ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ ធបណ្ឌិត ប៊ុន រ៉ានីផ្តល់ថវិកា ១ម៉ឺនដុល្លារឲ្យកុមារ ស៊ាប ឈៀងហេងអ្នកប្រាជ្ញវ័យក្មេង

ភ្នំពេញ៖ ដោយសារឃើញ សមត្ថភាពដ៏ប៉ិនប្រសប់ របស់កុមារ ស៊ាប ឈៀងហេង ដែលបានទទួលរហស្សនាមថា អ្នកប្រាជ្ញវ័យក្មេង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សម្រេចផ្តល់ជាថវិកាចំនួន១ម៉ឺន ដុល្លារឲ្យនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីលើកទឹកចិត្តនិងឲ្យកុមាររូបនេះ បានយកថវិកា ទៅសិក្សានាថ្ងៃអនាគត ទោះបីជារូបគេមិនបានជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងការប្រឡងកម្មវិធី Cambodia’s Got Talent Season 2 ក៏ដោយ។

កុមារារូបនេះ មានអាយុ ១២ឆ្នាំ ប៉ុន្តែមានសមត្ថភាព ទេពកោសល្យ ផ្នែកអក្សរសាស្ត្រខ្មែរ និងចេះសុភាសិតខ្មែររហូតដល់ជាង ២,៦៣០សុភាសិត ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក ពលរដ្ឋនៅទូទាំងប្រទេស រហូតបានទទួលរហស្សនាមថា អ្នកប្រាជ្ញវ័យក្មេង របស់កម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាលនិងផ្តល់ថវិកា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំសួរសុខទុក្ខ និងកោតស្ញប់ស្ញែងដល់កុមារា ស៊ាប ឈៀងហេង ដែលមានចំណេះដឹង ថែមទាំងទេពកោសល្យកម្ររកបាន។

លោកស្រីបានផ្តាំផ្ញើដល់កុមារា ឈៀងហេង ដែលជាសិស្សពូកែលេខ១ ក្នុងថ្នាក់ ឲ្យខិតខំប្រឹងប្រែងបន្ត ដើម្បីទទួលបាននិទ្ទេស A ពេលប្រឡងមធ្យមសិក្សា ទុតិយភូមិ ហើយត្រូវដុះខាត់ សមត្ថភាពដែលមានស្រាប់ ឲ្យកាន់តែពូកែ ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់នៃប្រទេសជាតិ ដែលពោរពេញដោយ សន្តិភាពនិងអភិវឌ្ឍន ភាពនេះ៕

Facebook Comments

To Top