ្នាំនេះអាច នឹងហក់រហូតដល់ ៥០០លានដុល្លារអាមេរិក ។

លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ចាប់ផ្ដើមកម្មវិធីស្វែងរកអដ្ឋិធាតុទាហានបាត់ខ្លួនអាមេរិក ក្នុងសង្គ្រាមនៅកម្ពុជា តាមសំណើរបស់សមាជិកព្រឹទ្ធសភាអាមេរិកគឺលោកនឹងសំណើ របស់ភាគីពាក់ព័ន្ធផ្សេងទៀត។បើទោះបីជាអាមេរិកមិនទាន់លើកលែងការរឹតត្បិតផ្នែកទិដ្ឋាការ លើមន្ត្រីខ្លះក៏ដោយ ។

លោកឧបនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា “ចំពោះបញ្ហាទាក់ទង និងព័ត៌មានស្ដីពីកា ររៀបចំមូលដ្ឋានកងទ័ពជើងទឹក នៅតំបន់ឆ្នេរសមុទ្រកម្ពុជានោះ គឺជាពាក្យចចាមអារ៉ាម ដែលកើតចេញពីការកើនឡើងនៃ ទំហំវិនិយោគរបស់ចិន នៅតំបន់នោះតែប៉ុណ្ណោះ ។ រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួន និងមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួន នៅបរទេសឡើយ លើកលែងតែក្នុងក្របខ័ណ្ឌ អង្គការសហប្រជាជាតិដូចការបញ្ជូនកងទ័ពយើង ទៅចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ។ រាជរដ្ឋាភិបាលកម្ពុជា នឹងមិនរំលោភរដ្ឋធម្មនុញ្ញនោះឡើយ” ។

ជាមួយគ្នានោះដែរលោកឧបនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការស្វាគមន៍ ជាមុនចំពោះលោក Patrick Murphy ជាអនាគតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ក្នុងករណីមានការគាំទ្រពីព្រឹទ្ធសភា ។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ សារព័ត៌មានបរទេសមួយចំនួន បានចម្លងគ្នា ផ្សព្វផ្សាយដោយគ្មាន ប្រភពច្បាស់លាស់ថា ប្រទេសដទៃមានបំណង ប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានយោធា សំចតនាវាចម្បាំង ហើយកម្ពុជា កំពុងស្ថិតនៅចំណុចកណ្ដាល នៃសង្គ្រោមត្រជាក់រវាង ចិន-អាមេរិក ។

ពាក់ព័ន្ធករណីនេះនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋឯករាជ្យ អព្យាក្រឹត្យអចិន្ដ្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ដូច្នេះកម្ពុជា នឹងមិនផ្ដល់ទីតាំងឲ្យបរទេសណាមួយ សម្រាប់ធ្វើជាមូលដ្ឋានយោធានោះទេ៕ដោយ៖ ខា ដា

Facebook Comments

To Top