ព័ត៌មានជាតិ

ប្រវត្តិបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ភ្នំពេញ៖ ទិវាបុណ្យឯករាជ្យជាតិ គឺជាខួបគម្រប់នៃថ្ងៃទាមទារ បានឯករាជ្យពេញលេញជូនកម្ពុជា ពីប្រទេសបារាំង ក្រោមព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីអតីតព្រះករុណា ព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ។ ប្រទេសកម្ពុជា ស្ថិតក្រោមនឹមអាណានិគមបារាំង តាំងពីឆ្នាំ១៨៦៣ មកម្ល៉េះ លុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបកម្ពុជាទទួលបាន ឯករាជ្យបរិបូរណ៍មកវិញ។ តើឆ្លងកាត់ដំណាក់កាលអ្វីខ្លះ ទើបកម្ពុជាទទួលបានឯករាជ្យពេញលេញ?

បន្ទាប់ពីស្ថិតក្រោមនឹម អាណានិគមបារាំងប្រមាណ៨០ឆ្នាំ ពោលនៅឆ្នាំ១៩៤៩ ព្រះអង្គបានទាមទារឲ្យប្រទេសបារាំង បញ្ឈប់សន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខា នៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ ក្នុងឆ្នាំ១៩៤៩ ដដែលនោះ ព្រះអង្គបានឡាយព្រះហត្ថលេខា លើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំង ព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យ របស់ព្រះរាជអាណាចក្រកម្ពុជា។

លុះចាប់ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ច ទាមទារកេតនភណ្ឌឯករាជ្យ ១០០% ជូនជាតិមាតុភូមិ។ ប្រជារាស្ត្រកម្ពុជា ទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា “ព្រះមហាវីរបុរសជាតិ – ព្រះបិតាឯករាជ្យជាតិ”។ ក្រោយមកទៀត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ សម្ដេចព្រះបាទ នរោត្តម សីហនុ ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរណ៍ ជូនជាតិមាតុភូមិឲ្យបានដាច់ខាតក្នុងរយៈពេល៣ឆ្នាំ។

ដោយមានសហការីជួយគាំទ្រផង ព្រះអង្គទ្រង់ក៏យាងទៅកាន់ប្រទេសបារាំង នាខែកុម្ភៈ ឆ្នាំ១៩៥៣។ ខណៈនៅទីនោះ ព្រះអង្គបានផ្ញើសារលិខិត ជូនលោក វ៉ាំងសង់ អូរីយ៉ូល ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ចំនួន៣លើក ដោយលើកទី១ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៥៣ ពីទីក្រុងណាពូល។ លើកទី២ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៣ ពីទីក្រុងណាពូល ដដែល។ ដោយឡែក លើកទី៣គឺនៅថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៥៣ ពីទីក្រុងផុងតែណឺប្លូ តែរដ្ឋាភិបាលបារាំង ពុំបានអើពើទៅនឹងសំណើទាំងនោះឡើយ ជាហេតុធ្វើឱ្យព្រះអង្គទ្រង់សម្រេចព្រះទ័យ យាងទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក បន្តទៀត។

នៅកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ សម្ដេចព្រះ នរោត្តម សីហនុ បានថ្លែងទៅអ្នកសារព័ត៌មាន ដោយសង្កត់ធ្ងន់លើបញ្ហាពីរទាក់ទង នឹងរាជាណាចក្រកម្ពុជា និងប្រទេសបារាំង ដែលជាតំណាងប្រទេសលោកសេរី ក្នុងឥណ្ឌូចិន។ ក្នុងនោះ ទី១គឺបញ្ហាប្រយុទ្ធប្រឆាំងនឹងពួកកុម្មុយនីស។ ទី២គឺបញ្ហាឯករាជ្យបរិបូរណ៍ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្ដីថ្លែងទៅកាន់អ្នកសារព័ត៌មាន នាទីក្រុងម៉ុងរេអាល់ ព្រះអង្គទ្រង់បញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកុម្មុយនីសទេ ព្រោះថាប្រជាពលរដ្ឋខ្មែរម្នាក់ៗ សុទ្ធតែមានដីធ្លីជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន។ បញ្ហាដែលគេចង់បាននោះ គឺឯករាជ្យបរិបូរណ៍ សម្រាប់ប្រទេសជាតិ។ ចំណែកពួកកុម្មុយនីស គេមើលឃើញថា ប្រទេសកម្ពុជា ជាទីតាំងមួយដ៏ប្រសើរសម្រាប់ពួកគេ។

ដោយឡែក នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានសារព័ត៌មានដ៏ធំមួយ ឈ្មោះញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៥៣ ដែលធ្វើឲ្យពិភពលោកទាំងមូលភ្ញាក់ផ្អើលជាខ្លាំង។

ក្នុងខ្លឹមសារនោះគឺ “…បើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេ នោះនឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ ពោលប្រជាពលរដ្ឋខ្មែរ នឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុម្មុយនីស”។ សម្ដេចព្រះវររាជបិតាជាតិខ្មែរ សម្ដេចព្រះបរមរតនកោដ្ឋ បានលើកឡើងថា ក្នុងករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា “ពួកបារាំងទាំងអស់ដែលនៅក្នុងស្រុកខ្មែរនឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយរបស់ពួកគេនឹងមកដល់…”។ ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឲ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឲ្យរដ្ឋាភិបាលបារាំង ព្រមចូលរួមចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរណ៍ នៃព្រះរាជាណាចក្រកម្ពុជា។ លុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ បារាំងក៏បានប្រគល់ឯករាជ្យពេញលេញជូនកម្ពុជាវិញ៕

Facebook Comments

To Top