ព័ត៌មានជាតិ

Update៖ តុលាការ​ចេញ​ដីកា​ឃុំ​ខ្លួន​លោកស្រី​ លី​ អ៊ុអេង​ ករណី​ចេញសែក​ស្អុយ​ជាង​៣លានដុល្លារ​

ភ្នំពេញ​៖ លោក​ម៉ុង មុនី​សោភា​ ​ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​រាជធានី​ភ្នំពេញ ​បានចេញ​ដីកាឃុំខ្លួន​លោក​ស្រី លី អ៊ុអេង​ ដាក់ពន្ធនាគារ​នៅរសៀល​ថ្ងៃទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ករណី​ចេញសែក​ គ្មានសាច់​ប្រាក់​ ជាង​៣លានដុល្លារ​អាមេរិក ។

សូមរំលឹកថាលោក​ស្រី​ លី អ៊ុអេង​ នាយិកា​ក្រុមហ៊ុន ​លី​អ៊ុអេង​លី​មី​ធី​ត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅ​ទឹកដី​ខេត្តសៀមរាប​តាម​ដីកា​របស់​សាលាដំបូង​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ការចេញ​សែក​ អត់​សាច់ប្រាក់​ ចំនួន​ជាង​៣​លាន​ដុល្លារ​អាមេរិក​។​

បន្ទាប់ពី​ចាប់ខ្លួន បាន​ហើយ​សាលាដំបូង​ខេត្តសៀមរាប​បាន​ ផ្ទេរ​សមត្ថ​កិច្ចចាត់ការ​សំណុំ​រឿងនេះ​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ ​រួច​បញ្ជូន​លោក​ស្រី លី អ៊ុអេង​ មក​រាជធានី​ភ្នំពេញ​ ។​

សូម​បញ្ជាក់​ថា លោក ងួន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្តសៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ​បានចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លោក​ស្រី​ លី អ៊ុអេង​ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់​ពីបទ “មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​” ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨​។​

បើតាម​ដីកា​តុលាការ​ ,​ មុនពេល​ចាប់ខ្លួន​នេះ​គឺ​លោកស្រី​ លី អ៊ុអេង​ បានគេច​ខ្លួន​មិន​ទទួលខុសត្រូវ នៅពេលដែល​សមត្ថកិច្ច​បាន​ទៅដល់​គេហដ្ឋាន​របស់លោក​ស្រី​។​

​ក្រៅពី​សំណុំ​រឿងនេះ នៅមាន​ប្រជាពលរដ្ឋ ​ចំនួន​៨​គ្រួសារ បាន​ចោទ​លោកស្រី​ លី អ៊ុអេង​ ថា​រំលោភ​យក​ដី​របស់​ ពួកគាត់​ប្រមាណ​ជាង ១០​ហិកតា នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង និង​ខេត្តសៀមរាប​៕

ដោយ៖ គិរី​

 

Facebook Comments

To Top