ព័ត៌មានជាតិ

ក្រុមហ៊ុនស៊ិនទ្រី ដាក់រថយន្ត ៤៩គ្រឿង និងកម្មករ ៤៨៩នាក់ សម្អាតនៅថ្ងៃអុំទូក

ភ្នំពេញ ៖ ដើម្បីចូលរួមថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រុមហ៊ុនស៊ិនទ្រី បានត្រៀមរថយន្តដឹកសំរាមចំនួន៤៩គ្រឿង និងកម្មករចំនួន៤៨៩នាក់ និងសម្ភារៈមួយចំនួន សម្រាប់ចុះប្រមូល និងដឹកជញ្ជូនសំរាមក្នុង ព្រះរាជពិធីបុណ្យអុំទូក ដើម្បីចូលរួមធ្វើការសម្អាតឲ្យបានទាន់ពេលវេលា។

បើយោងតាមការចេញផ្សាយរបស់ AKP ប្រធានប្រតិបត្តិផ្នែកប្រមូល និងដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី លោក ខៀវ វុទ្ធី បានឲ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក ក្រុមហ៊ុនមានផែនការច្បាស់លាស់ បែងចែកកម្មករជាពីរក្រុម មានវេនថ្ងៃ និងវេនយប់។

លោកបន្តថា វេនថ្ងៃចាប់ពីម៉ោង៥ភ្លឺ ដល់ម៉ោង៣រសៀល ហើយវេនយប់ចាប់ពីម៉ោង១១យប់ ដល់ម៉ោង៧ព្រឹក ដោយមានកម្មករបោសសម្អាត ចំនួន៤៨៩នាក់ និងរថយន្តដឹកជញ្ជូនសំរាម ចំនួន៤៩គ្រឿង ។ ក្រៅពីកម្លាំងបោសសម្អាត និងរថយន្តដឹកជញ្ជូន នៅមានរទេះអូសសំរាម ចំនួន១៨គ្រឿង ធុង Damster ឬដេប៉ូទុកដាក់សំរាមចំនួន ៧ធុងធំៗ និងមានកញ្ឆេរសម្រាប់ពង្រាយដាក់តាមសួនច្បារ ដងផ្លូវ និងកន្លែងប្រគំតន្រ្ដី ចំនួន ១.២០២បន្ថែមទៀត។

លោកបញ្ជាក់ថា ការប្រមូលសំរាមសម្អាតក្នុង ព្រះរាជពិធីបុណ្យអុំទូកនេះ បានចែកចេញជា៦ក្រុម និងបែងចែកជា២វេន គឺវេនទី១-វេនថ្ងៃចាប់អនុវត្ដន៍ ពីម៉ោង៥ព្រឹក រហូតដល់ម៉ោង៤ល្ងាច។ ចំណែកវេនទី២- គឺវេនយប់ចាប់អនុវត្ដន៍ពីម៉ោង១យប់ រហូតដល់ម៉ោង៥ព្រឹក។ ទាំងនេះ គឺជាផែនការរៀបចំកម្លាំង តាមគោលដៅដែលត្រូវអនុវត្តន៍ ដើម្បីចុះប្រមូលសំរាម ឲ្យបានទាន់ពេលវេលា ។

ជាមួយគ្នានេះដែរ លោក ខៀវ វុទ្ធី ក៏សំណូមពរពលរដ្ឋ និងអាជីវករ ក៏ដូចជាអ្នកមកចូលទស្សនាក្នុង ព្រះរាជពិធីបុណ្យអុំទូក ចូលរួមសហការក្នុង ការវេចខ្ចប់ទុកដាក់ កាកសំណល់សំរាមឲ្យបានត្រឹមត្រូវ ទៅតាមការកំណត់ជៀសវាង ធ្វើឲ្យបាត់បង់សោភណ្ឌភាពក្នុង ព្រះរាជពិធីបុណ្យនេះ៕ ដោយ ៖ អេង ប៊ូឆេង

 

Facebook Comments

To Top