ព័ត៌មានជាតិ

​ប្រទះឃើញមន្ត្រីយោធាម្នាក់ ដេកស្លាប់សង្ស័យដួលម៉ូតូ នៅស្រុកអន្លង់វែង

ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ ត្រូវបានអ្នកធ្វើដំណើរប្រទះឃើញដេកស្លាប់ នៅតាមដងផ្លូវលំ ចាក់ក្រួសក្រហម កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៨​ ខែ វិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះឡុង គង់ ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបរជាយោធាអង្គភាព ក្នុងកងវរៈសេនាធំលេខ៤ កងពលធំអន្តរាគមន៍លេខ២ ដែលមានស្រុកកំណើត នៅឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បច្បន្នរស់នៅភូមិពងទឹក ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ។

អ្នកធ្វើដំណើរ ដែលប្រទះឃើញសពជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុដោយមិនបានដឹងថា ជនរងគ្រោះជិះម៉ូតូដួលខ្លួនឯង ឬក៏មានរថយន្តបុកនោះទេ ស្រាប់តែបានឃើញជនរងគ្រោះ ដេកស្លាប់នៅលើចិញ្ចើមផ្លូវ ជាទីកន្លែងដែលស្ងាត់ មិនមានប្រជាពលរដ្ឋរស់នៅ ។ ក្រោយមកទើបមានអ្នកធ្វើដំណើរ នាំគ្នាឈប់មើល ក៏បានស្គាល់ជាយោធា រស់នៅក្នុងអង្គភាពជាមួយគ្នា ហើយបានទូរស័ព្ទរាយការណ៍ ដល់អង្គភាពនឹងប្រពន្ធកូន មកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖សុធា

Facebook Comments

To Top