ព័ត៌មានជាតិ

អ្នកកាសែតកម្ពុជា បញ្ចប់វគ្គសិក្សាស្តីពី ផ្លូវ១ខ្សែ ក្រវ៉ាត់១ នៅរដ្ឋធានីប៉េកាំង

ប៉េកាំង៖ អ្នកកាសែតកម្ពុជា ចំនួន៣រូប និងអ្នកកាសែតមកពី១៥ប្រទេសផ្សេងទៀត បានបញ្ចប់វគ្គសិក្សា រយៈពេល១សប្តាហ៍ ស្តីពី ផ្លូវ១ខ្សែ ក្រវ៉ាត់១ នៅរដ្ឋធានី ប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន។

កម្មវិធីសិក្សានេះ មានរយៈពេល៤០ម៉ោង រយៈពេល១សប្តាហ៍ ហ៍ (៣-៩វិច្ឆិកា)នៅក្នុងរដ្ឋធានីប៉េកាំង និង១សប្តាហ៍ទៀត បានចូលរួមវេទិកា បណ្តាញផ្សព្វផ្សាយព័ត៌មាន អាស៊ាន+៣ សន្និសីទស្តីពី ផ្លូវ១ខ្សែ ក្រវ៉ាត់១ នៅក្នុងខេត្តហាយណាន់ (២៨តុលា-៣វិច្ឆិកា) ។ សិក្ខាកាមមក ពីប្រទេសកម្ពុជា មានលោក សែន បញ្ញា នៃសារព័ត៌មានដើមអម្ពិល លោក យាន ខន្តី មកពីទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) និង កញ្ញា ខន ចំប៉ា នៃសារព័ត៌មាន ថ្មីៗ”

ក្នុងរយៈពេលស្នាក់អាស្រ័យ និងសិក្សាវគ្គខ្លីនេះ សិក្ខាកាមទាំង បានទទួលការបណ្តុះបណ្តាលពីអ្នកឯកទេស សាស្រ្តាចារ្យចិន ជាមួយនឹងការធ្វើបទបង្ហាញផ្សេងៗ ពីគំនិតផ្តួចផ្តើមផ្លូវ១ខ្សែ ក្រវ៉ាត់១ របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង។ ក្រៅពីសិក្សាទៅលើបទបង្ហាញសិក្ខាកាម ក៏បានទៅទស្សនកិច្ចកន្លែងសំខាន់ៗ ដែលជាប់ពាក់ព័ន្ធនឹងកម្មវិធីនេះ។

លោក សែន បញ្ញា បានថ្លែងអំណរគុណដល់សារព័ត៌មាន People’s Daily ដែលបានរៀបចំកម្មវិធីសិក្សា និងបានអញ្ជើញសារព័ត៌មាន ដើមអម្ពិល ព្រមទាំងអ្នកកាសែតផ្សេងៗ ទៀត ឲ្យមកស្វែងយល់ ពីគម្រោងដ៏មានសារៈសំខាន់ សម្រាប់កិច្ចអភិវឌ្ឍន៍ បណ្តាប្រទេសនានា ដែលបានគាំទ្រដល់គំនិតផ្តួចផ្តើមនេះ រួមទាំងប្រទេសកម្ពុជាផងដែរ។

លោក បញ្ញា បញ្ជាក់ថា “ការសិក្សានេះ គឺជាឱកាសដ៏ល្អមួយ សម្រាប់អ្នកកាសែតកម្ពុជា ក្នុងការជំរុញនិងផ្សព្វផ្សាយ ផ្លូវ១ខ្សែ ក្រវ៉ាត់១ ជូនដល់សាធារណជនខ្មែរ ដែលទទួលបានគម្រោងអភិវឌ្ឍប្រទេស ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ តភ្ជាប់ ទៅកាន់បណ្តាប្រទេសដៃទៀត នៅក្នុងតំបន់អាស៊ី អាហ្រ្វិក និងអឺរ៉ុប”។

គួរបញ្ជាក់ថា សិក្ខាកាមទាំងអស់ បានសិក្សារៀនសូត្រ នៅក្នុងសាកលវិទ្យាល័យ Tsinghua ដោយបានទទួលវិញ្ញាបនបត្រចំនួន២ ពីសាកលវិទ្យានេះ និងកាសែត People’s Daily៕

Facebook Comments

To Top