ជីវប្រវត្តិឥស្សរជន

ប្រវត្តិសង្ខេប​ អ្នកសច្ចំភ្នំត្បែង លោកតា សួង និងការសាងសង់បុស្បុក សម្រាប់តំកល់រូបសំណាក

ព្រះវិហារ៖ការសាងសង់បុស្បុក​​ និងរូបសំណាក​ លោកតា​ សួង​ នេះឡើង​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​ព្រះ​វិហារ​ ដោយ​បាន​ប្រគល់​ជូន​ លោក​ សំ​ លាងទ្រី​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​វិហារ​ ជាអ្នកដឹកនាំ​ការងារ​សាងសង់​ដោយផ្ទាល់​។

ចំពោះ​ថវិកា​នៃការ​សាងសង់​រូបសំណាកអ្នកដសច្ចំភ្នំត្បែង បាន​មកពីជំនួយ​ឧបត្ថម្ភ របស់​ លោក អ៊ុន​ ចាន់ដា​ ​អភិបាលខេត្ត​ សប្បុរសជននានានៅក្នុងខេត្ត​ និងនៅ​ជិតឆ្ងាយផងដែរ។

អ្នកសច្ចំភ្នំត្បែង លោកតា សួង ព្រះនាមដើម ជុក សួង កើតថ្ងៃអង្គារ ១៥កើត ខែកត្ដិក ឆ្នាំជូត ឆស័ក ព.ស. ២៤៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា គ.ស.១៩២៤ ក្នុងត្រកូលកសិករ នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។ ឳពុកឈ្មោះ ពួត ជុក ម្ដាយឈ្មោះ អ៊ិន ផាន់ មានបងប្អូន៨នាក់ ។

នៅគ.ស.១៩៤០ ឳពុកម្ដាយបានបញ្ជូនឱ្យទៅស្នាក់នៅរៀនសូត្រក្នុងវត្តគូលែនជើង។ អាយុ១៨ឆ្នាំ បានបួលជាសាមណេរ និងបានបំពេញជាព្រះភិក្ខុក្នុងព្រះជន្ម ២០ព្រះវស្សា​។ ក្នុងគ.ស.១៩៤៥ លោកបាន លាចាកសិក្ខាបទមកប្រកបរបស្រែចំការជាមួយគ្រួសារមួយរយៈ ក៏ថ្វាយបង្គំលាឳពុកម្ដាយទៅបួសរៀន ជាអ្នកសច្ចំនៅលើខ្នងភ្នំត្បែង ចេះនូវក្បួនហោរាសាស្ត្រ ក្បួនវេជ្ជសាស្ត្របុរាណ និងមន្តអាគមគាថា ដ៏ពូកែស័ក្ដិសិទ្ធ។

បន្ទាប់មកនៅ គ.ស.១៩៧០ លោកតា សួង បាននិមន្តចុះពីភ្នំត្បែង មកផ្សព្វផ្សាយព្រះធម៌ អប់រំអ្នកស្រុកឱ្យធ្វើ អំពើល្អ កតញ្ញូចំពោះអ្នកមានគុណ ជួយសង្គ្រោះអ្នកមានទុក្ខភ័យ និងជួយព្យាបាលអ្នកមានជំងឺ។ តាំងពី ពេលនោះ គុណធម៌អ្នកសច្ចំភ្នំត្បែង បានល្បីសុះសាយគ្រប់ទិសទី រហូតដល់ព្រះរាជាណាចក្រថៃ។

លោកតា សួង សុគតនៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំរោង ទោស័ក ព.ស. ២៥៤៤ ត្រូវនឹង ថ្ងៃទី០៨ ខែកញ្ញា គ.ស.២០០០ នៅវត្តព្រៃផាថាណា ស្រុកភូសិញ ខេត្តស៊ីសាកេត (ព្រះរាជាណាចក្រ ថៃ) ក្នុងព្រះជន្ម ៧៦ព្រះវស្សា។

ការបាត់បង់អ្នកសច្ចំភ្នំត្បែង មហាជនប្រុសស្រីមានការសោកស្ដាយជាទីបំផុត។ ឯការកសាងបដិមា លោកតា សួង នៅទីនេះ គឺដើម្បីឧទ្ទិសដល់បុណ្យបារមី របស់អ្នកសច្ចំដទៃទៀត ដែលលោកតែងតែជួយ អប់រំ និងជួយសង្គ្រោះមនុស្សទូទៅ ជាបុព្វហេតុនាំមកនូវសុខសន្តិភាពក្នុងសង្គមជាតិ៕

 

Facebook Comments

To Top