X

ម៉ូតូ២គ្រឿងបុកគ្នា របួសធ្ងន់ និងស្រាល ៣នាក់ នៅក្រុងកំពត

កំពត ៖ មនុស្ស ៣នាក់រងរបួសធ្ងន់ និងស្រាលដោយសារជិះម៉ូតូបុកគ្នា កាលពីវេលាម៉ោង ១២រំលងអាធ្រាត្រ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវថ្នល់ ខាងលិចស្ពានចាស់ ត្រើយខាងលិច ចម្ងាយ១០០ម៉ែត្រ មុខរោងចក្រអគ្គីសនីកំពតចាស់ ស្ថិតនៅ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

នគរបាលចរាចរណ៍ក្រុងកំពត បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូម៉ាកហុងដា សេ១២៥ ១គ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-9801 បើកបរដោយ ឈ្មោះ ដេ វីត ភេទប្រុស អាយុ១៧ឆ្នាំ បានរងរបួសធ្ងន់ សន្លប់នៅនឹង កន្លែងកើតហេតុ និង អ្នករួមដំណើរម្នាក់ ឈ្មោះប៉ាក សាកលវិជ្ជា ភេទប្រុស អាយុ១៩ឆ្នាំ របួសស្រាល ។

ជនរងគ្រោះទាំងពីររស់នៅភូមិក្រាំងបន្ទាយ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ម៉ូតូនេះបើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបុកម៉ូតូ ១គ្រឿងទៀត ម៉ាកMSX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CS-8496 បើកបរដោយ ឈ្មោះ ឈួន ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ របួសធ្ងន់ មានទីលំនៅឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត។ ម៉ូតូនេះបើកបរក្នុងទិសដៅពីលិចទៅកើត។

នគរបាលដដែល បន្តថា ក្រោយហេតុការណ៍ភ្លាម គឺម៉ូតូហុងដា ម៉ាកសេ១២៥ បានលើកចេញពីកន្លែងកើតហេតុ។ ក្រោយកម្លាំងជំនាញចុះ វាស់វែងទាំងយប់ នៅកន្លែងកើតហេតុ ហើយបាន នាំយកជនរងគ្រោះទាំងសងខាង ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ចំណែកម៉ូតូទាំង ២គ្រឿង ត្រូវសមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងកំពត រង់ចាំភាគីទាំងពីរដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕

ដោយៈ វ៉ាន់ ឌឿន

Facebook Comments