ព័ត៌មានជាតិ

ព្រះមហាក្សត្រមានបន្ទួលថាកម្ពុជា គឺជាប្រទេសអព្យាក្រឹត្យ និងជាកោះសន្តិភាព នៅអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ក្រោមការដឹកនាំដឹករបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អស់រយៈពេលជាង២០ឆ្នាំមកនេះ​​ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទួលថា កម្ពុជាគឺជាប្រទេសអព្យាក្រឹត្យ ជាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍ ហើយសមិទ្ធផលនានាជាច្រើនបានកសាងឡើង និងប្រារព្ធពិធីសម្ពោធជាបន្តបន្ទាប់សម្រាប់ប្រជារាស្រ្តប្រើប្រាស់នៅតាមខេត្តក្រុងនានាទូទាំងប្រទេស។

នាឱកាសយាងជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងទិវាបុណ្យឯករាជ្យជាតិលើកទី៦៥ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រះអង្គមានព្រះរាជបន្ទូល ប្រកបដោយក្តី សោមនស្សរីករាយ ក្រៃលែងក្នុងពេលយាងចូលរួមនៅក្នុងទិវារំលឹកខួបឯករាជ្យជាតិទី៦៥ នៃបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ។

ព្រះអង្គ មានព្រះរាជបន្ទូលថា ពេលនេះគឺជាឱកាសដ៏មានតម្លៃបំផុត នៃមាតុភូមិកម្ពុជាដែលបានទទួលនូវឯករាជ្យបរិបូណ៌និង សិទ្ធិសេរីភាពដ៏ពិសិដ្ឋពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ជាមួយគ្នានេះដែរ ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គមានព្រះរាជបន្ទួលថា ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ១៩៥៣មក ព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើនឹងសាធារណរដ្ឋបារាំងមាន ឋានៈជារដ្ឋ ឯករាជ្យពេញបរិបូណ៌។ បន្ទាប់ពីបានទទួលឯករាជ្យពេញលេញប្រជាជាតិកម្ពុជាមានឱកាសកសាងជាតិមាតុភូមិដោយផ្ទាល់ ព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គបានស្ថាបនាសង្គមរាស្រ្តនិយមបំពេញព្រះរាជកិច្ចដឹកនាំលើមាគ៌ាដ៏ភ្លឺស្វាង ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានការអភិវឌ្ឍន៍ជឿនលឿនលើគ្រប់វិស័យ ។

ព្រះអង្គមានព្រះរាជបន្ទួលថា “កម្ពុជាគឺជាប្រទេសអព្យាក្រឹត្យ ជាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍ ហើយសមិទ្ធផលនានាជាច្រើនបានកសាងឡើង និងបានប្រារព្ធពិធីសម្ពោធជាបន្តបន្ទាប់ សម្រាប់ប្រជារាស្រ្តប្រើប្រាស់នៅតាមខេត្តក្រុងនានាទូទាំងប្រទេស”។

ព្រះអង្គក៏បានកោតសរសើរចំពោះ សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និង សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័នទាំងអស់ ដែលបាន ប្រារព្ធពិធីបុណ្យខួបឯករាជ្យនេះហើយក៏ជាទិវាកំណើតនៃកងយោធពលខេមរភូមិន្ទផងដែរនៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជាយើងកំពុងមានស្ថិរភាពនយោបាយនិងសន្តិសុខជាតិដែលត្រូវបានធានាពេញលេញនិងស្របពេលដែលរាជរដ្ឋាភិបាលអណត្តិទី៦នៃរដ្ឋសភាកំពុងតែចាប់ផ្ដើមបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមតាមតួនាទីរបស់ខ្លួនយ៉ាងសកម្មនិងបានកោតសរសើរ ចំពោះការដឹកនាំលើផ្លូវត្រូវរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្លាតវៃដែលបានដាក់ចេញនូវនយោបាយដឹកនាំដ៏ត្រឹមត្រូវដែលនាំមកនូវសន្តិសុខភាព និងការ រីកចម្រើន។

នៅក្នុងឱកាសនោះដែរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលអំពាវនាវឲ្យបងប្អូនជនរួមជាតិ ទាំងអស់ចូលរួមថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដីនិងធ្វើឲ្យប្រទេសជាតិ កាន់តែអភិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ទៀត៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top