កីឡា

កីឡាករឆ្នើមៗ ៧រូបនេះ ត្រូវបានក្លឹបស្វាយរៀង បន្ដកិច្ចសន្យាដល់ឆ្នាំ២០២១!

ភ្នំពេញ៖ កីឡាករស្នូល ៧រូប រួមមានកីឡាករ ប្រាក់ មុន្នីឧត្តម, សឿយ វិសាល, សារ៉េត គ្រីយ៉ា, នេន សុធារដ្ឋ, នុប តុលា, ជា សំណាង និងអ្នកចាំទី អាំ សុវណ្ណារ៉ាត់ ត្រូវបានក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកិច្ចសន្យាជាច្រើនឆ្នាំ ដើម្បីរួមចំណែកជួយ ក្លឹបនារដូវកាលក្រោយ ។ នេះបើយោងតាមការជូនដំណឹង លើទំព័រហ្វេសប៊ុកផ្លូវការ របស់ក្លឹបកាលពីម្សិលមិញ ។

ប្រភពព័ត៌មានច្បាស់ការខាងលើ បានបញ្ជាក់ថា សម្រាប់កីឡាករ ៣រូប គឺមាន នុប តុលា, ជា សំណាង និងអ្នកចាំទី អាំ សុវណ្ណារ៉ាត់ ត្រូវបានក្លឹបប្រកាសបន្ដ កិច្ចសន្យារហូតដល់ឆ្នាំ២០២១ ។ រីឯកីឡាករ ៤រូបទៀត មិនត្រូវបានក្លឹបបញ្ជាក់ឲ្យដឹងនោះទេ គ្រាដែលបច្ចុប្បន្ន ប្រាក់ មុន្នីឧត្តម, សឿយ វិសាល, សារ៉េត គ្រីយ៉ា និងនេន សុធារដ្ឋ កំពុងជាប់ភារកិច្ចជួយ ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ។

ប៉ុន្ដែមុនប្រកាសបន្ដ កិច្ចសន្យាកីឡាករឆ្នើមៗខាងលើ ក្លឹបបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នេះ បានប្រកាសចែកផ្លូវជាមួយ កីឡាករជាច្រើនមកហើយ ពិសេសគឺកីឡាករខ្មែរ ដែលត្រូវបានចាកចេញកាលពីពេលថ្មីៗជិត ១០នាក់ឯណោះ ។ ទន្ទឹមជាមួយគ្នា ក្លឹបក៏កំពុងសម្លឹងរកកីឡាករបន្ថែម សម្រាប់ត្រៀមរដូវកាលថ្មី ឆ្នាំ២០១៩ខាងមុខផងដែរ ៕

Facebook Comments

To Top