ព័ត៌មានជាតិ

Hyundai និង Kia វិនិយោគ 250 លានដុល្លារបន្ថែម ទៀត​ក្នុង​ក្រុមហ៊ុន Grab

សេអ៊ូល៖​ សម្ព័ន្ធ​ក្រុមហ៊ុន Hyundai Motor Group និង​ក្រុមហ៊ុន Grab Holdings Inc. (Grab) ដែលជាកម្មវិធីផ្ដល់​ សេវាកម្មតាម​ប្រព័ន្ធ អនឡាញទៅ សេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅ​អាស៊ីអាគ្នេយ៍ បាន​ប្រកាស​នៅថ្ងៃនេះ អំពី​កិច្ច​ព្រមព្រៀ​ង​មួយ ដែល​ក្នុងនោះ ក្រុមហ៊ុន Hyundai Motor Company (“Hyundai”) និង​ក្រុមហ៊ុន Kia Motors Corporation (“Kia”) នឹង​វិនិយោគ​ទឹក​ប្រាក់ 250 លានដុល្លារ​បន្ថែមទៀត​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ Grab និង​បង្កើត​ភាពជាដៃគូ​ដើម្បី​អនុវត្ត​សាក​ល្បង​នូវ​កម្មវិធី​យានយន្ត​អគ្គិសនី​នៅទូទាំង​តំបន់អាស៊ីអាគ្នេយ៍។

ក្រោម​ភាពជាដៃគូផ្នែក​យានយន្ត​អគ្គិសនី ក្រុមហ៊ុន Grab និង​បុត្រ​សម្ព័ន្ធ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Hyundai Motor Group នឹង​គៀង​គរ​ភាគីពាក់ព័ន្ធ​នៅ​ក្នុង​ឧស្សាហកម្ម​យានយន្ត​អគ្គិសនី មក​សហការ​គ្នា​លើ​វិធានការ​ផ្សេងៗ ដើម្បី​លើក​កម្ពស់​ការ​ប្រើប្រាស់ និង​ការ​យល់ដឹងអំពីយានយន្តអគ្គិសនីនៅក្នុង​តំបន់អាស៊ី​អាគ្នេយ៍។

លោកបណ្ឌិត Youngcho Chi ដែលជា​នាយក​ផ្នែកនវានុវត្តន៍​ និង​ជា​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ & បច្ចេក​វិទ្យារបស់​​សម្ព័ន្ធ​ក្រុមហ៊ុន Hyundai Motor Group មាន​លើកឡើងថា៖ “ក្នុងនាមជាតំបន់​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​អ្នក​ប្រើ​ប្រាស់​ដែល​មាន​ចំនួន​កើនឡើង​លឿនជាងគេ​បំផុត​ក្នុងពិភពលោក តំបន់អាស៊ីអាគ្នេយ៍ គឺជា​ទីផ្សារ​ដ៏ធំដែល​កំពុង​មានសន្ទុះឡើង​សម្រាប់​យានយន្ត​អគ្គិសនី” ។

លោក​បានបន្តថា​ “តាមរយៈការ​ឈរ​ជើង​យ៉ាង​រឹង​មាំ​នៅ​ក្នុង​តំបន់ទាំងមូល ព្រមជាមួយ​នឹង​ការ​ពង្រីក​ឥតឈប់ឈរ​នូវ​មូលដ្ឋាន​អតិថិថិជន និង​ពាណិជ្ជករ​​របស់ខ្លួន ក្រុមហ៊ុន Grab គឺជា​ដៃគូ​ដ៏មានតម្លៃ​ ដែល​នឹង​ជួយ​ពន្លឿន​ដល់​ការ​ប្រើប្រាស់​យានយន្តអគ្គិសនី​នៅ​ក្នុង​តំបន់អាស៊ីអាគ្នេយ៍”។

ជាដំបូង​ ក្រុមហ៊ុន Grab, Hyundai និង Kia នឹង​ដាក់​ចេញ​ជា​បន្ត​បន្ទាប់​នូវ​គម្រោង​សាក​ល្បង​សម្រាប់យានយន្តអគ្គិសនី​​​នៅ​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដោយ​ចាប់ផ្ដើម​ដំបូង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី នៅឆ្នាំ 2019​ គម្រោង​សាក​ល្បង​ទាំងនេះ​​នឹង​ផ្ដោត​លើ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​ ដើម្បី​បង្កើន​​ប្រសិទ្ធភាព​នៃការ​ចំណាយ​សម្រាប់​ដៃគូអ្នក​បើកបរ​​របស់ Grab។

លោក Ming Maa ប្រធាន​ក្រុមហ៊ុន Grab បាន​លើកឡើងថា “ក្នុង​នាមជា​ក្រុមហ៊ុន​គ្រប់គ្រង​លើ​យានយន្ត​អគ្គិសនី​ច្រើនជាង​គេ​បំផុត​នៅសិង្ហបុរី យើង​មាន​ក្ដីរំភើប​រីករាយ​​​​ក្នុងការ​កសាង​ភាពជាដៃគូជាមួយ​នឹង​សម្ព័ន្ធក្រុមហ៊ុន Hyundai Motor Group ដើម្បីជំរុញការ​ប្រើប្រាស់យានយន្ត​អគ្គិសនី​ទូទាំង​តំបន់អាស៊ី​អាគ្នេយ៍ ក្រុមហ៊ុន​យើងទាំង​ពីរ​មាន​ចក្ខុវិស័យ​រួមគ្នា​ជុំវិញ​ការធ្វើអគ្គិសនីកម្ម​​លើ​មធ្យោបាយ​ធ្វើដំណើរ​ ឲ្យ​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​មួយ​សម្រាប់​ការ​​អភិវឌ្ឍ​ការដឹកជញ្ជូន​ឲ្យ​មាន​និរន្តរភាព​ផ្នែកបរិស្ថាន និង​ចំណាយតិច”។

ក្រុមហ៊ុនទាំង​បី​ក៏នឹង​រិះរក​វិធីកែច្នៃ​យានយន្ត​អគ្គិសនី​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​យានយន្តនេះ​សម្រាប់​កម្មវិធីផ្ដល់សេវាធ្វើដំណើរ
ការ​វិនិយោគបន្ថែម​នេះ​ គឺផ្អែក​លើ​ភាព​ជាដៃគូយុទ្ធសាស្ត្រ​ដែលមានស្រាប់​រវាង Grab និង Hyundai ហើយ​ទុន​វិនិយោគនេះ​នឹងជួយ​បង្កើន​​មូលនិធិទុន​វិនិយោគ​​របស់ Grab ដល់ 2.7 ពាន់​លានដុល្លារ​នាពេល​បច្ចុប្បន្ន​​ នៅពេលនេះ Grab កំពុង​តែ​ឆ្ពោះ​ទៅរក​ការ​គៀង​គរ​ទុន​ឲ្យ​បានជាង 3 ពាន់​លានដុល្លារ​​នៅដំណាច់​ឆ្នាំនេះ។

ក្រុមហ៊ុន Hyundai បាន​វិនិយោគ​មក​លើ​ក្រុមហ៊ុន Grab ដំបូង​នៅខែមករា ហើយ​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ចាប់ផ្ដើម​ស្វែង​រក​កិច្ច​សហការ​លើ​វិស័យ​យានយន្តអគ្គិសនី​ គំនិត​ផ្ដួ​ច​ផ្ដើម​​របស់ Grab លើកនេះ​ ដែល​បានពង្រីក​កិច្ច​សហប្រតិបត្តិការ​របស់ខ្លួនជាមួយ​នឹង​សម្ព័ន្ធ​ក្រុមហ៊ុន​រថយន្ត​របស់កូរ៉េ​នេះ។

Grab គឺជា​កម្មវិធីផ្ដល់​សេវាកម្មតាម​ប្រព័ន្ធអនឡាញទៅ សេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅ​អាស៊ីអាគ្នេយ៍ ដោយផ្ដល់​នូវ​សេវា​ក្នុង​ការ​រស់នៅប្រចាំថ្ងៃ ដែល​សំខាន់​បំផុត​សម្រាប់អ្នក​ប្រើប្រាស់ សព្វ​ថ្ងៃ កម្មវិធី Grab ត្រូវបានទាញ​យក​ទៅដំឡើង​លើ​ឧបករណ៍ចល័ត​ចំនួនជាង ១២៥លានគ្រឿង ដែល​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់មានលទ្ធភាព​ជួប អ្នក​បើក​បរ ពាណិជ្ជករ និង​ភ្នាក់ងារ​ជាង ៨លាន​នាក់​ និងក្រុមហ៊ុន Grab មាន​យានយន្ត​ដឹកជញ្ជូន​តាមផ្លូវគោក​ច្រើនជាងគេ​បំផុត​​នៅក្នុង​តំបន់ ហើយ​បាន​ដឹកជញ្ជូនចំនួន 2.5 ពាន់​លាន​ដង​មកហើយ ចាប់តាំងពី​ក្រុមហ៊ុន​បង្កើតឡើងនៅឆ្នាំ២០១២​ បន្ថែម​លើ​សេវា​ដឹកជញ្ជូន​ម្ហូបអាហារ និង​កញ្ចប់ទំនិញ Grab ផ្ដល់​សេវា​ដឹកជញ្ជូនតាម​តម្រូវការ​​​យ៉ា​ងទូលំទូលាយ​នៅក្នុង​តំបន់ ក្នុងទីក្រុង​ចំនួន ២៣៥នៃ​ប្រទេស​ចំនួន៨៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top