ព័ត៌មានជាតិ

កម្ពុជា-AFD ចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញ ប្បទានសហប្រតិបត្តិការ គម្រោង៣ មានទឹកប្រាក់ជិត ១០០លានដុល្លារ​

ភ្នំពេញ ៖ លោក អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Rémi GENEVEY ប្រធាននាយកដ្ឋាន អឺរ៉ុបខាងកើត, មជ្ឈឹមបូព៌ា និងអាស៊ី នៃទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោង និងកម្មវិធីចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ៨៤,៦៧ លានអឺរ៉ូ ត្រូវជាប្រមាណ ៩៦,៤លានដុល្លារអាមេរិក នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមសេក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា គម្រោងទី១-ឥណទានសម្បទានចំនួន៥៥លានអឺរ៉ូ សម្រាប់កម្មវិធីគ្រប់គ្រង ធនធានទឹក និងការផ្លាស់ប្ដូរវិស័យកសិកម្មសម្រាប់ ប្រទេសកម្ពុជាដំណាក់កាលទី១ ,ទី២-ហិរញ្ញប្បទានឥតសំណាង ចំនួន២៥លានអឺរ៉ូ សម្រាប់កម្មវិធីជំរុញ កំណើនវិស័យ ជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន និងទី៣-ហិរញ្ញប្បទានឥតសំណង ចំនួន៤,៦៧លានអឺរ៉ូ សម្រាប់គម្រោងគ្រប់គ្រងទឹកស្អាត និងអានាម័យ។

គួររំលឹកថា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ រាប់ទាំងកិច្ចព្រមព្រៀងទាំង៣ នេះផង រដ្ឋាភិបាលនៃសាធារណរដ្ឋ បារាំងតាមរយៈ AFD បានផ្ដល់ហិរញ្ញប្បទានសរុបដល់ កម្ពុជាប្រមាណជាង៥៥៤លាន អឺរ៉ូ ៕

 

Facebook Comments

To Top