ព័ត៌មានជាតិ

អ្នករាយការណ៍UN ៖ ពលរដ្ឋរស់នៅលើទឹកដូរមក នៅលើគោកនៅកំពង់ឆ្នាំង ពុំមានឯកសារគ្រប់គ្រាន់

ភ្នំពេញ៖ បន្ទាប់ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង មានគម្រោងផ្លាស់ប្ដូរទីតាំងថ្មី ពលរដ្ឋជាង១ម៉ឺននាក់ដែលកំពុងរស់នៅលើទឹក ឲ្យទៅរស់នៅតំបន់ដីគោកជាអចិន្ត្រៃយ៍នោះ អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានឲ្យដឹងថា ពួកគេពុំមានឯកសារបញ្ជាក់អត្តសញ្ញាណ គ្រប់គ្រាន់ដើម្បីបាន ទទួលសេវាសាធារណៈផ្សេងៗនោះទេ។

នាពេលថ្មីៗនេះ អ្នកស្រី បានធ្វើដំណើរទៅខេត្តកំពង់ឆ្នាំង ដើម្បីអង្កេតទាក់ទងទៅនឹងផែនការរបស់អាជ្ញាធរខេត្ត ដើម្បីផ្លាស់ទីតាំងពលរដ្ឋជា១ម៉ឺននាក់ កំពុងរស់នៅក្នុងភូមិអណ្ដែតទឹក ឲ្យទៅរស់នៅតំបន់ដីគោកជាអចិន្ត្រៃយ៍។

អ្នកស្រី រ៉ូណា ស្មីត បានថ្លែងក្នុងសន្និសីទសារព័ត៌មានបញ្ចប់ដំណើរទស្សនកិច្ច នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ថា ជាការពិតគោលនយោបាយផ្លាស់ប្តូរពលរដ្ឋរស់នៅក្នុងទឹកមក នៅលើគោកជាអចិន្រ្តៃយ៍ ត្រូវធ្វើឲ្យប្រសើរឡើងតាមគោលដៅ អភិវឌ្ឍន៍ទី៦។

អ្នកស្រីបន្តថា អាជ្ញាធរខេត្តក៏បានទទួលស្គាល់នូវតម្រូវការដើម្បីធានាទីតាំងថ្មី នឹងមិនធ្វើឲ្យពលរដ្ឋមានសភាពយ៉ាប់យ៉ឺន ដូច្នេះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ។

អ្នកស្រីមានប្រសាសន៍ថា “អាជ្ញាធរខេត្តទទួលស្គាល់ផងដែរនូវតម្រូវការ ដើម្បីធានាថាផែនការតាំងទីលំនៅថ្មីនេះ នឹងមិនធ្វើឲ្យប្រជាជនកាន់តែមានសភាព កាន់តែយ៉ាប់យ៉ឺននោះទេ ដែលអាចជាការអនុវត្តផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋា ភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ គោលដៅអភិវឌ្ឍន៍ទី១ បញ្ចប់ភាពក្រីក្រ”។

ជាមួយគ្នានេះដែរ អ្នកស្រីបន្ថែមថា “ពលរដ្ឋរងផលប៉ះពាល់ខ្លះ ស្ថិតក្នុងចំណោមអ្នកក្រីក្របំផុត នៅក្នុងតំបន់ទាំងនោះ ភាគច្រើនពួកគេមិនមានឯកសារសម្គាល់អត្តសញ្ញាណ ដែលអនុញ្ញាតឲ្យពួកគេទទួលបានសេវា និងសិទ្ធិជាមូលដ្ឋានសមស្របនានា។

អ្នកស្រី រ៉ូណា ស្មីត យល់ឃើញថា តំបន់មួយចំនួននៅក្នុងខេត្តកំពងឆ្នាំងមានវឌ្ឍនភាពល្អ ឆ្ពោះទៅរកការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធ សមស្របសម្រាប់អ្នកដែលរស់នៅលើដីនោះ រួមមាន៖ ផ្លូវថ្នល់ ទីតាំងអចិន្ត្រៃយ៍សម្រាប់សង់ផ្សារ លទ្ធិភាពប្រកបរបរផ្សេងៗ អគ្គិសនី និងទឹកស្អាត ។

ឆ្លៀតឱកាសនោះដែរ អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏បានអំពាវនាវទៅដល់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធមួយចំនួនទៀត ត្រូវកែលម្អមធ្យោបាយ ទាំងឡាយ ដើម្បីដោះស្រាយបញ្ហាសិទ្ធិដីធ្លី ដ៏ស្មុគស្មាញតាមរយៈអភិក្រមគ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាព និងត្រឹមត្រូវ ដើម្បីដោះស្រាយវិវាទដីធ្លី ៕

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top