ព័ត៌មានជាតិ

ជាង១០ឆ្នាំ ក្រោយការដួររលំរបប ប៉ុល ពត លោក ខៀវ កាញារីទ្ធិ សម្រាកលើអង្រឹង មិនហ៊ានសម្រាកលើគ្រែ ពេលចុះបេសកកម្មតាមខេត្ត ព្រោះតែ…!

ភ្នំពេញ៖ជាង១០ឆ្នាំ ក្រោយពីការដួលរលំនៃរបបអាវខ្មៅ ប៉ុល ពត លោក ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មិនហ៊ានសម្រាក នៅលើគ្រែក្នុងផ្ទះសំណាក់ ខណៈចុះបំពេញបេសកកម្មតាមខេត្ត ក៏ព្រោះតែខ្លាចជាប់ចៃសាច់ និងសង្កើចតោងជាប់។

តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធិ បានរំលឹករឿងរ៉ាវទាំងនោះ បន្ទាប់ពីបានទស្សនា ទូរទស្សន៍បារាំង TV 5 Monde, Asie ថា “ឃើញគេនិយាយពីខួបទី ១០០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ១ (១៩១៤ – ១៩១៨) ក៏នឹកឃើញកាលពី ១៩៧៣ មើលទស្សនាវដ្តី Paris-Match គេនិយាយពីសង្គ្រាមនេះ ហើយមានរូបថតមួយ ដែលគេនិយាយពីពួកទាហាន ពេលទំនេរអង្គុយក្នុងលេណដ្ឋាន រកចៃលើអាវ ក៏ចេះតែឆ្ងល់ថា ធម្មតាចៃវានៅលើក្បាលម៉េច បានទៅរកវាលើខោអាវទៅវិញ “?

លោក ខៀវ កាញារីទ្ធិ បានបន្តទៀតថា “ដល់ទៅប៉ុល ពត បានជួបពួកវាមែន ។ វាជាចៃដែលខ្មែរហៅថាចៃសាច់ ។ ចេញពីប៉ុល ពត រាប់ឆ្នាំចៃនៅតែមាន ។ ពេលទៅធ្វើការងារតាមខេត្ត គេមានផ្ទះសំណាក់រដ្ឋ តែខ្ញុំមិនដែលហ៊ានគេងលើគ្រែទេ តែហ៊ានគេង គឺជាច្បាស់ជាជាប់ចៃសាច់ និង សង្កើចមកតាមភ្លាម ។ ខ្ញុំគេងលើអង្រឹងរហូត ទាល់តែសម័យ៩០ ហើយទេ ទើបខ្ញុំទទួលទានលើគ្រែផ្ទះសំណាក់ “៕
ដោយ៖ស៊ាន កុសល

Facebook Comments

To Top