ព័ត៌មានជាតិ

អ្នកស្រី រ៉ូណា ស្មីតថា មានគេរារាំង មិនឲ្យចូលជួបលោក កឹម សុខា ខណៈអ្នកស្រីមានសិទ្ធិ

ភ្នំពេញ៖អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា របស់អង្គការសហប្រជាជាតិ (UN) អ្នកស្រី រ៉ូណា ស្មីត បានថ្លែងបញ្ជាក់ថា អ្នកស្រីនៅតែគ្មានវាសនា បានចូលជួបលោក កឹម សុខាដដែល ខណៈដំណើរទស្សនកិច្ចអ្នកស្រីលើកនេះ មានគោលបំណងចម្បង មកជួបអតីតមេបក្សប្រឆាំងរូបនេះ ប៉ុន្តែមានអ្នករារាំងអ្នកស្រី មិនឲ្យចូលជួបទៅវិញ។

អ្នកស្រីបានអះអាង ក្នុងសន្និសីទបញ្ចប់ដំណើរទស្សនកិច្ច នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ថា អ្នកស្រីមានសិទ្ធិពេញលេញ ក្នុងការចូលជួបលោក កឹម សុខា ក្នុងនាមជាអ្នកជំនាញឯករាជ្យមួយរួប ដែលតែងតាំង ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ។

អ្នកស្រីបានថ្លែងបន្តថា “ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវបានបដិសេធម្ដងទៀត ក្នុងការចូលជួបជន ដែលត្រូវដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួន ជាពិសេសនៅក្នុងឱកាសនេះ គឺឯកឧត្តម កឹម សុខា ដែលបច្ចុប្បន្នគាត់ កំពុងស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ” ។

អ្នករាយការណ៍របស់ UN លើកឡើងទៀតថា ក្នុងនាមជាអ្នកជំនាញឯករាជ្យមួយរួប ដែលតែងតាំង ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ គួរតែត្រូវបានអនុញ្ញាត ឲ្យចូលជួបជាលក្ខណៈឯកជន ជាមួយជនទាំងឡាយ ដែលត្រូវដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួន។

អ្នកស្រីបញ្ជាក់ថា “ខ្ញុំត្រូវមានសិទ្ធិ នៅក្នុងការចូលទៅកន្លែង ដែលមានការឃុំឃាំងទាំងអស់ គឺគ្រប់បុគ្គល ដែលស្ថិតនៅក្រោមការឃុំឃាំង។ ខ្ញុំបានស្នើសុំជួបលោក កឹម សុខា តាមរយៈគោលការណ៍ណែនាំ ក្នុងនាមជាអាណត្តិរបស់ខ្ញុំ ប៉ុន្តែចៅក្រមគាត់បានបដិសេធ នូវសំណូមពររបស់ខ្ញុំ ។ ជាហេតុដែលខ្ញុំមិនអាចជួបគាត់បាន”។

ក្នុងឱកាសនោះដែរ អ្នករាយការណ៍ពិសេស អង្គសហប្រជាជាតិ ក៏បានអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា និងជំរុញឲ្យបញ្ចប់ការស៊ើបអង្កេត និងទម្លាក់ចោលបទចោទប្រកាន់ មកលើលោក កឹម សុខាផងដែរ។

ជាមួយគ្នានេះ អ្នកស្រីបានអះអាងថា ខ្លួនបានកត់សម្គាល់ អំពីការលើកលែងទោស ដោយព្រះមហាក្សត្រដល់ទណ្ឌិតមួយចំនួន រួមទាំងសមាជិកគណបក្សប្រឆាំង ហើយអ្នកស្រីនៅតែមានការព្រួយបារម្ភ ចំពោះការកាត់ទោសព្យួរ ករណីអ្នកស្រី ទេព វន្នី និងករណីរបស់បុគ្គលិកអង្គការអាដហុក។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាព ជាមួយបរទេសតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ។ បទសន្ធិដ្ឋិភាពជាមួយបរទេស ជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ ជាមួយ រដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង នឹងព្រះរាជាណាចក្រកម្ពុជា ។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារ ពី១៥ឆ្នាំដល់៣០ឆ្នាំ។ លោក កឹម សុខា ត្រូវបានតុលាការដោះលែង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ។

តំណាងឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានអះអាងថា សំណើរបស់អ្នកស្រី រ៉ូណា ស្មីត ដើម្បីសុំជួបលោក កឹម សុខា ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា តែត្រូវបានបដិសេធ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា មិនដែលធ្លាប់ទទួលបានសំណើណាមួយ ពីខាងអ្នកស្រី ដើម្បីសុំជួបមេដឹកនាំ គណបក្សប្រឆាំងនេះឡើយ។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា លោក កឹម សុខា មិនស្ថិតនៅក្រោមអាណត្តិ ឬការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលឡើយ តែលោកស្ថិត ក្រោមអាណត្តិនៃការគ្រប់គ្រង របស់តុលាការពីព្រោះលោក កឹម សុខា ជាជនសង្ស័យ។

រាយការណ៍ពិសេស អង្គការសហប្រជាជាតិ បានកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ក្នុងអំឡុងពេលទស្សនកិច្ច រយៈពេល១១ថ្ងៃ អ្នកជំនាញរូបនេះ បានជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងទូតនានា៕ ដោយ៖ធី លីថូ

Facebook Comments

To Top