នយោបាយ

អគ្គនាយកបច្ចេកទេស សុខាភិបាលខ្មែរ ផ្តាំឲ្យអ្នកជំនាញការ និងគិលានុបដ្ឋាក១៣ ប្រទេសជួយពលរដ្ឋ ជួបគ្រោះមហន្តរាយ

ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានផ្តាំផ្ញើ និងលើកឡើងថា តួនាទីនិងការចូលរួម របស់គិលានុបដ្ឋាកនិងឆ្មប ក្នុងការអន្តរាគមន៍ ជួយប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយ គឺមិនអាចខ្វះបានឡើយ ដូច្នេះត្រូវរួមគ្នាយកចិត្តទុក ដាក់លើពួកគាត់ ។

សន្និសីទអន្តរជាតិប្រចាំឆ្នាំ២០១៨ ស្តីពីការកសាងសមត្ថភាព និងភាពធន់នឹងគ្រោះមហន្តរាយផ្តោត លើការចូលរួមរបស់គិលានុបដ្ឋាក នៃបណ្តាញការថែទាំ សង្រ្គោះបន្ទាន់ និងគ្រោះមហន្តរាយ អាស៊ីប៉ាស៊ីហ្វិក (APEDNN) នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ដែលមានអ្នកជំនាញការ និងគិលានុបដ្ឋាកចូលរួម១០៧នាក់ មកពីប្រទេស ១៣ គឺអូស្ត្រាលី កម្ពុជា ចិន ឥណ្ឌា ជប៉ុន ហ្វីលីពីន កូរ៉េខាងត្បូង ស្វីស ថៃ អាមេរិក ហ្វីជី និងវៀតណាម លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល នៅថ្ងៃ ទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០១៨ បានថ្លែងថា តួនាទីនិងការចូលរួមរបស់គិលានុបដ្ឋាកនិងឆ្មប ក្នុងអន្តរាគមន៍ជួយប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយ គឺមិនអាចខ្វះបាន។

លោកស្រីបញ្ជាក់ថា “គ្រោះមហន្តរាយកើតមានជាញឹកញាប់នៅក្នុង ពិភពលោក ហើយវានឹងបន្តកើតឡើងដោយគ្មានទីបញ្ចប់ ។ គ្រោះមហន្តរាយអាចមានផលវិបាកធ្ងន់ធ្ងរទៅលើ ជីវិតមនុស្ស និងទ្រព្យសម្បត្តិដែលមានការខូចខាត ដែលអាចឈានដល់រាប់ពាន់លានដុល្លារ” ។

លោកស្រីថា គ្រោះមហន្តរាយមានផលប៉ះពាល់ជាសកល ទាំងនេះមិនអាចត្រូវបានដោះស្រាយ ដោយសហគមន៍ ឬប្រទេសតែមួយបានទេ ជាចាំបាច់ត្រូវការធនធានជាច្រើន និងធនធានមនុស្សដែលមានវិជ្ជាជីវៈខុសៗគ្នាធ្វើការជាមួយគ្នាដើម្បីសង្គ្រោះជីវិតមនុស្ស ។ ក្នុងការថែទាំនិងជួយសង្រ្គោះនេះ តម្រូវឲ្យមានការចូលរួមពីគិលានុបដ្ឋាកនិងឆ្មប ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ និងមានសមត្ថភាពយល់ដឹងអំពីការងារដែលត្រូវធ្វើ និងរបៀបអនុវត្តការងារដោយប្រសិទ្ធិភាពខ្ពស់ ។ ដូច្នេះនាពេលអនាគត ការកើនឡើង ផលប៉ះពាល់ដោយគ្រោះមហន្តរាយទៅលើបុគ្គលនិងសហគមន៍ តម្រូវឲ្យមានការអភិវឌ្ឍជាបន្តបន្ទាប់នូវគិលានុបដ្ឋាក និងឆ្មបដែលមានសមត្ថភាព ដើម្បីបំពេញ តម្រូវការសម្រាប់ការផ្តល់សេវា ថែរក្សាសុខភាព ដើម្បីឆ្លើយតបទៅនឹងភាពគ្រោះអាសន្ន ស្មុគស្មាញដល់ជីវិតមនុស្ស ។

អនុសាសន៍របស់លោកស្រីរួមមាន៖
១. ចែករំលែកមេរៀន និងបទពិសោធន៍ពីគ្រោះមហន្តរាយពីវិធីសាស្ត្រអនុវត្តដើម្បី ការកែលម្អការងារឲ្យមានលទ្ធផលល្អប្រសើរ និងការស្រាវជ្រាវប្រកបដោយប្រសិទ្ធភាព។

២. ពង្រឹងការងារសង្គ្រោះបន្ទាន់ និងសម្របសម្រួលពេលមានគ្រោះមហន្តរាយ ដើម្បីគាំទ្រដល់រដ្ឋជាសមាជិក របស់បណ្តាប្រទេសក្នុងបណ្តាញ។

៣. ជាការសំខាន់ដែលបណ្តាប្រទេស និងគ្រឹះស្ថានថែទាំសុខភាពរៀបចំផែនការ ដើម្បីឲ្យមានបុគ្គលិកជាគិលានុបដ្ឋាក និងឆ្មបដែលមានចំណេះដឹងផ្នែកថែទាំគ្រោះមហន្តរាយ ជាពិសេសអ្នកគ្រប់គ្រងគិលានុបដ្ឋាក ដើម្បីធ្វើការនៅតំបន់ដែលមានគ្រោះមហន្តរាយក្នុង មុខតំណែងធម្មតារបស់ពួកគេ ដែលបំពេញដោយគិលានុបដ្ឋាកដទៃទៀត។

៤. សមត្ថភាពថែទាំគ្រោះមហន្តរាយត្រូវតែបង្កើតឡើង សម្រាប់គិលានុបដ្ឋាក ទូទៅដែលត្រូវការ សម្រាប់គិលានុបដ្ឋាកផ្នែកថែទាំគ្រោះមហន្តរាយ។

៥. រៀបចំផែនការជាមុនសម្រាប់ បុគ្គលិកថែទាំសុខភាពដែល ត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ៕

Facebook Comments

To Top