កីឡា

ភ្នំពេញ៖ ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា បានរបូត ៣ពិន្ទុទៀតទៅហើយ ក្រោយត្រូវក្រុមម្ចាស់ផ្ទះ មីយ៉ាន់ម៉ាវាយ

ភ្នំពេញ៖ ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា បានរបូត ៣ពិន្ទុទៀតទៅហើយ ក្រោយត្រូវក្រុមម្ចាស់ផ្ទះ មីយ៉ាន់ម៉ាវាយ បកយកឈ្នះ ៤-១ នៃការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ប្រចាំពូលA នៅកីឡដ្ឋាន Mandalarthiri នាទីក្រុង Mandalay ដែលធ្វើឲ្យកម្ពុជា បន្ដកំណត់ត្រាមិនទាន់ស្គាល់ពាក្យ ឈ្នះដដែល តាំងពីលោក Keisuke Honda ចូលមកដឹកនាំក្រុមគោព្រៃកម្ពុជាមក ។

នេះគឺជាការបរាជ័យលើកទី២ ក្នុងពូលA បន្ទាប់ពីប្រកួតបើកឆាកចាញ់ក្រុមម៉ាឡេស៊ី លើទឹកដីខ្លួន ១-០ កាលពីពេលថ្មីៗ ។ ការបរាជ័យផ្ទួនៗនេះ បានធ្វើឲ្យក្រុមរហស្សនាមគោព្រៃកម្ពុជា នៅសល់ឱកាសតិចតួចបំផុតក្នុងការប្រជែងកៅអីវគ្គបន្ដ ត្បិតនៅសល់ ២ប្រកួតក្នុងដៃ ដោយត្រូវជួបក្រុមជម្រើសជាតិឡាវ នាថ្ងៃទី២០ ខែវិច្ឆិកា និងជួបក្រុមជម្រើសជាតិវៀតណាម ក្រៅដីនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ ។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតជាមួយមីយ៉ាន់ម៉ា នារាត្រីនេះ ក្រុមកម្ពុជា ហាក់ធ្វើបានល្អនៅតង់ទី១ ដោយមានឱកាសគ្រប់គ្រងបាល់ និងបង្កើតឱកាសក្នុងប្រអប់គ្រោះថ្នាក់របស់គូប្រជែងប្រហាក់ប្រែលគ្នា រហូតរកបាន ១គ្រាប់នាំមុខ ដោយកីឡាករ ចាន់ វឌ្ឍនាកា ។ តែគួរឲ្យស្ដាយចូលតង់ទី២ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានដាក់សម្ពាធយ៉ាងខ្លាំងលើក្រុមលោក Honda ហើយបានបំប៉ោងសំណាញ់ទីកម្ពុជាផ្ទួនៗចំនួន ៤គ្រាប់ ធ្វើឲ្យពួកគេទទួលបាន ៣ពិន្ទុពេញតែម្ដង ស្របពេលកម្ពុជា បានត្រឹមសោកស្ដាយ បន្ទាប់ពីព្យាយាមវាយបក តែមិនបានសម្រេច ។

គួរបញ្ជាក់ថា គិតចាប់តាំងពីលោក Honda មកដឹកនាំក្រុមគោព្រៃកម្ពុជា គឺបានធ្វើការប្រកួតចំនួន ៥ប្រកួតមកហើយ ក្នុងនោះមានប្រកួតមិត្តភាព ៣ប្រកួត និងផ្លូវការ ២ប្រកួត តែមិនទាន់ស្គាល់ពាក្យឈ្នះម្ដងឡើយ ដោយបានត្រឹមស្មើម្ដងគត់ ពេលជួបក្រុមជម្រើសជាតិទីម័រខាងកើត ដែលបញ្ចប់ត្រឹមលទ្ធផល ២-២ ក្នុងជំនួបមិត្តភាព កាលពីដើមខែតុលា ។ ដូច្នេះអ្នកគាំទ្រកំពុងចាំអ៊ុត ចាំមើលតើចប់យុទ្ធនាការប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាននេះ តើលោក Honda នឹងប្រើយុទ្ធសាស្ដ្រអ្វី ដើម្បីដឹកនាំក្រុមគោព្រៃកម្ពុជាបង្កើតកំណត់ត្រាឈ្នះលើកដំបូង? ៕

Facebook Comments

To Top