ព័ត៌មានជាតិ

សម្ដេចតេជោ៖ត្រូវឃ្លាំមើល ហ៊ុន ជា ប្រយ័ត្នចេញពីគុក

ភ្នំពេញ ៖ បន្ទាប់ពីតុលាការបាន សម្រេចផ្ដន្ទាទោសលោក ហ៊ុន ជា ដែលត្រូវជាក្មួយប្រុស បង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន ដាក់ពន្ធនាគាររយៈពេល១៨ខែ ក្នុងនាមជានាយករដ្ឋមន្រ្តី និងជាឪពុកមា សម្ដេចតេជោ បានបញ្ជាទៅដល់អ្នកពាក់ព័ន្ធ ទាំងអស់ត្រូវឃ្លាំមើល ប្រយ័ត្នចេញពីពន្ធនាគារ មុនការកំណត់នៃច្បាប់។

លោក ហ៊ុន ជា ត្រូវបានចៅក្រុមសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជំរះ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ដោយសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ចំនួន២បទល្មើស រួមមាន ,ទី១-គំរាមកំហែងនឹងសម្លាប់ និងទី២-ធ្វើឲ្យខូចខាតដោយចេតនា។

សម្តេចតេជោ ហ៊ុន សែន ក្នុងជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ បានផ្តាំផ្ញើឲ្យអ្នកជាប់ពាក់ព័ន្ធត្រូវចូលរួមតាមដានករណី ហ៊ុន ជា។

សម្តេចតេជោមានប្រសាសន៍ថា “ក្មួយៗរបស់ខ្ញុំមានតិចណាស់ ដែលធ្វើការងារ នៅក្នុងរាជការហ្នឹង អាមួយកំពុងជាប់គុកនៅព្រៃស ប៉ុន្ដែមើលៗផងតិច អាជា (ហ៊ុន ជា) រួចចេញពីគុកវិញ ។ រឿងអីទៅបាញ់ ច្បាប់មិនអនុញ្ញាតទេ ក្មួយបង្កើតយើងបានហាមឃាត់តើ អារឿងបញ្ហាបាញ់”។

សម្ដេចអះអាងថា សូម្បីតែកូនរបស់សម្ដេចក៏ត្រូវ ដាក់ទោសដែរ ប្រសិនបើប្រព្រឹត្តិខុសទៅនឹងផ្លូវច្បាប់។ សម្ដេចបញ្ជាក់ថា សម្ដេចសុខចិត្តយកបាយទៅឲ្យរាល់ថ្ងៃ ដើម្បីឲ្យកែប្រែខ្លួន។

សូមរំលឹកថា លោក ហ៊ុន ជា ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ២ ឧសភា បន្ទាប់ពីត្រូវបាននគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃកោះហៅ ដើម្បីសាកសួរជុំវិញករណីផ្ទុះអាវុធជិត១០គ្រាប់ កាលពីថ្ងៃ១ ឧសភា នៅចំណុចផ្ទះលេខ១១ បើកអាជីវកម្មវេលុយយីហោ True Money បណ្ដោយផ្លូវលេខ១០៨ កែងផ្លូវលេខ៥១ ស្ថិតក្នុងភូមិ១១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។ ករណីផ្ទុះអាវុធជាច្រើនគ្រាប់នេះ ផ្ដើមចេញពីជម្លោះក្នុងគ្រួសារ ដែលធ្វើឲ្យលោក ហ៊ុន ជា ទប់កំហឹងមិនបានទើបបើកការបាញ់ឡើងលើជាច្រើនគ្រាប់តែម្ដង៕ ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top