កីឡា

Honda ធ្វើរឿងគួរឲ្យគោរព ទាំងព្រឹកហ្មងថ្ងៃនេះ!

ភ្នំពេញ៖ អ្នកចាត់ការទូទៅ ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងទទួលបានការ កោតសរសើរជាខ្លាំង នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ តាមរយៈការបង្ហោះរូបថត ២សន្លឹក លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន គឺជាសកម្មភាពលោកកំពុង ធ្វើការហ្វឹកហាត់ដោយខ្លួនឯង នៅលើទីលានពហុកីឡដ្ឋានជាតិ ស្របពេលកាលពីព្រឹកមិញ ក្រុមគោព្រៃកម្ពុជា ក៏ហ្វឹកហាត់នៅទីនោះដែរ ។

ចំពោះរូបថតត្រូវបានអ្នកគាំទ្រកម្ពុជា ចាត់ទុកជារឿងគួរឲ្យគោរព និងកោតសរសើរនោះ គឺស្ដែងចេញពីការយកចិត្តទុកដាក់ និងការលះបង់របស់លោក Honda ទោះបីលោកកំពុងរៀបចំយុទ្ធសាស្ដ្រ ដើម្បីដឹកនាំក្រុមរហស្សនាមគោព្រៃកម្ពុជា ត្រៀមប្រកួតបន្ទាប់ នៃពានរង្វាន់ AFF Suzuki Cup 2018 យ៉ាងណា ក៏លោកមិនភ្លេចឆ្លៀតហ្វឹកហាត់ដោយខ្លួនឯង ដើម្បីរក្សាសមត្ថភាព សម្រាប់ត្រឡប់ទៅជួយ ក្លឹបអាជីពរបស់ខ្លួនវិញដែរ គឺក្លឹប Melbourne Victory FC នៃលីគកំពូលអូស្ដ្រាលី ។

គួរបញ្ជាក់ថា បច្ចុប្បន្នលោក Honda កំពុងដឹកនាំក្រុមគោព្រៃកម្ពុជា ត្រៀមបើកទ្វារផ្ទះទទួល ក្រុមជម្រើសជាតិឡាវ នាថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ ។ ប៉ុន្ដែ ៥ប្រកួតមកហើយ ទាំងប្រកួតមិត្ដភាព និងប្រកួតផ្លូវការ ក្រោមការដឹកនាំរបស់លោក កម្ពុជាមិនទាន់ស្គាល់ពាក្យឈ្នះនោះទេ ។ តែតាមគម្រោងក្រោយជំនួបពានរង្វាន់ AFF Suzuki Cup 2018 ជាមួយក្រុមភ្ញៀវឡាវ លោក Honda ទំនងត្រូវត្រឡប់ទៅជួយក្លឹប Melbourne Victory វិញ ដោយសារក្រុមកំពុងឈរលេខ៤ នៃលីគកំពូលអូស្រ្ដាលីនេះ ត្រូវប៉ះក្រុម SYDNEY FC ក្នុងជំនួបសប្ដាហ៍ទី៥ នាថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ ៕

Facebook Comments

To Top