X

លោកបណ្ឌិត សុខ ទូច ៖ការលុបបំបាត់ អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ មិនអាចទៅរួច

ភ្នំពេញ៖ទោះបីជាមានការជួបប្រជុំដោះស្រាយ បញ្ហាជាបន្តបន្ទាប់ រវាងអាមេរិកនិងកូរ៉េខាងជើង ដើម្បីឈានទៅលុបបំបាត់ អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីកូរ៉េ ប៉ុន្តែប្រធាន​រាជ្យបណ្ឌិត្យសភា​កម្ពុជា លោកបណ្ឌិត សុខ ទូច នៅថ្ងៃទី១៧ ខែវិច្ឆិកា​នេះបានបញ្ចេញទស្សនៈថា ការលុបបំបាត់ អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ គឺមិនអាចធ្វើ ទៅរួចនោះឡើយ។

លោកបណ្ឌិត សុខ ទូច ថ្លែងបែបនេះបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី២០ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំពោះមុចប្រមុខដឹកនាំ នៃប្រទេសអាស៊ានទាំងអស់ និងលោក មូន ចេអ៊ីន ប្រធានាធិបតីនៃ សាធារណរដ្ឋកូរ៉េ ថា ចំពោះការវិវត្ត៍ថ្មីៗរវាងកូរ៉េ និងអាមេរិក នឹងអាចឈានទៅការរំសាយ អាវុធនុយក្លែអ៊ែរ នៅឧបទ្វីបកូរ៉េ ។

លោកបណ្ឌិតសុខ ទូច បានថ្លែងប្រាប់មជ្ឍមណ្ឌល ព័ត៌មាន ដើមអម្ពិល ថា “ការលុបបំបាត់នូវអាវុធនុយក្លេអ៊ែរឧបទ្វីបកូរ៉េ ​ពិសេសកូរ៉េខាងជើង ទៅមិនរួចទេ ម៉េចបានទៅមិនរួច! តើមានប្រទេសណាមួយ ដែលធានាថា មិនកែទម្រង់ មិនប៉ះពាល់ទៅ លើនយោបាយផ្ដាច់ការរបស់កូរ៉េខាងជើង”។

លោកបណ្ឌិតបន្តថា “យើងដឹងហើយថាសេដ្ឋកិច្ចកូរ៉េខាងជើង-កូរ៉េខាងត្បូង កូរ៉េខាងជើងគឺសេដ្ឋកិច្ចវាអន់ណាស់អីចឹងទេមានយកអាវុធនុយក្លេអ៊ែរ ទៅអួតបង្ហាញគេលើពិពភលោក ហើយកូរ៉េខាងជើង ជាប្រទេសកាន់ អំណាចផ្ដាច់ការហើយផ្ដាច់ការនោះ វាទាល់តែមានអ្វី​​​​ដែលបង្ហាញអំពីភាពខ្លាំង របស់ខ្លួន គឺអាវុធនុយក្លេអ៊ែរ ឬក៏​ មីស៊ីល សម្រាប់ពាំនាំក្បាល នុយក្លេអ៊ែរទៅកាន់ ប្រទេសដទៃ តាមរយៈឆ្លងទ្វីប​”

លោក បណ្ឌិតសុខ ទូច ឲ្យដឹងទៀតថា លោក គីម ជុនអ៊ុន នៅក្មេងណាស់និងនៅស្រឡាញ់អំណាច ហើយលោក គីម ជុងអ៊ុន មិនឲ្យអំណាចរបស់ជីតាគឺលោកគីម អ៊ីលស៊ុង ដែលជាស្ថាបនិកប្រទេស បាត់បង់ទេ បើមិនឲ្យបាត់បង់ត្រូវតែរក្សាអាវុធនុយក្លេអ៊ែរ។

លោកបណ្ឌិតបញ្ជាក់ថា “កូរ៉េខាងជើងមិនសម្លាប់ខ្លួនឯង មិនធ្វើអត្តឃាតខ្លួនឯងទេ កាលណាបំបាត់អាវុធនុយក្លេអ៊ែរ មានន័យថាបំបាត់របប កុម្មុយនីស្តនៅកូរ៉េខាងជើង ហើយអ្វីទាំងអស់នេះ គីម ជុងអ៊ុន មិនធ្វើទេ”៕ ដោយ៖ញ៉ិល សុខសាន

Facebook Comments