កីឡា

ជម្រើសជាតិ ទោចក្រយាន្តកម្ពុជា លើកមុខមាត់វិស័យ កីឡាប្រណាំងកង់ លើឆាកអន្តរជាតិ តាមរយៈជ័យលាភី ពីការប្រកួត នៅប្រទេសមីយ៉ាន់ម៉ា

ជម្រើសជាតិទោចក្រយាន្តកម្ពុជា ចំនួន៨រូប ឧបត្ថមដោយភេសជ្ជៈប៉ូវកម្លាំង វើក បានត្រឡប់មកដល់កម្ពុជាវិញហើយ ជាមួយស្នាមញញឹម និង មោទកភាពពីជ័យលាភីជើងឯក និង មេដាយក្នុងព្រឹត្តិការណ៍ ប្រណាំងកង់អន្តរជាតិ Mandalay Criterium Bike Race 2018 នៅទីក្រុងម៉ាន់ដាឡេ ប្រទេសមីយ៉ាន់ម៉ា កាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ ហើយមានការចូលរួម ពីកីឡាករមកពីប្រទេសសឹង្ហបុរី ចិន ឥណ្ឌា មីយ៉ាន់ម៉ា និង កម្ពុជា។

ក្រោយពីបញ្ចប់ការប្រកួត ដ៏ស្វិតស្វាញ ទាំងបច្ចេកទេស និង ល្បឿន ជាមួយកីឡាករជម្រើសជាតិ មកពីបណ្តា ប្រទេសខាងលើ លទ្ធផលរបស់កីឡាករជម្រើសជាតិកម្ពុជា ដែលទៅចូលរួមប្រកួតនោះរួមមាន កីឡាករ យឿន ភីយុតទទួលបាន ចំណាត់ថ្នាក់លេខ ២ សម្រាប់ការប្រណាំងអាយុក្រោម ២៣ ឆ្នាំ ផ្នែកបុរស រីឯ ការប្រណាំងសម្រាប់វ័យជំទង់វិញ កីឡាករកម្ពុជា លោក គឹម ចន្ធូ ទទួលចំណាត់ថ្នាក់លេខ ១ ពានជើងឯក ដោយឡែកកីឡាករ វុន សាវីន ទទួលបានចំណាត់លេខ ៣ និង ប៊ុន សេងប៉ាវបានលេខ ៤។

Frank Zogznik ដែលជាគ្រូបង្វឹក ហើយក៏ជាអ្នកដឹកនាំកីឡាករកម្ពុជា ទៅកាន់ការប្រកួត ខាងលើបានឲ្យដឹងថា “សម្រាប់ការប្រណាំង ផ្នែកយុវជនបុរស កីឡាករ គឹម ចន្ធូ ដែលជាជើងឯកឈ្នះពាន ពិតជាធ្វើបានល្អមែនទែន តាំងពីពេលចាប់ផ្តើម រហូតដល់ទីបញ្ចប់ គឺពុំមានកីឡាករណាមួយ អាចតាមទាន់គាត់បានឡើយ ក្នុងខណៈដែល កីឡាករ វុន សាវីន និង ប៊ុន សេងប៉ាវ ក៏បានខិតខំយ៉ាងស្វាហាប់ ដោយបញ្ចប់ទៅជាមួយ នឹងចំណាត់ថ្នាក់លេខ៣ និងលេខ៤ តាមពីក្រោយកីឡាករម្ចាស់ផ្ទះភូមា ដែលទទួលបានចំណាត់ថា្នក់លេខ២។”

លោកក៏បានបន្ថែមថា “ចំណែកកីឡាករប្រណាំងផ្នែកបុរស វ័យក្រោម២៣ឆ្នាំ យឿន ភីយុត បិះតែនឹងទទួលបាន ចំណាត់ថ្នាក់លេខ១ទៅហើយ តែដោយសារទេពកោសល្យ និងជំនាញក្នុងការគ្របគ្រងល្បឿន របស់កីឡាករ មកពីប្រទេសចិន ធ្វើឲ្យគាត់របូត ឱកាសដ៏ល្អមួយនេះ។” ទោះបីជាដូច្នេះក្តី សាម៉ីខ្លួនបានសម្តែង នូវការតាំងចិត្តថា រូបគេនឹងមិនឲ្យបាត់បង់ ឱកាសម្តងទៀតនោះទេ គេនឹងព្យាយាមហ្វឹកហាត់ ដើម្បីនាំយកនូវកិត្តិយសជូនជាតិ ក្នុងព្រឹត្តិការណ៍ខាងមុខ។”

លោក លាង ពៅ (ភីធើរ) អគ្គនាយក ក្រុមហ៊ុនផលិតភេសជ្ជៈកម្លាំង វើក ហើយក៏ជាអ្នកស្នេហា វិស័យជិះកង់ម្នាក់ផងដែរនោះ បានបន្ថែមថា “យើងពិតជាមានមោទកភាព និង រីករាយបំផុតជាមួយលទ្ធផល ដែលកីឡាករជម្រើសជាតិ ទោចក្រយាន្តកម្ពុជា បាននាំមកជូន ប្រជាពលរដ្ឋកម្ពុជា ជាតិមាតុភូមិ និង លើកមុខមាត់វិស័យ កីឡារប្រណាំងកង់នេះ នៅលើឆាកអន្តរជាតិ។”

លោកបន្ថែមទៀតថា “ក្នុងនាមជាម្ចាស់ឧបត្ថម សហព័ន្ធកីឡាទោចក្រយាន្ត យើងសូមកោតសរសើរ ដល់ការខិតខំប្រឹងប្រែង របស់កីឡាករកម្ពុជា គ្រូបង្វឹក និង ថ្នាក់ដឹកនាំសហព័ន្ធ រហូតទៅដល់ការនាំយកជ័យជំនះ មកដល់មាតុប្រទេសវិញ និង លើកទឹកចិត្តអោយក្រុមកីឡាករ និងគ្រូបង្វឹកខិតខំបន្តទៀត ដើម្បីយកជ័យជម្នះផ្សេងទៀត ពីអន្តរជាតិនៅពេលខាងមុខ។”

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕

ដោយ៖ ហុង

Facebook Comments

To Top