អន្តរជាតិ

នៅខាងក្រោយអាថ៌កំបាំង នៃ ការដកខ្លួនរបស់អាមេរិក ចេញពីអង្គការ UNESCO !

ការប្រកាសដកខ្លួនចេញពី UNESCO របស់អ៊ីស្រាអែល ត្រូវបានធ្វើឡើងដែរ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសដកខ្លួន​ជាផ្លូវការចេញពី UNESCO មុននេះ ។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ របស់រដ្ឋាភិបាល អ៊ីស្រាអែល គឺលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអីស្រាអែល បានចាត់ទុកសេចក្តីសម្រេចរបស់​សហរដ្ឋអាមេរិកក្នុងការ​ដកខ្លួនចេញពី UNESCO គឺ ជាភាពក្លាហ៊ាន ត្រឹមត្រូវ និងប្រកបទៅដោយសីលធម៌! ។

ចំពោះលោកស្រី Irina Bokova ប្រមុខដឹកនាំរបស់អង្គការ UNESCO វិញ បានចាត់ទុក ការសំរេចដកខ្លួនរបស់​សហរដ្ឋអាមេរិកចេញពី UNESCO គឺជាសកម្មភាពមួយគួរឲ្យសោកស្តាយ និងធ្ងន់ធ្ងរបំផុត!

ការសំរេចដកខ្លួនចេញពី UNESCO នេះ និងចូលជាធរមានជាផ្លូវការនៅចុងខែធ្នូ ២០១៨ នោះ គឺចាប់ពីពេលនេះ​រហូតដល់​ចុងឆ្នាំ ២០១៨ ភាគី Washington នៅតែបំពេញភារកិច្ចនិងកាតព្វកិច្ចយ៉ាងពេញលេញ ក្នុងឋានៈ ជារដ្នសមាជិក​ពេញសិទ្ធិ មួយរូបរបស់អង្គការ UNESCO នេះដដែល !។

ទន្ទឹមទៅនឹងហេតុការណ៍ប្រកាសដកខ្លួននេះ ក្រសួងការបរទេសអាមេរិកក៏បានអោយដឹងថា ភាគីអាមេរិកនិងបង្កើត​ក្រុមសង្កេតការណ៍មួយ ដែលមានភារកិច្ចប្រចាំការ ឃ្លាំមមើល និង តាមដានរាល់ការងារនៅក្នុង UNESCO ដែលក្រុម​នេះមានភារកិច្ចជួសមុខ អោយតំណាង ពេញសិទ្ធរបស់ខ្លួន នៅទីនេះ! ។

ស្របពេលទៅនឹងសកម្មភាពរបស់សហរដ្ឋអាមេរិកចំពោះ UNESCO យ៉ាងដូច្នោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏បាន​ចេញបទបញ្ជា ណែនាំអោយក្រសួងការបរទេស អ៊ីស្រាអែលរៀបចំនីតិវិធី បណ្តើរៗ ដើម្បីត្រៀមដកខ្លួនចេញ ពី UNESCO ក្នងពេលជាមួយអាមេរិក តែម្តង ! ។

មូលបទណា ដែលនាំអោយ Donald. Trump មិនចូលចិត្ត UNESCO!

UNESCO គ្រាន់តែជាគោលដៅមួយដ៏សាមញ្ញាបំផុតសម្រាប់អាមេរិក ដោយអង្គការ UNESCO គឺជាស្ថាប័ន​ពហុភាគីមួយ មានគោលដៅអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ដែលក្រៅពីនេះក៏រួមមានទាំងការជម្រុញ បណ្តុះបណ្តាល អប់រំ gender លុបបំបាត់ភាពអនក្ខរកម្ម និងសមធម៌សម្រាប់ស្រី្តផង ។

មូលហេតុចម្បង ដែលនាំអោយសហរដ្ឋអាមេរិកដកខ្លួនចេញពី UNESCO ត្រូវបានមជ្ឈដ្ឋានអ្នកវិភាគ វាយតម្លៃថា ជាចំណែកមួយក្នុងផែនការនៃបាវចនា “America First” របស់ Donald. Trumpដែរ ក៏ដូចជាអំពីផ្នត់គំនិតដែលមានស្រាប់ ក្នុងទស្សនទានបុរេវិនិឆ្ឆ័យ ( prejudice ) របស់ Trump មានយូរមកហេីយ ចំពោះអង្គការមានចរិតពហុភាគីនេះ! ។ ជាការពិត UNESCO គឺជាស្ថាបន័មួយ ក្នុងចំណោមអង្គការអន្តរជាតិទាំងឡាយ ដែលសហរដ្ឋអាមេរិកបានសកម្មគាំទ្រ ក្នុងការបង្កើតឡើង អោយមានជារូបរាងចាប់តាំងពីសង្គ្រាមលោកលើកទី២ ចប់មកម្លេះ ! ។ ក៏ប៉ុន្តែ ដោយក្នងបុន្មាន​ឆ្នាំចុងក្រោយនេះ ចរន្តនៃនិន្នាការប្រឆាំងអ៊ីស្រាអែល (Anti- Israel) បានកើតមានឡើងនៅក្នុង​អង្គការនេះមានជា​ហូរហែរមក ទើបកើតទៅជាបញ្ហាគន្លឹក នៃអារិភាពមួយដ៏សំខាន់ ដែលត្រូវពួកPolicy-makers អាមេរិកយកចិត្តទុកដាក់ និងចាប់អារម្មរណ៏បំផុតនោះ! ។ ជារួម UNESCO តែងតែធ្វើការថ្កោលទោស មកលើសកម្មភាព​របស់អ៊ីស្រាអែល ដែលពួកយោធានិយមអ៊ីស្រាអែល តែងតែបានប្រព្រឹត្តិមកលើម្តុំខាងលិច និងភាគខាងកើតរបស់តំបន់ Jerusalem ។ ហើយទន្ទឹម ទៅនិងឧបទ្ទវហេតុនយោបាយមួយ ដែលបានកើតមានឡើងនៅដើមឆ្នាំនេះ គឺ UNESCO បានទទួលស្គាល់ទីក្រុងបុរាណ Hebron ថាជាតំបន់នៃកេរ្តិ៍មរតកពិភពលោករបស់ Palestine ដែលការទទួលស្គាល់នេះ ត្រូវមជ្ឈដ្នានអ៊ីស្រាអែល ប្រឆាំង ជំទាស់ជាដាច់ខាត ! ។

ហេតុដែលនាំអោយ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ក៏មានសកម្មភាពដូចអាមេរិកក្នុងអង្គការ UNESCO នេះ!

ក្នុងប៉ុន្មានឆ្នាំជាបន្តបន្ទាប់ មានសេចក្តីសម្រេចរបស់ UNESCO ជាច្រើនត្រូវបានទទួល រងការទិះទៀន និងប្រឆាំងជំទាស់ពីអាមេរិកនិងអ៊ីស្រាអែល ដែលការមិនឯកភាព ចុះសំរុងទាំងនេះ គឺជាបច្ច័យអវិជ្ជមាន ក្នុងការនាំអោយ សហរដ្នអាមេរិកមានប្រតិកម្មខ្លាំង រហូតដល់នៅឆ្នាំ២០១១ អាមេរិកបានសម្រេចកាត់ជំនួយ ឈប់បន្តជួយដល់អង្គការ UNESCO នេះ ដោយយកលេចប្រឆាំទៅនឹងការសម្រេចបញ្ចូល Palestine ជាសមាជិកផ្លូវការ របស់ UNESCO មក! ។

ហើយក្នុងឆ្នាំកន្លងទៅនេះ អ៊ីស្រាអែលក៏បានសម្រេចផ្អាកកិច្ចសហប្រតិបត្តិការជាមួយ UNESCO ដោយអង្គការនេះ​បានអនុម័តមកលើសេចក្តីសម្រេចមួយ ដែលការសំរេចនេះ ពោពេញទៅដោយភាពចម្រូងចម្រាស ព្រោះការអនុមត័ របស់ UNESCO ពុំបានពិនិត្យ អោយបានគ្រប់ជ្រុងជ្រោយ រវាងទិដ្នភាពប្រវតិ្តសាស្រ្តនិង ទំនាក់ទំនងរបស់ជន​ជាតិអ៊ីស្រា អែល ជាមួយនិងទីសក្ការៈដ៏ពិសិដ្ន និង សំខាន់នៅផ្តុំ Jerusalem ។ ហើយលើសពីនេះទៅទៀត ក្នុងសេចក្តីសម្រេចនេះ អង្គការ UNESCO ក៏បានធ្វើការទិះ ទៀន មកលើសកម្មភាព​មិនកប្បីទាំងឡាយរបស់​អ៊ីស្រាអែល នាម្តុំទីសក្ការៈ នៅ Jerusalem រួមទាំងការកាន់កាប់តំបន់ឆ្នេខាងលិច(West Bank) របស់ពួកអ៊ីស្រាអែល​ផង! ។

ក្រោយមក នៅដើមឆ្នាំ២០១៧ លោក Netanyahu ក៏បានធ្វើការវាយប្រហារយ៉ាងខ្លាំង មកលើ UNESCO ដោយចោទ​ប្រកាន់អង្គការនេះ បានប្រកាសទទួលស្គាល់ទីក្រុងបុរាណ Hebron ជាតំបន់ប្រវត្តិសាស្ត្រ ជាកេរ្តិ៍មរតរបស់ពិភពលោក ថាជារបស់ Palestine ដោយលោក Netanyahu បានចង្អុលបង្ហាញ និងប្រកាសថា UNESCO ធ្វើការសំរេចដោយពុំបាន ពិនិត្យ និងយកចិត្តទុកដាក់ ដល់ស្លាកស្នាមប្រវត្តិសាស្ត្ររបស់ ជនជាតិ Jews ទៅនិង ទីក្រុង Jerusalem មួយនេះសោះ​ឡើយ ! ។

កាលប្រវត្តិ ដែលពោពេញទៅដោយភាពស្មុគ្រស្មាញ របស់អង្គការ UNESCO ៖

ខែ ១១ ឆ្នាំ ១៩៤៥ អង្គការ UNESCO ត្រូវបានបង្កើតឡើងដោយរដ្ឋសមាជិកទាំង ៣៧ ក្រោយសង្គ្រាមលោកលើកទី២ ក្នុងគោលបំណង រួមចំណែកសន្តិភាព និងសន្តិសុខ ដោយឆ្លងតាមរយៈការជម្រុញ កិច្ចសហប្រត្តិបត្តិការ រវាងប្រទេស និងប្រទេស ក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ ។

នៅឆ្នាំ ១៩៧៤ សភាអាមេរិក បានផ្អាកជាបណ្តោះអាសន្ន ក្នុងការបង់វិភាគទានចូលមកអង្គការនេះ បន្ទាប់ពី UNESCO ធ្វើការទិះទៀនមកលេីអ៊ីស្រាអែល និងទទួលស្គាល់ អង្គការសេរីការ Palestine មក ។

នៅឆ្នាំ ១៩៨៤ ក្នុងសម័យកាល របស់ប្រធានាធិបតី Ronald Reagan សហរដ្ឋអាមេរិក បានប្រកាសដកខ្លួនចេញពី UNESCO ដោយភាគីអាមេរិកចោទប្រកាន់ UNESCO នេះ មានចរិតនយោបាយឆ្វេងនិយម និងខ្វះការទទួលខុសត្រូវ លើផ្នែកហិរញ្ញវត្ថុ ! ។

នៅឆ្នាំ ១៩៨៥ ចក្រភពអង់គ្លេស ក៏បានដកខ្លួនចេញពី UNESCO តែក្រោយមកបានចូលរួមមកវិញ បន្ទាប់ពីមានការ​ផ្លាស់ប្តូរអាណតិ្តរដ្ឋាភិបាល ក្រោយមក ។

នៅឆ្នាំ ២០០៣ សហរដ្ឋអាមេរិក បានវិលមកចូលរួមក្នុងអង្គការ UNESCO វិញ ក្រោមសម័យកាលដឹកនាំ របស់ប្រធានាធិបតី George W. Bush ។

នៅឆ្នាំ ២០១១ សហរដ្ឋអាមេរិក បានផ្អាកឈប់ផ្តល់ជំនួយ ដោយប្រឆាំងទំទាស់ទៅនិងសមាជិកភាព របស់ Palestine នៅអង្គការសហប្រជាជាតិ ។

ឆ្នាំ ២០១៧ សហរដ្ឋអាមេរិក ប្រកាសដកខ្លួនចេញទាំងស្រុងពី UNESCO បន្ទាប់មក ក្នុងនយោបាយដើរតាមអាមេរិក អ៊ីស្រាអែលក៏បានប្រកាសដកខ្លួនចេញពីអង្គការនេះផងដែរ ។

ការជួយថវិកាបានបំពេញអោយតួរនាទី យ៉ាងណា ក្នុងអង្គការនេះ!

ទន្ទឹម ទៅនិងការចោទប្រកាន់មកលើអង្គការ UNESCO មានគោលនយោបាយលំអៀងមក ក្រសួងការបរទេស​អាមេរិក ក៏បានអោយដឹងអំពីការបារម្ភចំពោះខ្ទង់ថវិកាដែលអាមេរិកនៅជំពាក់អង្គការនេះ ព្រមទាំងបានចង្អុលនិង​មានអនុសាសន៍អោយ UNESCO ចាំបាច់ត្រូវតែមានការកែទំរង់ ប្រព័ន្ធការងារឡើងវិញ ! ។ មូលហេតុចម្បងដែល​មានខ្ទង់ថវិកាបំណុលនេះ ដោយក្នុងរយៈពេល ៦ ឆ្នាំកន្លងមក អាមេរិកបានកាត់បន្ថយ​៨០លានដុល្លារអាមេរិក ដែលជាខ្ទង់ជំនួយរបស់អាមេរិកសម្រាប់ជួយអោយ UNESCO តែដោយមានការទទួលស្គាល់ Palestine ជាសមាជិក ទើបថវិការបស់អង្គការនេះ ត្រូវបានកាត់បន្ថយ ២២% ពីភាគីអាមេរិក ដោយឯកតោភាគី ។

តែបើយោងទៅតាមរបាយកាណ៍ខ្លះអោយដឹងថា មូលហេតុដែលអាមេរិកដកខ្លួនចេញពី UNESCO ក៏ជាចំណែកមួយ​ដែលក្រុង Washington មិនចង់ឃើញខ្ទង់បំណុលនេះចេះតែកើនឡើង ព្រោះបើគិតរហូតមកដល់ថ្ងៃនេះ សហរដ្ឋអាមេរិកនៅជំពាក់បំណុល UNESCO ប្រមាណជាង ៥០០លានដុល្លារអាមេរិក ដែលឥតបានទូទាត់នោះ!

ពាក់ព័ន្ធដល់បញ្ហាវិភាគទាននិងបំណុលនេះ ប្រធានាធិបតី Donald Trump ធ្លាប់បានអះអាង ដោយធ្វើ ការទិះទៀនថា សហរដ្ឋអាមេរិកបានចំណាយថវិកាច្រើន ដែលជាការវិភាគ ទានមកលើអង្គការអន្តរជាតិទាំងទ្បាយ ក្នុងតម្លៃប្រមាណ ២២% ជាថវិកាប្រចាំ សម្រាប់ អង្គការសហប្រជាជាតិ និង២៨% ទៀត សម្រាប់ការងារក្នុងសកម្មភាព រក្សាសន្តិភាព របស់សហប្រជាជាតិនោះ! ។

អំពីប្រតិកម្មរបស់អង្គការសហប្រជាជាតិ និងប្រទេសទាំងឡាយ ទាក់ទងដល់ការដកខ្លួននេះ !

លោកស្រី Irina Bokova ប្រមុខដឹកនាំរបស់ UNESCO បានមានប្រសាសន៍ថា ការឈប់ ជាសមាជិកភាព របស់អាមរិកនៅក្នុងអង្គការនេះ គឺជាការបាត់បង់មួយដ៏ធំ ក្នុង “គ្រួសារសហប្រជាជាតិ” និងសម្រាប់ការទំនាក់ ទំនងពហុភាគី និយាយជារួម ។ ក្នុងបញ្ហាដ៏រសើបនេះ លោកស្រី Irina Bokova ជាច្រើនដងបានជូនព័ត៌មានដល់ សភា អាមេរិកថា បញ្ហាសងបំណុលអោយ UNESCO ពុំមែនជាបញ្ហាមួយដ៏សំខាន់នោះទេ ! បញ្ហាដែលអាទិភាពនោះ គឺសូម Washington បន្តរក្សាសមាជិកភាពរបស់ខ្លួនដដែល នៅក្នុងអង្គការនេះ! ។

តែបើលោក Antonio Guterres អគ្គលេខាធិការសហប្រជាជាតិវិញបានសង្កត់ធ្ងន់ថា លោក មានការសោកស្តាយ យ៉ាងពន់ពេក ចំពោះការសម្រេចរបស់សហរដ្ឋអាមេរិក! ក៏ប៉ុន្តែអង្គការ សហប្រជាជាតិ នៅតែបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុង Washington អោយកាន់តែ មាន ប្រសិទ្ធផល និង ប្រសិទ្ធភាព ក្នុងវិស័យជាច្រើនផេ្សងទៀត ដោយឆ្លងតាមរយៈស្ថាប័ន កំពូល គឺអង្គការសហប្រជាជាតិនេះ! ៕

សំយោគព័ត៌មាន ដោយ ហើស សិរីធន អតីត ឯកអគ្គរាជទូត ប្រចាំនៅហ្វីលីពីន និងឡាវ…‌‌‌‌

Facebook Comments

To Top