នយោបាយ

គ្រប់ភាគីពាក់ព័ន្ធ ត្រៀមលក្ខណៈ រួចរាល់ សម្រាប់ការ ស្វាគមន៍បុណ្យអុំទូក

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២១-២៣ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជានឹងរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាបុណ្យប្រពៃណីជាតិ មានតាំង បុរាណកាលមក ហើយរាជធានីភ្នំពេញដែលជាកន្លែងអុំទូក ដែលប្រមូលផ្តុំពលរដ្ឋមកពីទូទាំងប្រទេស សម្រាប់ចូលរួមលេងកំសាន្ត នៅមាត់ទន្លេ មុខព្រះបរមរាជវាំងនោះ គ្រប់ភាគីពាក់ព័ន្ធ ដែលមានភារកិច្ចក្នុងកិច្ចការពារពិធីបុណ្យ បានត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីការពារសុវត្ថិភាពពលរដ្ឋ កុំឲ្យមានបញ្ហាជាយថាហេតុ កើតមកលើពួកគេ។

បុណ្យអុំទូកនៅឆ្នាំ២០១៨នេះ មានទូក.ង ចូលរួមប្រកួតមានចំនួន២៩៨ទូក ខណៈឆ្នាំ២០១៧មានទូក.ង ត្រឹមតែ២៧០ទូក និងមានទីឡាករជិត២ម៉ឺននាក់។ សម្រាប់ប្រទីប មានចំនួន១៥ លើសពីឆ្នាំទៅផងដែរ។

ចំណុចសំខាន់ៗដែលបានត្រៀមនោះរួមមាន ៖ កងកម្លាំងជាងម៉ឺននាក់ដាក់ការពារសណ្តាប់ធ្នាប់ និងសុវត្ថិភាព , នគរបាលជាតិប្ដេជ្ញាការពារ មិនឲ្យពលរដ្ឋជួបឧប្បទ្ទវហេតុអ្វីកើតឡើង , គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវពលរដ្ឋគោរពច្បាប់ចរាចរណ៍ ជៀសវាងគ្រោះថ្នាក់ , អាជ្ញាធរភ្នំពេញប្រកាសឲ្យពលរដ្ឋចូលរួមបុណ្យអុំទូករួមគ្នាថែរក្សាបរិស្ថាន និងក្រុមហ៊ុនស៊ិនទ្រីដាក់រថយន្ត៤៩គ្រឿង និងកម្មករ៤៨៩នាក់ សម្អាតបរិស្ថាន និងក្រសួងសុខាភិបាលក៏បានត្រៀមសេវាសង្រ្គោះបន្ទាន់ផងដែរ។

យោងតាមផែនការការពារលើកឡើងដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនាសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថាបុណ្យអុំទូក ឆ្នាំនេះ នឹងប្រើកម្លាំងសរុបចំនួន១២៧៥៤នាក់ ដាក់នៅតាមតំបន់សំខាន់ៗចំនួន៣គឺ តំបន់ A B និង C ហើយបែងចែកជាគោលដៅតូចៗ ផងដែរ ។ ក្នុងនោះកម្លាំងរបស់គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញមានរហូតជាង៨ពាន់នាក់ ។

ចំពោះនាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ បានប្ដេជ្ញាចិត្តថា នឹងការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យអុំទូកទាំង ក្នុងបរិវេណ និងក្រៅបរិវេណ ដើម្បីជៀសវាងនូវហេតុការណ៍គ្រោះថ្នាក់ ឧប្បទ្ទវហេតុ និងទប់ស្កាត់បទល្មើសចោរឆក់ប្លន់ជាដើម។

លោកមានប្រសាសន៍ថា “កម្លាំងទាំងនេះ នឹងការពារសន្តិសុខ សណ្តាប់ធ្នាប់ ទាំងក្នុងបរិវេណ កន្លែងប្រារព្ធពិធី និងក្រៅកន្លែងប្រារព្ធពិធី ដើម្បីជៀសវាងនូវហេតុការណ៍គ្រោះថ្នាក់ និងឧប្បទ្ទវហេតុផ្សេងៗ នៅក្នុងព្រះរាជពិធីដូចជាការសម្រួលចរាចរណ៍ចេញ-ចូល ទប់ស្កាត់បទល្មើសចោរឆក់ប្លន់ជាដើម”។

អ្វីដែលជាការគិតគូរដល់សុខភាពពលរដ្ឋចូលរួមកំសាន្តបុណ្យអុំទូកនោះ ក្រសួងសុខាភិបាល បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការផ្ដល់នូវសេវាសង្រ្គោះបន្ទាន់ផងដែរ ។

យោងតាមសេចក្ដីជូនដំណឹងក្រសួងសុខាភិបាល នៅថ្ងៃទី១៥ វិច្ឆិកា បានណែនាំឲ្យ ពលរដ្ឋត្រូវចេះថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយរួមគ្នាការពារទប់ស្កាត់ការចម្លងរោគឆ្លងនានា និងការពាររាគរូស ឬពុលចំណីអាហារ ។ ជាពិសេសកុំច្រានឬប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់ការដួលសន្លប់ដែលអាចកើតមានដោយយថាហេតុ បើមានបញ្ហាវិលមុខ ឬស្រវាំងភ្នែក ត្រូវអង្គុយ ឬហៅអ្នកជួយសង្រ្កោះជាបន្ទាន់។

ជាមួយគ្នានេះដែរ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវឲ្យ ពលរដ្ឋគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជៀសវាងគ្រោះថ្នាក់ដែលកំពុង តែចូលរួមសប្បាយទាំងអស់គ្នានៅថ្ងៃអុំទូក ។ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពដល់អ្នកធ្វើដំណើ នាព្រឹកថ្ងៃទី១៦ វិច្ឆិកា បានអំពាវនាវពលរដ្ឋគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍។

លោកស្រីបញ្ជាក់ថា “យើងធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ជាងរៀងរាល់ខែ។ពិសេសនោះ នៅពេលបុណ្យអុំទូកនៅពេលខាងមុខនេះ ពលរដ្ឋជាច្រើននឹងអញ្ជើញ ទៅមើលក្នុងរាជធានីភ្នំពេញ អីចឹងយើងធ្វើនេះ ដើម្បីពញាក់ស្មារតី ក្នុងការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក” ។

សម្រាប់ខាងផ្នែកអនាម័យវិញ រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រកាសជូនដំណឹងដល់អាជីវករលក់ដូរនៅតាមស្តង់នានា និងពលរដ្ឋចូលរួមលេងកំសាន្ត ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថានឲ្យបានគ្រប់គ្នា ដើម្បីឲ្យមានសោភណ្ឌភាពធ្វើយ៉ាងណាឲ្យស័ក្តសមជាទីក្រុងដ៏ស្រស់ស្អាត។

បន្ថែមពីលើនេះទៀត ក្រុមហ៊ុនស៊ិនទ្រី ក៏បានត្រៀមរថយន្តដឹកសំរាមចំនួន៤៩គ្រឿង កម្មករចំនួន៤៨៩នាក់ និងសម្ភារៈមួយចំនួនសម្រាប់ចុះប្រមូល និងដឹកជញ្ជូនសំរាម ដើម្បីចូលរួមធ្វើការសម្អាតឲ្យបានទាន់ពេលវេលា។

ប្រធានប្រតិបត្តិផ្នែកប្រមូល និងដឹកជញ្ជូនសំរាមក្រុមហ៊ុនស៊ិនទ្រី លោក ខៀវ វុទ្ធី បានឲ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក ក្រុមហ៊ុនមានផែនការច្បាស់លាស់ បែងចែកកម្មករជាពីរក្រុម មានវេនថ្ងៃ និងវេនយប់។ ក្រៅពីកម្លាំងបោសសម្អាត និងរថយន្តដឹកជញ្ជូន នៅមានរទេះអូសសំរាមចំនួន១៨គ្រឿង ធុង Damster ឬដេប៉ូទុកដាក់សំរាមចំនួន ៧ធុងធំៗ និងមានកញ្ឆេរសម្រាប់ពង្រាយដាក់តាមសួនច្បារ ដងផ្លូវ និងកន្លែងប្រគំតន្រ្ដីចំនួន ១.២០២បន្ថែមទៀត។

សូមបញ្ជាក់ថា បុណ្យអុំទូក ត្រូវបានប្រារព្ធតាំងពីសម័យបុរាណកាលមក ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ក្នុងឆ្នាំ (១១៧៧ នៃ គ.ស) ដល់ឆ្នាំ (១១៨១ នៃ គ.ស) ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ (ពួកចាមជ្វា) ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប ។

ពិធីបុណ្យអុំទូកមានរយៈពេល ៣ថ្ងៃ ។ ថ្ងៃទី១ ជាថ្ងៃបើកកិច្ចប្រណាំងទូក ព្រះរាជាត្រូវរៀបចំព្រះទីនាំងទូកសត្វមករ២ទន្ទឹមគ្នា ធ្វើជាទីព្រ័ត ដែលកម្ពុជាបានប្រារព្ធធ្វើក្នុង រាជព្រះបាទស៊ីសុវត្ថ ក្នុងឆ្នាំ១៩១៤ ។ នៅក្នុងតឹកតាងនៃចម្លាក់ទូកក្នុង ប្រាសាទបន្ទាយឆ្មារ និង ប្រាសាទបាយ័ន ត្រូវបានគេជឿថា ស្ថាប័ត្យកម្មខ្មែរបានប្រើសប្រាសការរចនាមូដទូកជាច្រើនប្រភេទដូចជា ទូក សត្វមករ ទូកនាគក្បាល៥ ទូកគ្រុឌ ទូកនាគក្បាលមួយ ទូករាជហង្ស ទូកក្បាលដំរី ទូកក្រពើ ទូកហនុមានជិះយក្ស ទូកសុវណ្ណមច្ឆា …។ នាពេលចូលដល់ពេលល្ងាច គេមានការលយប្រទីប ដើម្បីបួងសួងសុំសេចក្ដីសុខពី ព្រះម៉ែគង្គារ ដែលមានឈ្មោះថា នាងគង្ហីង ព្រះធរណី ។

ចំណែកថ្ងៃទី២ នៃពិធីអកអំបុក និងសំពះព្រះខែត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើង ដើម្បីរម្លឹកដល់ ព្រះឥន្ទ្រាធិរាជ ដែលក្រឡាខ្លួនជាសត្វទន្សាយ ហើយបានលះបង់អាយុសង្ខារ ក្នុងការបំពេញសេចក្ដីស្រែកឃ្លានរបស់បុរសព្រាហ្មណ៍ ។

សម្រាប់ថ្ងៃទី៣ កម្មករមកពីគ្រប់ខេត្ត ចូលរួមជាមួយអ្នករស់នៅទីក្រុង ដើម្បីអបអរដោយយប់និងថ្ងៃ ៕

Facebook Comments

To Top