នយោបាយ

ក្នុងថ្ងៃទិវា បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០១៨នេះ តើអ្នកនយោបាយ កម្ពុជា អំពាវនាវ និងលើកពីបញ្ហាអ្វីខ្លះ?

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៨នេះ បានយាងជាព្រះរាជធិបតី ដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងទិវាបុណ្យឯករាជ្យជាតិ លើកទី៦៥ នៅមុខព្រះបរមរាជវាំង ។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជបន្ទូល ប្រកបដោយក្តីសោមនស្សរីករាយក្រៃលែង ក្នុងពេលយាងចូលរួមនៅក្នុង ទិវារំលឹកខួបឯករាជ្យជាតិទី៦៥ នៃបុណ្យឯករាជជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ។

ព្រះអង្គបានមានព្រះបន្ទូលថា “ពេលនេះគឺជាឱកាសដ៏មានតម្លៃបំផុត នៃមាតុភូមិយើង ដែលបានទទួលនូវឯករាជ្យបរិបូណ៌ និងសិទ្ធិសេរីភាព ដ៏ពិសិដ្ឋពីអាណា និគមបារាំងក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត”។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលអំពាវនាវ ឲ្យបងប្អូនជនរួមជាតិទាំងអស់ ចូលរួមថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដី និងធ្វើឲ្យប្រទេសជាតិ យើងកាន់តែអភិវឌ្ឍរីកចម្រើន ទៅមុខជាបន្តបន្ទាប់ទៀត ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅចំពោះព្រះភក្ត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជន បានប្រកាសការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី សមិទ្ធផលសង្គមជាតិ ដើម្បីលើកកម្ពស់កេត្យានុភាពជាតិ ទប់ស្កាត់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជាពីសំណាក់បរទេស និងប្រឆាំងដាច់ខាតរាល់សកម្មភាព ពាក់ព័ន្ធបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយ ដែលបង្កឲ្យមានអស្ថេរភាពនយោបាយ ឬចលាចលក្នុងសង្គម។

ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកស្រី NGUYEN THI KIM NGAN បានផ្ញើសារលិខិតជូនសម្តេច សាយ ឈុំ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នេះដោយមានខ្លឹមសារថា រដ្ឋសភា និងប្រជាជនវៀតណាម មានសេចក្តីសោមន្សរីករាយ ដោយបានឃើញនូវសមិទ្ធផល គួរឲ្យកត់សម្គាល់ ដែលប្រជាជន កម្ពុជា ទទួលបានក្នុងអំឡុងពេលកសាង និងអភិវឌ្ឍន៍ជាតិអស់រយៈពេល៦៥ឆ្នាំមកនេះ ជាពិសេស ជោគជ័យចំពោះការបោះឆ្នោត រដ្ឋសភាកម្ពុជាក្នុងអាណ្តិតទី៦កន្លងទៅថ្មីៗ “ខ្ញុំសូមជូនពរឲ្យប្រជាជនកម្ពុជាបន្តទទួលបាននូវសមិទ្ធផលធំៗបវន្ថែមទៀត ក្នុងបុព្វហេតុកសាងកម្ពុជាឲ្យក្លាយជាប្រទេសមួយប្រកបដោយសន្តិភាព ស្ថិរភាព និងមានតួរនាទីកាន់តែសំខាន់នៅក្នុងតំបន់ និងសកលលោក”។

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ក៏បានផ្ញើរសារបអរសាទរផងដែរ ក្នុងឝាសបុណ្យឯករាជ្យជាតិនេះ ដោយមានខ្លឹមសារថា “ខ្ញុំសូមចូលរួមអបអរ សាទរយ៉ាងកក់ក្ដៅបំផុត ជាមួយបងប្អូនជនរួមជាតិ ទាំងអស់ និងសូមថ្លែងអំណរគុណ ប្រកបដោយកតញ្ញូតាធម៌ យ៉ាងជ្រាលជ្រៅបំផុតជូន ចំពោះបុព្វបុរសខ្មែរ ដែលបានធ្វើពលិកម្ម លះបង់ និងតស៊ូ ដើម្បីទាមទារនូវឯករាជ្យជូនមាតុភូមិ”។ ការទាមទារ និងការថែរក្សាការពារឯករាជ្យជាតិពិតប្រាកដទៅបាន អាស្រ័យលើការរួបរួមជាតិ ហើយក៏មិន អាចមានឯករាជ្យជាតិពិតប្រាកដទេ បើខ្មែរគ្រប់រូបបែកបាក់គ្នា”។

ដោយឡែកលោក សម រង្ស៊ី ដែលជាអតីតមេបក្សប្រឆាំង ដែលកំពុងនិរន្ទេសខ្លួននៅក្រៅប្រទេសវិញ គឺមិនបានផ្ញើសារអបអរសាទរចំពោះបុណ្យឯករាជ្យជាតិ ៩វិច្ឆិកានេះ ទេ ប៉ុន្តែលោកបានរំលឹកព្រឹត្តិការណ៍ ដោយបានលើកឡើងថា “ថ្ងៃ ០៩ វិច្ឆិកានេះ ជាខួប ៦៥ ឆ្នាំ នៃឯករាជ្យប្រទេសកម្ពុជា ពីអាណានិគមនិយមបារាំង។ សូមរំលឹកថា ឯករាជ្យជាតិ ដែលប្រទេសយើងដណ្តើមបាន នៅថ្ងៃ ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ គឺជាស្នាព្រះហស្ថ របស់សម្តេច ព្រះនរោត្តម សីហនុ និងខ្មែរអ្នកស្នេហាជាតិមួយចំនួនទៀត ដែលបានតស៊ូជាមួយព្រះអង្គ”។

គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន (គបម) ក៏បានចូលរួមអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិថ្ងៃ៩ វិច្ឆិកា ដែលជាថ្ងៃប្រវត្ដិសាស្រ្ដ ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងប្រជាជាតិខ្មែរ ក្នុងការទទួលបានឯករាជ្យជាតិ និងបានជំរុញ លើកទឹកចិត្តឲ្យពលរដ្ឋខ្មែរ និង គ្រប់គណបក្សនយោបាយ ចូលរួមថែរក្សាការពារ ឯករាជ្យជាតិ និងលើកស្ទួយការសន្ទនាមតិ ការពង្រឹងលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងឱកាសនេះដែរក៏ បានសម្តែង ការអបអរសាទរខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ហើយលោកបានលើកឡើងថា ឯករាជ្យជាតិ និងសន្តិភាព កើតចេញពីការរួមកម្លាំងគ្នារវាងខ្មែរនិងខ្មែរ។

រដ្ឋបាលខេត្តកោះកុង ក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា បានសន្យា និងខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ ជាច្រើនដូចជាជួសជុលផ្លូវ ស្ថាបនាផ្លូវបេតុងនៅទូទាំងខេត្ត ជួសជុលបណ្តាញ ខ្សែភ្លើងក្នុងទីរួមខេត្ត ស្ថាបនាបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ដែលធ្វើអោយខេត្តកោះកុងមាន កំណើនសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអារហារដ្ឋានានា មានការរីកដុះដាលដើម្បីឆ្លើយតប និងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែល មកទស្សនាកំសាន្តផងដែរ។

ជាមួយគ្នានោះដែរ កងពលតូចដឹកជញ្ជូនលេខ៩៩ និងកងពលតូចថ្មើរជើងលេខ៧០ ក្នុងការឱកាសបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នេះដែរ ក៏បានប្តេជ្ញា ការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងគាំទ្រយ៉ាងម៉ឹងម៉ាត់ចំពោះគោលជំហររបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកដឹកនាំ និងប្រឆាំងដាច់ខាតមិនអោយមានការធ្វើបដិវត្តពណ៍ ផ្តួលរំលំរាជរដ្ឋាភិបាលនោះឡើយ។

ជាមួយគ្នានោះដែរ កងពលតូចទាំងពីរ បានត្រៀមខ្លួនជាស្រេចអនុវត្តដាច់ខាតនូវបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានទ័ពជើងគោក ៕

ដោយ៖ស៊ាន កុសល

Facebook Comments

To Top